តារាសម្ដែងហុងកុង Chow Yun Fat ឬទស្សនិកជនស្គាល់ថាជាស្តេចល្បែងអាចែ កំពុងប្រកាសលក់ផ្ទះវីឡារបស់ខ្លួនក្នុងតម្លៃ ១៩៥ លានហុងកុង ប្រមាណ២៥លានដុល្លារ។ កាលពីមុនលោកប្រកាសលក់ក្នុងតម្លៃជាង២៨លានដុល្លារប៉ុន្តែដោយសារទីផ្សារអចលនទ្រព្យមិនសូវល្អទើបលោកប្រកាសលក់ថយចុះជាង៣លានដុល្លារ។.png)
យោងតាមកាសែត Hong Kong Commercial Daily នៅថ្ងៃទី៩ ខែធ្នូ បានឱ្យដឹងថាផ្ទះនេះមានឈ្មោះថា Sunlight Garden ដែលជាកម្មសិទ្ធិរបស់ ស្តេចល្បែងអាចែអស់រយៈពេល ១៤ឆ្នាំមកហើយ ដែលតម្លៃទិញគឺ ១២៨ លានហុងកុង ប្រមាណ១៦.៤ លានដុល្លារ។ ក្នុងឆ្នាំ២០២២ តារាសម្តែងរូបនេះបានចុះបញ្ជីលក់ក្នុងតម្លៃ ២២០ លានដុល្លារហុងកុង ប្រមាណ២៨.៣ លានដុល្លារអាម៉េរិកប៉ុន្តែដោយសារតែទីផ្សារអចលនទ្រព្យអាប់អួរ លោកបានកាត់បន្ថយតម្លៃផ្ទះវីឡាដែលបច្ចុប្បន្នមានតម្លៃ ២៥ លានដុល្លារ។
ផ្ទះនេះមានផ្ទៃដី ២៣៦ m2 នៅខាងក្រៅមានសួនផ្កា ១៨៦ m2 ។ ចាប់តាំងពីទិញមក ស្តេចល្បែងអាចែ មិនបានរើចូល ឬជួលទេ។ ប្រភពបានឱ្យដឹងថា តារារូបនេះមានចរិតរើសអើងក្នុងការជ្រើសរើសអ្នកទិញ មិនមែនគ្រប់គ្នាមានលក្ខណៈសម្បត្តិមើលផ្ទះនោះទេ។
នេះជាអចលនទ្រព្យដ៏មានតម្លៃបំផុតមួយរបស់ ស្តេចល្បែងអាចែ។ លោកនិងសាច់ញាតិរបស់លោកមានផ្ទះយ៉ាងហោចណាស់៧ខ្នង និងដីមួយកន្លែង ដែលមានតម្លៃជាងមួយពាន់លានហុងកុង ប្រមាណ១២៨លានដុល្លារ។
ទីផ្សារអចលនទ្រព្យហុងកុងស្ថិតក្នុងស្ថានភាពអាប់អួរ ដែលថ្មីៗនេះ តារាល្បីៗជាច្រើនបានបញ្ចុះថ្លៃលក់ផ្ទះដូចជាតារាសម្តែង Carina Lau ជាដើម។ 
លោក Chow Yun Fat មានអាយុ ៦៩ឆ្នាំ មកពីគ្រួសារក្រីក្រ។ មុនពេលចូលបម្រើការងារ TVB លោកធ្លាប់ធ្វើជាជាងកាត់ស្បែកជើង ជំនួយការការិយាល័យ អ្នកដឹកជញ្ជូន បុគ្គលិកសណ្ឋាគារ និងអ្នកបើកតាក់ស៊ី។ បន្ទាប់ពីរយៈពេល ៥០ ឆ្នាំនៃការថតរឿង តារាសម្តែងរូបនេះទទួលបានភាពជោគជ័យជាច្រើន។ 
ទោះយ៉ាងណា តារាសម្តែងជើងចាស់ល្បីឈ្មោះរូបនេះមិនបានសម្ដែងក្នុងភាពយន្តអស់រយៈពេល ៥ ឆ្នាំមកហើយ ហើយកម្របង្ហាញខ្លួនក្នុងកម្មវិធីនានា។ ទស្សនិកជនហុងកុងតែងតែឃើញលោកឡើងភ្នំ រត់ហាត់ប្រាណ និងញ៉ាំអាហារនៅភោជនីយដ្ឋានល្បីៗ។ លោកបានរៀបការជាលើកទី២ជាមួយនឹងលោកស្រី Jasmine Tan ដែលគិតមកទល់ពេលនេះលោកបានរួមរស់ជាមួយគ្នាហើយអស់រយៈពេល ៣៧ ឆ្នាំមកហើយ៕










