យោងតាមការដាក់បង្ហោះរបស់រដ្ឋបាលខេត្តសៀមរាបបានគូសបញ្ជាក់ថា ខេត្តសៀមរាបកំពុងត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យបង្ហោះខ្លែងឯកដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ ដែលជាការសហការគ្នារវាងរដ្ឋបាលខេត្តសៀមរាប និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត។
ប្រភពដដែលបានឲ្យដឹងទៀតថា ព្រឹត្តិការណ៍មួយនេះ រៀបចំឡើងក្នុងគោលបំណង ដើមី្បរក្សានូវកេរ្តិ៍មរតកដូនតាខ្មែរ ដែលបានចារឹកទុកនៅតាមជញ្ជាំងថ្មប្រាសាទពីការបង្ហោះខ្លែងឯក នៅពេលដែលប្រជាកសិករធ្វើការច្រូតកាត់ ប្រមូលភោគផលស្រូវវស្សា ដែលប្រជាជនខ្មែរ តែងតែធ្វើការបង្ហោះខ្មែងគ្រប់ប្រភេទ ក្នុងការទាញយកព្រះពាយ និងរារាំងទឹកភ្លៀង កុំឲ្យធ្លាក់មកនៅពេលធ្វើការប្រមូលផលស្រូវ។
តាមការបញ្ជាក់របស់លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប បានឲ្យដឹងអំពីប្រវត្តិនៃការបង្ហោះខ្លែង គឺជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរយើងតាំងពីសម័យនគរភ្នំមកម្ល៉េះ ហើយខ្លែង គឺជាវត្ថុលេងម្យ៉ាងដែលអាចហោះបានដោយសារកម្លាំងខ្យល់ទាញយឺតតាមរយៈខ្សែដែលគេចង់ភ្ជាប់នឹងតួរបស់វា។ ក្រៅពីត្រូវបានប្រើសម្រាប់លេងកម្សាន្ត វាក៏ជាសិល្បៈមួយប្រភេទក្នុងវប្បធម៌របស់ជនជាតិខ្មែរទៀតផង ។
លោកបានបន្តទៀតថា ភាគច្រើនគេតែងបង្ហោះខ្លែងឯកលេងកម្សាន្ត ក្នុងរដូវលំហើយ ចាប់ផ្ដើមរាប់ពីថ្ងៃពាក់កណ្ដាលខែកញ្ញា ដល់ពាក់កណ្ដាលខែធ្នូ ហើយពេលខ្លះខ្មែរយើងលេងបន្តរហូតដល់រដូវបន្ទាប់ទៀតគឺសិសិរដូវ ។ លោកបានលើកផងដែរ អំពីអត្ថន័យ ខ្លឹមសារ នៃខ្លែងឯក ដែលបានផ្តល់នូវ សិទ្ធសេរីភាព និង សុភមង្គលក្នុងគ្រួសារ ដែលបានលំលេចនៅក្នុងរឿងព្រេង (ធនជ័យ និង រឿងកែវណាម៉ាមុខសេះ) ។
លោកបានបញ្ជាក់ទៀតថា ពិធីបង្ហោះខ្លែងឯក និងខ្លែងសេរី នៅខេត្តសៀមរាបនេះ នឹងប្រព្រឹត្តធ្វើនៅអតីតៈអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ព្រលានយន្តហោះចាស់ ) ដែលមានរយៈពេល៣ថ្ងៃ ដោយមានកម្មវិធីការដង្ហែក្បួនខ្លែងឯក ខ្លែងសេរី និង តុក្តាយក្ស ព្រមទាំងនៅ ពេលរាត្រីមានការសម្តែងសិល្បះ ល្ខោនបាស័ក និង ការតាំងពិព័រណ៌ ការបង្ហាញពីរបៀបធ្វើខ្លែងឯកទៀតផង៕









