ទ្រខ្មែរ ដែលជាឧបករណ៍ភ្លេងខ្មែរដ៏ចំណាស់និងមិនសូវជាមានអ្នកចេះលេង ខណៈដែលបុរសម្នាក់បានបង្ហាញពីភាពស្ទាត់ជំនាញរបស់ខ្លួនក្នុងការកូតទ្រនេះ បង្កើតបានជាបទភ្លេងយ៉ាងពិរោះ ក៏បណ្តាលឲ្យមហាជនទប់ចិត្តឥតសរសើរមិនបាន។
យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកដោយគេហទំព័រ ភ្លេងខ្មែរ បានបង្ហាញវិដេអូខ្លីមួយប្រមាណនឹង ២ នាទី ដោយបានគូសបញ្ជាក់ថា «សំឡេងទ្រខ្មែរ បទកំភ្លាញភ្លុក»។

តាមរយៈវីដេអូដោយសង្កេតឃើញថាមានបុរសវ័យកណ្តាលម្នាក់ ដោយនៅក្នុងដៃកំពុងកាន់ទ្រខ្មែរ និងធ្វើការកូតទៅកូតមកយ៉ាងស្ទាត់ជំនាញ បង្កើតបានជាបទភ្លេងបន្លឺឡើងយ៉ាងពិរោះរណ្តំ រហូតមហាជនចូលបញ្ចេញមតិកោតសរសើរនិងចែករំលែកព្រោងព្រាត ដោយអ្នកខ្លះបានលើកឡើងថា «ពិតជាពិរោះណាស់វង់ភ្លេងការសម័យឥឡូវដូចជាពុំឃើញទ្រប្រភេទនេះទេ»។ ម្នាក់ទៀតថា«ល្អហើយពិតទៀតលោកគ្រូ ទ្រខ្មែរនិងមិនងាយមានអ្នកចេះទេ។ ចំណែកម្នាក់ទៀតថា«វាពិតជាពិរោះខ្លាំងណាស់ហើយកំសត់ទៀត លោកអ៊ុពិតជាទឹកដៃល្អមែន សូមសរសើរ»។
សូមជម្រាបថា ទ្រខ្មែរ ដែលប្រជាជនខ្មែរភាគច្រើនស្គាល់ថាជា ទ្រខ្សែ៣ គឺជាប្រភេទគ្រឿងខ្សែកូតនិងជាឧបករណ៍តន្ត្រីដ៏ចាស់មួយនៅក្នុងចំណោមឧបករណ៍តន្ត្រីខ្មែរទាំងអស់។ គេក៏បានចាត់ទុក ការរៀនទ្រខ្មែរ គឺពិបាករៀនជាងឧបករណ៍ទ្រដទៃទៀតៗ។
យោងតាមកអត្ថបទរបស់បណ្ឌិតសំ សំអាង បានគូសបញ្ជាក់ថា ទ្រខ្មែរ មានខ្សែបីធ្វើពីសូត្រ នីឡុង ស្ពាន់ឬដែក និង ឆាកមានរាងដូចដងធ្នធ្វើពីឈើខ្លឹមឬឫស្សី មានខ្សែធ្វើ ពីសក់កន្ទុយសេះឬជ័រនីឡុងចងភ្ជាប់ពីចុងទៅគល់ដង ឆាកដោយទុកសាច់ឈើបន្តិចសម្រាប់កាន់កូត។ ឆាក របស់ ទ្រខ្មែរ នៅដាច់ពីឧបករណ៍មិនដូចជាទ្រឆេ ទ្រសោ ឬទ្រអ៊ូឡើយ។ ទ្រខ្មែរ មានធ្លាក់ក្បាច់រចនា បង្កប់ដោយភ្នកឬឆ្អឹងយ៉ាងល្អប្រណិត។ គេរឹតទ្រខ្មែរទៅតាមសួរ A-D-G (A = ខ្សែក្រោម, D = ខ្សែ កណ្តាល, G = ខ្សែលើ)។ ពេលសម្តែង គេយកឆាកមក ដាក់ភ្ជាប់នឹងខ្សែទ្រ ដើម្បីកូតឱ្យឮសូរ។ ពេលត្រូវផ្លាស់ ប្តូរពីខ្សែមួយទៅខ្សែមួយទៀត អ្នកលេងបង្វិលតួទ្រទៅ ឆ្វេងឬស្តាំទៅតាមតម្រូវការ៕