Lisa សមាជិកក្រុមចម្រៀង BLACKPINK និងលោក Frédéric Arnault កូនប្រុសរបស់មហាសេដ្ឋី Bernard Arnault ត្រូវបានគេប្រទះឃើញនៅ Las Vegas នៃកម្មវិធីប្រគំតន្ត្រី របស់តារាចម្រៀងអង់គ្លេស Adele ។

ព្រឹត្តិការណ៍ប្រគំតន្ត្រីរបស់Adele គឺបានកើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ប៉ុន្តែវីដេអូរបស់ Lisa និង Frédéric ចូលរួមការប្រគំតន្ត្រីមិនត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គម TikTok ទេរហូតដល់ថ្ងៃទី២ ខែធ្នូ នេះទើបមានការចែកចាយព្រោងព្រាតជាមួយនឹងការចូលមើលរាប់ម៉ឺនដងត្រឹមរយៈពេលខ្លី។ ក្នុងវីដេអូ Lisa និង Frédéric ត្រូវបានគេបង្ហាញថាឈរជិតគ្នា ដោយមានទំនាក់ទំនងយ៉ាងស្និទ្ធស្នាល ខណៈពួកគេរីករាយនឹងការសម្តែងរបស់ Adele ជាមួយអ្នកគាំទ្រផ្សេងទៀត។
Lisa ទម្លាក់សក់ចុះក្រោម និងពាក់អាវស្បែកទាន់សម័យ ចំណែក Frédéric ពាក់អាវយឺតពណ៌ស្រាលជាមួយអាវក្រៅពណ៌ខ្មៅ។ សមាជិក BLACKPINK រូបនេះក៏បានបង្ហោះរូបភាពពីការប្រគំតន្ត្រី Adele នៅលើគណនី Instagram របស់នាង។.png)
អ្នកទាំងពីរក៏ត្រូវបានគេឃើញជាមួយគ្នានៅក្នុងការប្រណាំង Grand Prix Las Vegas កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ខណៈពេលដែលអ្នកយកព័ត៌មានមកពី Sky Sports កំពុងសម្ភាសម្ចាស់ជើងឯកអូឡាំពិក Lisa និង Frédéric ត្រូវបានចាប់បានតាមកាមេរ៉ា។
ទំនាក់ទំនងរវាង Lisa និង Frédéric ទទួលបានការចាប់អារម្មណ៍ជាលើកដំបូង នៅពេលដែលមហាសេដ្ឋីជាអ្នកស្នងមរតកបានចាប់ផ្តើមតាមដានតារាចម្រៀងនៅលើ Instagram ក្នុងឆ្នាំ ២០២២។ ចាប់តាំងពីពេលនោះមក ពួកគេត្រូវបានគេឃើញរួមគ្នានៅកន្លែងផ្សេងៗគ្នាជុំវិញពិភពលោក រួមទាំងកោះហាវ៉ៃ ប៉ារីស ម៉ូណាកូ តូក្យូ និងផ្លរីដា។ ទោះយ៉ាងណាទំនាក់ទំនងនេះមិនត្រូវបានបញ្ជាក់ច្បាស់លាស់ពីសាមីខ្លួនឡើយ។

Frédéric មានអាយុ ២៩ ឆ្នាំគឺជានាយកប្រតិបត្តិនៃផ្នែកនាឡិកានៅ LVMH ដែលជាអ្នកស្នងមរតករបស់មហាសេដ្ឋី។ យោងតាមទស្សនាវដ្ដី Forbes គិតត្រឹមថ្ងៃទី ៤ ខែធ្នូ លោក Bernard Arnault និងក្រុមគ្រួសាររបស់ខ្លួនគឺជាអ្នកមានបំផុតទី ៥ នៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ១៦៣.៦ ពាន់លានដុល្លារ៕










