ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របង្ហាញថា ការបរិភោគអាហារប្រចាំថ្ងៃមានផលប៉ះពាល់ដោយផ្ទាល់ចំពោះសុខភាព ហើយវាក៏មានតួនាទីសំខាន់ក្នុងការបង្កើន ឬកាត់បន្ថយការប្រឈមនឹងជំងឺមហា.រីក ពីព្រោះអាហារខ្លះនឹងធ្វើឱ្យកើតជំងឺមហា.រីកយ៉ាងឆាប់រហ័ស ។ អ្នកជំនាញសុខភាពបានណែនាំឱ្យចៀសវាងអាហារទាំង៤ប្រភេទខាងក្រោម ដើម្បីកាត់បន្ថយជំងឺមួយនេះ ។
១-អាហារសម្បូរខ្លាញ់ ៖ Fast Food ជាអាហារសម្បូរខ្លាញ់ ដែលវាមិនត្រឹមតែធ្វើឱ្យឡើងទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែការបរិភោគនេះនឹងប្រឈមជាមួយជំងឺមហារីក ជាពិសេស មហារីកសុដន់, មហារីកពោះវៀន និងមហារីកថ្លើម ។
ការស្រាវជ្រាវពីប្រធានបទ «Cancer Epidemiology, Biomarkers & Prevention» បង្ហាញថា ការបរិភោគអាហារសម្បូរខ្លាញ់នឹងបណ្តាលឱ្យឆាប់កើតជំងឺមហារីក និងរលាកក្នុងរាងកាយ ។ ក្រៅពីនេះ អាហារមានអរម៉ូនខ្ពស់ ដូចជា ៖ សាច់សត្វកែច្នៃ នឹងប៉ះពាល់ដល់តុល្យភាពអរម៉ូន ហើយក៏បង្កជាជំងឺមហារីកពាក់ព័ន្ធនឹងអរម៉ូន ដូចជា ៖ មហារីកសុដន់ និងមហារីកមាត់ស្បូន ។
២-អាហារលាយឡំជាមួយសារធាតុ Aflatoxin ៖ Aflatoxin ជាសារធាតុពុលតាមធម្មជាតិកើតឡើងពីផ្សិត ហើយវាតែងតែនៅលាយឡំជាមួយអាហាររក្សាទុកពុំត្រឹមត្រូវ ដូចជា ៖ សណ្តែកដី, ពោត និងអង្ករ ។ សារធាតុនេះនឹងបង្កជាជំងឺមហារីកខ្លាំងបំផុត ជាពិសេស ថ្លើម ។
ការិយាល័យស្រាវជ្រាវជំងឺមហារីកអន្តរជាតិបញ្ជាក់ថា សារធាតុពុល Aflatoxin នឹងបង្កជាជំងឺមហារីកថ្លើម ជាពិសេស ការបរិភោគអាហាររក្សាទុកពុំត្រឹមត្រូវ ។ បើទោះក្នុងអាហារមានសារធាតុនេះតែបន្តិចក្តី ក៏វាអាចបំផ្លាញ DNA បានដែរ ហើយរីករាលដាលកាន់តែខ្លាំង ។
៣-អាហារខ្លោច ៖ អាហារក្រៀមខ្លោចដោយសារការដុត ឬចៀន នឹងបង្កឱ្យកើតសារធាតុមហារីក គឺ Benzopyrene ។ សារធាតុនេះនឹងឈានទៅកើតមហារីកសួត, មហារីកក្រពះ និងបំពង់អាហារ ។ ការស្រាវជ្រាវផ្សាយក្នុងទស្សនាវដ្តីសុខភាព និងជំងឺមហារីកបង្ហាញថា ការបរិភោគអាហារអាំងរាល់ថ្ងៃ ប្រឈមនឹងជំងឺមហារីកពោះវៀន រហូតដល់៦០% ។
៤-អាហារហឹរ ៖ ការបរិភោគម្ទេស និងខ្ទឹមសរ ក្នុងបរិមាណតិចនឹងមានប្រយោជន៍ដល់សុខភាព ប៉ុន្តែបើបរិភោគអាហារហឹរខ្លាំងពេកនឹងបណ្តាលឱ្យកើតជំងឺមហារីកពោះវៀន និងក្រពេះ ។ ការស្រាវជ្រាវផ្សាយក្នុងទស្សនាវដ្តីការពារមហារីក ឆ្នាំ២០១៩ បង្ហាញថា ការបរិភោគអាហារហឹរខ្លាំង ដូចជា ៖ អាហារក្នុងឆ្នាំងភ្លើង និងអាហារដាក់ម្ទេសច្រើន នឹងកើតជំងឺមហារីកពោះវៀនធំ ។
តាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក គឺយើងអាចការពារជំងឺមហារីកពី៣០% ទៅ៥០% ដោយការបរិភោគអាហារត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ រួមមាន ៖
-បង្កើនការបរិភោគបន្លែបៃតង, ផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិ
-កាត់បន្ថយការបរិភោគអាហារកែច្នៃ និងអាហារដាក់សារធាតុការពារខូចគុណភាព
-ទុកដាក់អាហារឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងលាយឡំសារធាតុពុល ឬដុះផ្សិត ។
ការបរិភោគអាហារល្អសម្រាប់សុខភាព មិនត្រឹមតែអាចជួយយើងឱ្យចៀសឆ្ងាយពីជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែវាបានការពារយើងកុំឱ្យកើតជំងឺផ្សេងៗផងដែរ ៕