សហគមន៍អេកូ-ទេសចរណ៍ធម្មជាតិកោះទ្រង់ គឺជាកោះមួយដែលស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះ។ កោះនេះមានភូមិចំនួន ២ មានផ្ទៃដីសរុបទំហំ ២២៣ ហិចតា ដែលមានប្រជាពលរដ្ឋភាគច្រើនជាកសិករ ពីព្រោះកោះនេះសម្បូរទៅដោយដីមានជីវជាតិ អំណោយផលដល់វិស័យកសិកម្ម។ កោះទ្រង់ ល្បីល្បាញខ្លាំងដោយសារជាកន្លែងដាំដុះក្រូចថ្លុង ដ៏មានរសជាតិឆ្ងាញ់ជាប់មាត់ ប្លែកពីក្រូចថ្លុងមកពីតំបន់ផ្សេងៗ។

ក្រៅពីក្រូចថ្លុង កោះទ្រង់ក៏ជាទីកន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ដោយសារកោះនេះមានសភាពស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធល្អ ព្រមទាំងមានទេសភាពធម្មជាតិបែបជនបទដ៏ស្រស់ត្រកាលជាទីគាប់ចិត្តទៀតផង។ កោះនេះគឺជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិមួយដ៏ត្រកាលក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ខេត្តក្រចេះ។

កោះទ្រុងមានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាឈ្វង់នារដូវប្រាំង ដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើត ទល់មុខទីរួមខេត្តក្រចេះគួរជាទីគយគន់ និងជាកន្លែងធ្វើដំណើរកំសាន្តដ៏មនោរម្យរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសគឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិ។ ដើម្បីទៅកម្សាន្តនៅដែនកោះដែលស្ថិតកណ្តាលទន្លេមេគង្គនេះ អ្នកទេសចរត្រូវជិះទូកដរ ដែលសំចតអែបច្រាំងរង់ចាំចម្លងមនុស្សម្នាទៅមកជារៀងរាល់ថ្ងៃ។

សម្រាប់សេវាកម្មទូកចម្លង ដែលជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃរបស់ពលរដ្ឋរស់នៅលើកោះទ្រង់នេះមានតម្លៃ ១ ពាន់រៀល។ ដូច្នេះអ្នកដំណើរត្រូវចំណាយពេលប្រមាណ ១៥នាទីនៅលើទូកចម្លង ឆ្លងពីច្រាំងម្ខាងនៃមាត់ទន្លេក្រុងក្រចេះ ឆ្ពោះទៅកោះទ្រង់ដែលផុសសន្ធឹងកណ្តាលទន្លេ។ នៅពេលមកដល់ ភ្ញៀវទេសចរ ត្រូវធ្វើដំណើរឆ្លងកាត់វាលខ្សាច់សក្បុសប្រមាណ ២០០ម៉ែត្រ មុននឹងទៅដល់ច្រកចូលកោះទ្រង់ ដែលមានទីស្នាក់ការសហគមន៍ទេសចរណ៍កោះទ្រង់រុងរឿងជាសម្គាល់។ 
បើនិយាយពីបរិស្ថាន និងអនាម័យវិញ សហគមន៍អេកូ-ទេសចរណ៍ធម្មជាតិកោះទ្រង់បានក្លាយជាភូមិស្អាត មានអនាម័យ និងបរិស្ថានល្អ ជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនចាញ់ភូមិព្រះដាក់នៅខេត្តសៀមរាបនោះទេ។ កោះទ្រង់មានផ្ទះស្នាក់សហគមន៍ ម្ហូបអាហារ សួនដំាបន្លែ និងមានម៉ូតូឌុប រទេះសេះ រទេះគោ ជួលកង់ជិះកំសាន្តជុំវិញកោះ មើលសត្វជ្រឹង មើលភូមិបណ្តែតទឹក ហើយភ្ញៀវទេសចរក៏អាចធ្វើការប៉ោះតង់នៅលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាតដែលអាចមើលឃើញសម្រស់ក្រុងក្រចេះនាពេលរាត្រីផងដែរ៕









