ចូលដល់រដូវរងារហើយ អាកាសធាតុចាប់ផ្ដើមចុះត្រជាក់ខ្លាំង អាចបណ្តាលឱ្យមនុស្សភាគច្រើនឈឺ ដូចនេះយើងមិនគួរព្រងើយកន្តើយចំពោះសុខភាពឡើយ។ ប្រភេទជំងឺដែលជួបប្រទះច្រើនក្នុងពេលអាកាសធាតុត្រជាក់មានដូចជា ផ្ដាសាយ អាលែកហ្សី ជំងឺផ្លូវដង្ហើម និងមេរោគផ្សិត ដែលធ្វើឱ្យយើងគ្រុនផ្ដាសាយ ហៀរសំបោរ រលាកបំពង់ក រលាកក្រពះពោះវៀន ហឺត និងជំងឺភ្នែកក្រហមជាដើម។ ហេតុនេះដើម្បីចៀសផុតពីជំងឺផ្សេងៗ លោកអ្នកគួរអនុវត្តវិធីសាស្ត្រថែរក្សាសុខភាពដូចខាងក្រោម៖
១- ត្រូវស្លៀកពាក់ខោអាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួក និងស្រោមដៃ។
២- បើមានអាការៈពិបាកដកដង្ហើម គ្រុនក្ដៅ ឈឺបំពង់ក ឈឺសាច់ដុំ ត្រូវស្វែងរកការព្យាបាលតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
៣- មិនគួរធ្វើដំណើរផ្លូវឆ្ងាយទាំងខ្លួនផ្ដាសាយ ឬអាការៈមិនស្រួលខ្លួនណាមួយនោះទេ ហើយមិនត្រូវប្រើថ្នាំប្រភេទអង់ទីប៊ីយូទិក ឬថ្នាំផ្សះដោយគ្មានវេជ្ជបញ្ជាឡើយ។
៤- ពេលក្អក កណ្ដាស់ សូមយកក្រដាស់ កំណាត់ កន្សែងល្អមកខ្ទប់ មិនត្រូវប្រើយកដៃខ្ទប់មាត់នោះទេ។
៥- មិនត្រូវនៅជិតអ្នកឈឺ ឬអ្នកក្អក កណ្ដាស់ឡើយ។
៦- លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ហើយមិនគួរយកដៃទៅប៉ះភ្នែក ច្រមុះ មាត់ ដោយមិនទាន់សម្អាតនោះទេ។
៧- ទារកមិនគួរគេងក្នុងបន្ទប់ត្រជាក់ ឬបើកម៉ាស៊ីនត្រជាក់ ក្នុងរដូវរងារឡើយ។
៨- មនុស្សចាស់កម្ដៅក្នុងរាងកាយតិច ដូចនេះងាយនឹងប្រឈមមុខមានបញ្ហាផ្សេងៗ។
៩- កុមារ និងមនុស្សចាស់គួរស្លៀកពាក់ឱ្យបានច្រើនជាន់ ដើម្បីផ្ដល់កម្ដៅដល់រាងកាយ តែចៀសវាងខោអាវតឹងៗ ដែលអាចធ្វើឱ្យរំខានដល់ចរន្តឈាម។ គួរបញ្ជាក់ដែរថា ក្នុងរដូវរងារនេះ លោកអ្នកមិនគួរមើលស្រាលជំងឺឡើយ ព្រោះជំងឺតូចអាចក្លាយជាជំងឺធំ! បើត្រូវកណ្ដាស់ ហើយប្រឹងទប់ អាចមានគ្រោះថ្នាក់ច្រើនដល់សុខភាព៕