មនុស្សនឹងគិតថា សត្វឃ្មុំមានរូបរាងដូចៗគ្នាទាំងអស់ ប៉ុន្តែសម្រាប់ឃ្មុំវិញអាចចងចាំផ្ទៃមុខមនុស្ស ហើយវានឹងបែងចែកភាពខុសប្លែកគ្នានៃរូបរាងមនុស្ស ។ ការស្រាវជ្រាវមួយបង្ហាញថា ឃ្មុំអាចរៀនសូត្រពីការចងចាំផ្ទៃមុខមនុស្សក្នុងរូបថត និងក្រៅរូបថត ហើយវាអាចចាំបានយ៉ាងហោចណាស់ ២ថ្ងៃ ។
អ្នកវិទ្យាសាស្ត្រជាច្រើនរូបជឿជាក់ថា ការចងចាំផ្ទៃមុខរបស់អ្នកណាម្នាក់ គឺត្រូវប្រើប្រាស់ខួរក្បាលទំហំធំ និងអាចមានផ្នែកពិសេសក្នុងខួរក្បាលបំពេញតួនាទីវាយតម្លៃផ្ទៃមុខ ហើយមានតែសត្វមួយចំនួនប៉ុណ្ណោះដែលមានលក្ខណៈពិសេសនេះ ។ បើប្រៀបធៀបគ្នា គឺមនុស្សមានកោសិកាខួរក្បាលប្រមាណ ១សែនកោសិកា ខណៈឃ្មុំមានកោសិកាខួរក្បាល ប្រមាណ ១លានកោសិកា ។ មនុស្ស និងឃ្មុំ បានប្រើប្រាស់តិចនិកដើម្បីចងចាំផ្ទៃមុខដោយការចងចាំត្រចៀក ភ្នែក ច្រមុះ និងមាត់ ។
សាស្ត្រាចារ្យផ្នែកសរសៃប្រសាទនៅសាកលវិទ្យាល័យ Toulouse ប្រទេសបារាំង និយាយថា យើងអាចចងចាំផ្ទៃមុខមនុស្សស្គាល់គ្នាតាមរយៈចំណុចលេចធ្លោ ប៉ុន្តែអ្នកវិទ្យាសាស្ត្រពុំធ្លាប់គិតថា ឃ្មុំមានសមត្ថភាពបែបនេះសោះ ។
ការស្រាវជ្រាវមួយផ្សព្វផ្សាយក្នុងទស្សនាវដ្តី Journal of Experimental Biology បានបង្ហាញពីការសាកល្បងដោយការយករូបថតផ្ទៃមុខមនុស្សផ្សេងៗ ទៅឱ្យឃ្មុំមើល ដែលរូបថតទាំងនេះមានពន្លឺនៅផ្នែកខាងក្រោយ និងមានទំហំប្រហាក់ប្រហែលគ្នា ។ គ្រប់រូបថតទាំងនេះ គឺថតចាប់ពីកញ្ចឹងក ឡើងលើក្បាល និងគ្មានដងខ្លួនទេ ដើម្បីកុំឱ្យឃ្មុំចងចាំសម្លៀកបំពាក់ ។
បន្ទាប់មក ក្រុមសាកល្បងបានបន្តក់ទឹកស្ករលើរូបថតបុរសម្នាក់ ហើយបន្តក់ទឹកមានរសជាតិល្វីងលើរូបថតផ្សេងទៀត ។ ពីដំបូង ឃ្មុំខ្លះពុំចាប់អារម្មណ៍នឹងរូបថតទាំងនេះទេ ប៉ុន្តែមានឃ្មុំ៥ក្បាលហើរមកក្បែររូបថត ។ ពួកវាដឹងថា រូបថតបុរសម្នាក់នេះខុសគ្នាពីរូបផ្សេង ពួកវាហើរមករកទឹកស្ករជានិច្ច មុនពេលវាទម្លាក់ខ្លួនលើរូប ។ ទោះជាក្រុមសាកល្បងយករូបបុរសនេះទៅទុកនៅកន្លែងណា ក៏ឃ្មុំរកឃើញដែរ ។
នេះបញ្ជាក់ថា ការចងចាំផ្ទៃមុខមនុស្ស ពុំតម្រូវឱ្យមានប្រព័ន្ធសរសៃប្រសាទកម្រិតខ្ពស់ទេ ហើយការសាកល្បងរកឃើញថា ឃ្មុំ២ក្បាលអាចចងចាំផ្ទៃមុខមនុស្សបាន ២ថ្ងៃ ។ បើឃ្មុំអាចចងចាំផ្ទៃមុខមនុស្សក្នុងរូបថតបាន មានន័យថា ពួកវាក៏អាចចងចាំផ្ទៃមុខមនុស្សនៅក្រៅរូបថតដូចគ្នា ។ ហេតុនេះ យើងពុំគួរសម្លាប់ឃ្មុំទេ ព្រោះឃ្មុំផ្សេងទៀតក្នុងសំបុកនឹងតាមទិចយើង ដោយសារវាផ្តល់សញ្ញាឱ្យគ្នា ៕










