អ្នកនៅរាជធានីភ្នំពេញ ចន្លោះថ្ងៃទី ១៣ ដល់ ១៥ ខែធ្នូនេះ ពិសេសខ្លាំងណាស់! ចំពោះអ្នកដែលស្រលាញ់ផ្នែកបច្ចេកវិទ្យាសម័យទំនើប គឺអាចទៅចូលរួមទស្សនាព្រឹត្តិការណ៍ពិពណ៌យន្តហោះ និងបច្ចេកវិទ្យាដ៏ធំសម្បើមមួយ បានដោយសេរី។ ហើយសម្រាប់អ្នកដែលចូលចិត្តខាងវិស័យភាពយន្តវិញ ជាពិសេសគឺទាក់ទងនឹងវប្បធម៌ ប្រពៃណីជប៉ុន ក៏មានការចាក់បញ្ចាំងជូនទស្សនាដោយឥតគិតថ្លៃ ស្ថិតនៅចន្លោះថ្ងៃនេះដូចគ្នាដែរ។

ព្រឹត្តិការណ៍ពិពណ៌យន្តហោះ និងបច្ចេកវិទ្យា ឆ្នាំ២០២៤ នឹងរៀបចំឡើងរយៈពេល ៣ ថ្ងៃ ចន្លោះថ្ងៃទី ១៣ ដល់ ១៥ ខែធ្នូនេះ ដែលប្រព្រឹត្តិទៅនៅឯទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ ដែលសាធារណៈជនទូទៅគឺអញ្ជើញទៅចូលរួមទស្សនាបានដោយសេរី។
នៅក្នុងព្រឹត្តិការណ៍នេះ នឹងមានការដាក់តាំងបង្ហាញយន្តហោះពិសេសៗជាច្រើនគ្រឿង ទាំងក្នុងនិងក្រៅស្រុក ដែលបន្ថែមពីនេះ ក៏រួមមានការប្រកួតស្នាដៃបច្ចេកវិទ្យា ដែលបង្កើតឡើងដោយយុវជនកម្ពុជាទៅលើវិញ្ញាសាចំនួន ៤ គឺការប្រកួតមនុស្សយន្ត ការប្រកួតយន្តហោះបញ្ជា ការប្រកួតរ៉ូបូតចម្បំាង និងការប្រកួតដ្រូន។ យ៉ាងណា បើគិតត្រឹមព្រឹកថ្ងៃទី ១៣ ខែធ្នូនេះ ដោយសង្កេតឃើញថាមានមហាជន ព្រមទាំងសិស្សានុសិស្ស ហាក់មានការចាប់អារម្មណ៍ខ្លាំងនិងអញ្ជើញទៅចូលរួមពិពណ៌នេះយ៉ាងភ្លុកទឹកភ្លុកដីផងដែរ។
ដោយឡែក សម្រាប់អ្នកគាំទ្រផ្នែកឧស្សាហកម្មភាពយន្តវិញ នៅរាជធានីភ្នំពេញចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ដូចគ្នានេះ មហោស្រពភាពយន្តជប៉ុន-Japanese Firm Festival មានការចាក់បញ្ចាំងជូនភាពយន្តជប៉ុនល្បីៗជាច្រើនរឿង ដែលទស្សនិកជនអាចអញ្ជើញទៅចូលរួមទស្សនាបានដោយឥតគិតថ្លៃ ដោយគ្រាន់តែមកដល់ទីតាំងរោងភាពយន្តរយៈពេល ៣០នាទីមុនពេលរឿងចាក់បញ្ចាំងតែប៉ុណ្ណោះ។ ហើយចំពោះចំណងជើងខ្សែភាពយន្តដែលនឹងត្រូវចាក់បញ្ចាំង គឺលោកអាចចូលទៅកាន់គេហទំព័រ Japanese Firm festival Cambodia៕










