ប៉ុន្មានថ្ងៃមកនេះសង្គ្រាមពាក្យសម្តីរបស់អ្នកគាំទ្រ ជី ដេវីត និង វណ្ណដា បានធ្វើឱ្យបណ្តាញសង្គមរង្គោះរង្គើយ៉ាងខ្លាំង រហូតមានការសួរគ្នាថា Team ខាងណា។ ជាមួយនឹងរឿងរសើបនេះ សុងសុង ដែលជាអតីតអ្នកសិល្បៈមួយរូបបានបង្ហោះសំណេរស្នើកុំឱ្យមានការប្រៀបធៀបសមត្ថភាពតារាចម្រៀងរ៉េប វណ្ណដា និង ជី ដេវីត ព្រោះអ្នកទាំងពីរសុទ្ធតែបម្រើអារម្មណ៍ទស្សនិកជននិងនាំឱ្យគេស្គាល់ពីប្រទេសកម្ពុជាដូចគ្នា។
នៅថ្ងៃទី២៩ មករា សុងសុង បានបង្ហោះថា «តាមពិតទៅខ្ញុំអត់មានអីត្រូវលូកដៃទេ តែឃើញប៉ុន្មានថ្ងៃហ្នឹងដូច ចលាចល បើសួរថាខ្ញុំខាងណាវាមិនអាចទេខ្ញុំនៅខាងនោះ ធម្មតាទេប្អូនខ្ញុំ ត្រូវក៏ដោយ ខុសក៏ដោយវានៅតែប្អូនខ្ញុំ តែបើនិយាយឱ្យចំកណ្តាល អត់មានអ្នកណាខុសអ្នកណាត្រូវទេ គ្រាន់ថាកុំប្រៀបធៀបអី ពួកគាត់ទាំង ២ សុទ្ធតែអ្នកខ្លាំង»។
លោកបន្តទៀតថា «បទ ញីកែងជើង ក៏ខ្ញុំរាំដែរ , រាំពាក់ម៉ាស់ ក៏ខ្ញុំស្តាប់ តែយើងត្រូវទទួលស្គាល់ថារសនិយមពីមួយសម័យកាលទៅមួយសម័យកាលគឺខុសគ្នា។ ជំនាន់បទញីកែងជើងសួរថា Hip Hop មានអ្នកស្តាប់ច្រើនដូចពេលនេះអត់? ចឹងហើយគេធ្វើបទតាមសម័យកាល មិនមែន Devith ធ្វើបទ Hip Hop មិនកើតទេ។ ចូលមកសម័យកាល Time To Rise , Skull Album អាហ្នឹងវាជា Era ផ្សេងមួយទៀត ដែលធ្វើឱ្យ Hip Hop Music Industry ហ្នឹងវាលូតលាស់ ហើយយើងរកឃើញធនធានអ្នកជំនាន់ក្រោយដែលពួកគាត់មានសមត្ថភាពខ្លាំងៗ មានច្រើន ខ្ញុំគ្រាន់តែចង់ឱ្យអ្នកទាំងអស់គ្នាគិតថា មិនថាអ្នកទាំងអស់គ្នាស្អប់ក៏ដោយ ស្រលាញ់ក៏ដោយ តែយើងត្រូវ Respect នៅស្នាដៃពួកគាត់ទាំងពីរព្រោះគាត់ទាំង២សុទ្ធតែបានបម្រើអារម្មណ៍ ក៏ដូចជានាំយកមុខមាត់ប្រទេសយើងឱ្យគេស្គាល់ដូចគ្នាទេ»។
លោកបានសង្កត់ធ្ងន់ថា «សូមប្រើតន្ត្រីធ្វើជា Entertainment សម្រាប់ធ្វើឱ្យខ្លួនអ្នកធូរស្បើយពី Stress ទាំងឡាយ កុំយកវាធ្វើជាជម្លោះរវាងគ្នានិងគ្នាអី។ ពី ខ្ញុំអ្នកយល់តន្រ្តីតិចតួច»។

ខ្លឹមសាររបស់ សុងសុង ទទួលបានការចាប់អារម្មណ៍ច្រើនទាំងទស្សនិកជនរួមទាំងអ្នកនៅក្នុងសង្គមសិល្បៈដែលមានដូចជា សង្ហា , Rith Acoustic ជាដើម…៕