គ្រាន់តែតារារ៉េបជប៉ុន Awich បង្ហាញ MV Teaser បទថ្មីមានការសហការពីតារារ៉េប៥នាក់មកពី៥ប្រទេសផ្សេងគ្នាបានធ្វើឱ្យអ្នកគាំទ្រមានការរំភើបចិត្តជាខ្លាំងព្រោះតែតារារ៉េបជួរមុខប្រចាំប្រទេសកម្ពុជា វណ្ណដា គឺបានថតបង្ហាញសម្បត្តិបេតិកភណ្ឌនៃប្រាសាទខ្មែរទៅកាន់ពិភពលោកតាមរយៈស្នាដៃថ្មីមួយនេះ។ 
នៅយប់ថ្ងៃទី២៥ តារារ៉េប Awich បានទម្លាក់ MV Teaser «ASIAN STATE OF MIND» នៃការសហការលើកទី១នៃតារាចម្រៀងរ៉េបជួរមុខទាំង៥ប្រទេសរួមគ្នាគឺប្រទេសជប៉ុន ខ្មែរ កូរ៉េខាងត្បូង ចិន និងឥណ្ឌា។ ដ្បិតតែខ្លីមិនទាន់បានឮសូរសព្ទនៃបទចម្រៀងនេះក្តីប៉ុន្តែអ្នកគាំទ្រពីតារាចម្រៀងទាំង៥រូបគឺបានបង្ហាញអារម្មណ៍រំភើបចិត្តបាត់ទៅហើយ។ ងាកមកខាងអ្នកគាំទ្រកម្ពុជាវិញក៏មិនខុសគ្នាប៉ុន្មានពីអ្នកគាំទ្រតារារ៉េប៤រូបផ្សេងទៀតឡើយ។
កាលពីកន្លងមកនេះអ្នកគាំទ្រមានការសង្ស័យដែរថាការថតរបស់ វណ្ណដា នៅលើទឹកដីសៀមរាបបង្ហាញពីសម្បត្តិបេតិកភណ្ឌនៃប្រាសាទខ្មែរបង្ហាញទៅកាន់ជាតិនិងអន្តរជាតិតាមការសហការជាមួយ Awich ម្តងទៀត ប៉ុន្តែការសង្ស័យក៏ត្រូវបានទម្លាយការពិតហើយកាន់តែពិសេសជាងនេះគឺការថតនោះគឺបង្ហាញនៅក្នុងការសហការ៥ប្រទេសរួមគ្នាតែម្តង។ 
Teaser «ASIAN STATE OF MIND» គឺបានបង្ហាញពីតារាចម្រៀង វណ្ណដា ក្រោយគេដែលធ្វើឱ្យទស្សនិកជនព្រឺសម្បុរយ៉ាងខ្លាំង។ រូបភាពតែបន្តិចនេះពិតជាធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់ជាខ្លាំង។ ទស្សនិកជនបានបង្ហាញអារម្មណ៍មានមោទនភាពចំពោះតារារ៉េប វណ្ណដា យ៉ាងខ្លាំងព្រោះបានលើកស្ទួយមុខមាត់ប្រទេសកម្ពុជាតាមរយៈវិស័យតន្រ្តីរបស់គេទៅកាន់ទីផ្សារអន្តរជាតិធ្វើឱ្យមានការទទួលស្គាល់កាន់តែទូលំទូលាយ។

ការបង្ហាញសម្បត្តិបេតិកភណ្ឌនៃប្រាង្គប្រាសាទមានអាយុកាលរាប់រយឆ្នាំនេះនឹងជំរុញបន្ថែមទៀតព្រោះនេះជាការសហការ៥ប្រទេស ពីតារាចម្រៀងរ៉េបល្បីៗជាពិសេសគឺតារាកូរ៉េ J Park តែម្តង។ឃើញបែបនេះហើយអ្នកគាំទ្រជាច្រើនកំពុងទន្ទឹមរង់ចាំបទពេញដែលនឹងទម្លាក់ឆាប់ៗនេះ។
គួរបញ្ជាក់ផងដែរថា វណ្ណដា ជាតារារ៉េបប្រចាំប្រទេសកម្ពុជាតែម្នាក់គត់ដែលមានការសហការជាមួយតារាបរទេសបានច្រើនជាងគេ មានទាំងវៀតណាម ថៃ ជប៉ុន ខណៈស្នាដៃថ្មីនេះជាមួយប្រទេសកូរ៉េខាងត្បូង ចិន និងឥណ្ឌា៕










