ភ្នំខ្នងព្រះគឺជាតំបន់ទេសចរណ៍ធម្មជាតិបែបផ្សងព្រេង ស្ថិតនៅជួរភ្នំក្រវ៉ាញ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ភ្នំនេះសំបូរទៅដោយរុក្ខជាតិនិងផ្កាព្រៃជាច្រើនប្រភេទ ស្រស់ស្អាតមិនចាញ់ភ្នំខ្នងផ្សារឡើយ។ កន្លែងនេះមិនត្រឹមតែជាតំបន់ធម្មជាតិសម្រាប់ដំណើរកម្សាន្តបែបផ្សងព្រេងប៉ុណ្ណោះទេ តែក៏ជាតំបន់ប្រវិត្តសាស្ត្រផងដែរ ដោយសារនៅទីនេះមានរូបគំនូរព្រះពុទ្ធសាសនាលើកំរាលថ្មនៃខ្នងភ្នំ ទំនងជាកន្លែងទីសក្ការៈពីសម័យបុរាណ។
ដោយឡែកបើនិយាយពីការធ្វើដំណើរឡើងលើភ្នំវិញគឺមានចម្ងាយប្រហែលជាង ៨ គីឡូម៉ែត្រពីភ្នំ ១៥០០ ដោយធ្វើដំណើថ្មើជើងប្រហែលជា ៥ ទៅ ៦ ម៉ោងអាស្រ័យទៅលើអ្នកដំណើរដើរយឺត ឬដើរលឿន។ ពាក់ព័ន្ធនឹងស្ថានភាពផ្លូវឡើងភ្នំ យើងត្រូវដើរកាត់តាមព្រៃស្រោង ស្តើង ក្រាស់ ចំណោតទាប មធ្យម ខ្ពស់ ឆ្លងកាត់ជ្រោះជ្រលងដងអូរ ដោយត្រូវតោងខ្សែវល្លិ និងដើមឈើ ដែលក្នុងនោះក៏មានផ្ទាំងថ្មធំៗ និងរុក្ខជាតិតូចធំពណ៌បៃតងស្រស់ ប្រកបទៅដោយភាពទាក់ទាញយ៉ាងខ្លាំងផងដែរ។
ជាមួយកម្ពស់ ១.២០០ ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ ភ្នំខ្នងព្រះមានទេសភាព ៣៦០ ដឺក្រេ គឺជាតំបន់ធម្មជាតិមួយ សម្រាប់អ្នកចូលចិត្តឡើងភ្នំ ផ្សងព្រេង និងជាតំបន់ប្រវិត្តសាស្ត្រ។ វាក៏ជាទីតាំងបោះជំរុំលើកំពូលភ្នំ អាចអង្គុយគយគន់ទេសភាព ថ្ងៃរះប៉ប្រះព្រៃភ្នំ និងថ្ងៃរៀបលិច ចាំងលើផ្ទៃទឹកសមុទ្រ ឃើញកោះតូចៗជាប់នឹងផ្ទៃសមុទ្រនៃខេត្តត្រាត ប្រទេសថៃ គួរជាទីមនោរម្យ និងគួរឱ្យចាប់អារម្មណ៍បំផុត។
ក្រៅពីការគយគន់ទេសភាពខ្នងភ្នំខាងលើ អ្នកទេសចរក៏អាចមើលឃើញផ្ទាំងទស្សនីយភាពនៃជួរភ្នំជាច្រើន តម្រៀបគ្នាយ៉ាងសម្បូរបែប ព្រមទាំងជ្រោះជ្រលងដងអូរ បង្កើតបានជាទេសភាពយ៉ាងស្រស់បំព្រង គួរឱ្យគយគន់មិនចេះជិនណាយ ដែលជាមួយគ្នានេះក៏មានខ្យល់ជំនោរបរិសុទ្ធ បក់បោករំភើយៗ អមដោយស្បៃពពករសាត់ជុំវិញខ្លួនយើងយ៉ាងត្រជាក់ស្រួលផងដែរ។ ទោះជាយ៉ាងណាសម្រាប់ពេលយប់ អាកាសធាតុនៅទីនេះគឺត្រជាក់ខ្លាំង ដែលតម្រូវឱ្យភ្ញៀវទេសចរបោះជំរុំជាលក្ខណៈតង់ មានពូកខ្យល់ សម្លៀកបំពាក់ក្រាស់ៗ ស្រោមដៃ ស្រោមជើង ភួយ និងមួកជាដើម៕










