ប្រទេសចិន៖ ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះប្រទេសចិននៅតែបន្តរក្សាជំហររបស់ខ្លួនជាទីផ្សារលក់ទំនិញតាមអនឡាញធំបំផុតរបស់ពិភពលោក ជាមួយនឹងការលក់រាយតាមអ៊ីនធឺណិតឈានដល់ ១៥,៥០០ ពាន់លានយន់ (ប្រមាណ ២.១៦ ពាន់ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២៤ ខណៈប្រទេសដទៃទៀតមិនមានទីផ្សារអនឡាញជោគជ័យដូចប្រទេសចិននោះទេ។

នេះបើយោងតាមការចុះផ្សាយរបស់ China Daily ប្រទេសចិនគឺជាទីផ្សារលក់រាយតាមអ៊ីនធឺណិតដ៏ធំបំផុតរបស់ពិភពលោកក្នុងរយៈពេល ១២ ឆ្នាំជាប់ៗគ្នា ដោយមិនមានប្រទេសណាអាចប្រកួតប្រជែងបានឡើយ។ នេះបញ្ជាក់ថាអីវ៉ាន់ ឬទំនិញក្នុងប្រទេសចិនគឺមានគុណភាពល្អ និងតម្លៃសមរម្យ អាចបំពេញតម្រូវការរបស់មនុស្សភាគច្រើន។
ជាការពិតណាស់មិនថាប្រទេសកម្ពុជាយើង ឬបណ្តាប្រទេសជុំវិញពិភពលោកនោះទេ ពួកគេសុទ្ធតែចូលចិត្តទិញអីវ៉ាន់ ឬទំនិញនៅក្នុង App របស់ចិន ដែលមានដូចជា Alibaba ឬ Taobao ជាដើម ខណៈផលិតផលនៅទីនោះគឺមានសុវត្ថិភាព មិនមានការបោកប្រាស់ឡើយ ជាហេតុធ្វើឱ្យទីផ្សារអនឡាញរបស់ចិនមានភាពល្បីល្បាញ និងកាន់កាប់តំណែងនេះរហូតមកដល់បច្ចុប្បន្ន។
យោងតាមអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Sheng Qiuping បាននិយាយថា ឧស្សាហកម្មលក់ដុំ និងរាយរបស់ប្រទេសចិនគឺមានការរីកចម្រើនជាលំដាប់ ដោយសារគោលនយោបាយផ្សេងៗ ផ្តល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ការពង្រីកតម្រូវការក្នុងស្រុក និងបង្កើតគំរូអភិវឌ្ឍន៍ថ្មីៗ។
លោក Sheng បានបន្តទៀតថា តម្លៃបន្ថែមនៃឧស្សាហកម្មលក់ដុំ និងរាយបានកើនឡើងដល់ ១៣,៨០០ ពាន់លានយន់ដែលស្មើនឹង ១០.២% នៃផលិតផលក្នុងស្រុកសរុប ក៏ដូចជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យដំណើរការចរាចររលូន រួមទាំងបង្កើតការងារ និងកាត់បន្ថយថ្លៃដឹកជញ្ជូនផងដែរ។ ដូច្នេះក្រសួងនឹងបន្តពង្រឹងគោលនយោបាយគាំទ្រទាំងនេះ ដើម្បីអនុវត្តវិធានការលម្អិត និងពន្លឿនការលើកកម្ពស់ការអភិវឌ្ឍន៍គុណភាពខ្ពស់នៃឧស្សាហកម្មលក់ដុំ និងរាយ ក្នុងគោលបំណងគាំទ្រដល់ដំណើរការចរាចរនៃសេដ្ឋកិច្ចជាតិ៕










