ដំរីញីមួយក្បាល ដែលមានឈ្មោះថា ឡាក់គី បានរួមសម្តែង MV ជាមួយនឹងកំពូលតារាចម្រៀង ឧកញ៉ាព្រាប សុវត្ថិ កាលពីប្រមាណជិត ២០ ឆ្នាំ ខណៈនាពេលបច្ចុប្បន្ននេះ កំពុងបន្តរស់នៅយ៉ាងសុខសាន្តនៅឯសួនសត្វភ្នំតាម៉ៅ លើទឹកដីខេត្តតាកែវ។
ជឿជាក់ថា ប្រិយមិត្តអ្នកស្នេហាតន្រ្តីក៏ដូចជាហ្វេនៗរបស់ ឧកញ៉ាព្រាប សុវត្ថិ ប្រាកដជាបានស្គាល់និងចងចាំហើយ នាងតូចដំរី ឡាក់គី ដែលទទួលបាននូវភាពល្បីល្បាញខ្លាំង តាមរយៈចម្រៀងជាច្រើនបទ អំឡុងទសវត្សឆ្នាំ ២០០០។ យោងតាមការដាក់បង្ហោះរបស់គេហទំព័រ Wildlife Care បានគូសបញ្ជាក់ថា«ឡាក់គី ធ្លាប់សម្តែងជាមួយកំពូលតារាល្បីប្រចាំប្រទេសកម្ពុជា ក្នុងបទ ដំរីថ្នមស្នេហ៍ និងបទ ក្រៅពីអូនមិនយកប្រពន្ធ កាលពី១៩ឆ្នាំមុន»។
តាមរយៈបទចម្រៀង ឡាក់គី មិនត្រឹមតែជាកូនដំរីដ៏ខ្ជូតគួរឲ្យស្រលាញ់ប៉ុណ្ណោះទេ ថែមទាំងឆ្លាត មានទេពកោសល្យរាំផងដែរ ដែលបានបន្ថែមរសជាតិឲ្យបទចម្រៀងកាន់តែមានប្លែក ទាក់ភ្នែកទស្សនិកជន។
យ៉ាងណា នាពេលបច្ចុប្បន្ន ដំរីញីឡាក់គី កំពុងតែបន្តរស់នៅឯសួនសត្វភ្នំតាម៉ៅ ជាមួយនឹងរូបរាងយ៉ាងធំសម្បើម បានទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ទៅទស្សនាមិនលួសមួយថ្ងៃឡើយ។ សូមជម្រាបថា ឡាក់គី ត្រូវបាននាំយកមកកាន់សួនសត្វភ្នំតាម៉ៅ អំឡុងឆ្នាំ ១៩៩៩ ដែលកាលនោះនាងតូចដំរីមួយក្បាលនេះ មានអាយុប្រមាណត្រឹមតែ ៦ ខែប៉ុណ្ណោះ ខណៈក៏ទទួលបានការចិញ្ចឹមបីបាច់ថែរក្សាយ៉ាងល្អពីក្រុមការងាររហូតដល់សព្វថ្ងៃនេះ៕
