ថ្មីៗនេះមហាជនជាច្រើនបានបង្ហោះសារនឹករលឹកទៅកាន់អ្នកបង្កើតមាតិកាឆ្នើម «កន្និដ្ឋា» បន្ទាប់ពីនាងលែងបង្ហោះវីដេអូចំណេះដឹងនៅលើបណ្តាញសង្គមអស់មួយរយៈធំ។
អ្នកស្រី កន្និដ្ឋា ដែលមាន Facebook Page ឈ្មោះ The Kanitha Show គឺជាអ្នកបង្កើតមាតិកាដ៏ល្បីល្បាញមួយរូបរបស់កម្ពុជាយើង ដែលនាងតែងតែចែករំលែកវីដេអូល្អៗជាច្រើនដល់យុវជនខ្មែរ ទាក់ទងនឹងសង្គម ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ យុទ្ធសាស្ត្រទីផ្សារភាគហ៊ុន នយោបាយ និងចំណេះដឹងផ្សេងៗ ក្នុងគោលបំណងការពារពលរដ្ឋខ្មែរកុំឱ្យចាញ់បោកគេជាដើម។
អ្នកស្រីកន្និដ្ឋាដែលជាជនខ្មែរ រស់នៅសហរដ្ឋអាមេរិក គឺមានប្រជាប្រិយភាពខ្លាំងណាស់នៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ ដោយសារអ្នកនាងជាមនុស្សវៃឆ្លាត តែងតែចែករំលែកព័ត៌មានច្បាស់ៗដល់សង្គមជាតិយើង ធ្វើឱ្យពលរដ្ឋខ្មែរមានការយល់ដឹងកាន់តែច្រើន ហើយអ្នកនាងក៏ជាធនធានមនុស្សដ៏កម្រមួយដែលមិនអាចខ្វះបានផងដែរ។ បន្ទាប់ពីអ្នកនាងលែងបង្ហាញខ្លួននៅលើបណ្តាញសង្គមអស់មួយរយៈធំ មហាជនជាច្រើនបានបង្ហោះសារនឹករលឹកដល់អ្នកផលិតមាតិការូបនេះជាខ្លាំង។
ជាក់ស្តែងដូច Kaka KH Australia និងលោក Uriah Lyford ដែលទាំងពីរសុទ្ធតែជាអ្នកបង្កើតមាតិការល្បីៗ ក៏បានបង្ហោះវីដេអូ រួមទាំងរូបភាពនឹករលឹកទៅកាន់អ្នកស្រីកន្និដ្ឋាផងដែរ។ ក្នុងនោះមហាជនជាច្រើនបានបញ្ចេញមតិថា “នឹកបងស្រីកន្និដ្ឋាណាស់ សង្ឃឹមថាគាត់នឹងត្រលប់មកដូចជាកន្និថាពីមុនឆាប់ៗនេះទៅចុះ” អ្នកខ្លះទៀតក៏ថា “ខ្ញុំចូលចិត្តគាត់និយាយ គាត់វែកញែកច្បាស់ជាងមេធាវីទៀត បេីអោយគាត់កាន់ច្បាប់នៅខ្មែរ មិនដឹងជាល្អយ៉ាងណាទេ” រួមទាំងមានមតិនឹករលឹកជាច្រើនទៀត ដែលទាំងនេះសុទ្ធតែជាមតិនឹករលឹកពីមហាជនទៅកាន់ The Kanitha Show។
គួរបញ្ជាក់ដែរថា អ្នកស្រីកន្និដ្ឋាកើតនៅរាជធានីភ្នំពេញ ជាមួយគ្រួសារកម្រិតមធ្យម និងធំធាត់នៅខេត្តព្រះសីហនុ។ នៅវ័យ ២០ ឆ្នាំអ្នកស្រីបានរៀបការ ហើយក៏បានទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី។ នៅអំឡុងឆ្នាំ២០២០ នាសម័យកូវីត អ្នកនាងកន្និដ្ឋាគឺមានពេលទំនេរច្រើន ក៏បានបង្កើតមាតិកាអប់រំ លើកទឹកចិត្តឱ្យមានការតស៊ូ និងអត់ធ្មត់ដើម្បីទទួលបានភាពជោគជ័យក្នុងឆាកជីវិត។ ដូច្នេះរាល់ការបង្ហោះវីដេអូនីមួយៗរបស់អ្នកស្រី គឺមានការគាំទ្រច្រើនពីសំណាកមហាជន ធ្វើឱ្យអ្នកបង្កើតមាតិការូបនេះល្បីល្បាញខ្លាំងរហូតមកដល់បច្ចុប្បន្ន៕










