ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មហាជនបានសរសើរពីទឹកចិត្តរបស់នាយកក្រុមហ៊ុន១រូប ដែលបានចំណាយប្រាក់រាប់ម៉ឺនដុល្លារអាមេរិកទិញរថយន្តទំនើបៗចែកបុគ្គលិកក្នុងក្រុមហ៊ុន ដើម្បីអរគុណពួកគេដែលប្រឹងប្រែងបំពេញការងារកន្លងមក ។
លោក John Wong នាយកក្រុមហ៊ុន Superstar Family KTV និងនាយកភោជនីយដ្ឋាន Warakuya Japanese Restaurant នៅប្រទេសម៉ាឡេស៊ី បានចំណាយប្រាក់ជាង៦៨ម៉ឺនដុល្លារអាមេរិក ទិញរថយន្តសម្រាប់ជារង្វាន់ចែកបុគ្គលិក ។ លោកបាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា លោកតែងតែចែករង្វាន់ឱ្យបុគ្គលិកជារៀងរាល់ឆ្នាំ ដើម្បីអរគុណពួកគេដែលបានប្រឹងប្រែងបំពេញការងារអស់ពីសមត្ថភាព ហើយនៅឆ្នាំ២០២៤ លោកបានទិញរថយន្តចែកបុគ្គលិក ចំនួន៣១នាក់ ។.jpg)
នៅក្នុងពិធីចែករង្វាន់ឆ្នាំនេះ លោក John បានចែករង្វាន់ពិសេស គឺរថយន្តម៉ាក BMW 6 Series ទៅកាន់នាយកសាខា ចំនួន៤រូប ដោយសារពួកគេបានធ្វើការក្នុងក្រុមហ៊ុនអស់រយៈពេលជាច្រើនឆ្នាំ ។ លោកថា ៖ «រថយន្តទាំង៤គ្រឿងនេះ គឺជារង្វាន់សម្រាប់នាយកសាខាជាន់ខ្ពស់ដែលបានរួមសុខ រួមទុក្ខ និងចូលរួមអាជីវកម្មជាមួយខ្ញុំ» ។
ក្រៅពីនេះ ក្រុមហ៊ុនក៏បានចែករថយន្តឱ្យបុគ្គលិកដែលបានឡើងតួនាទីការងារ រីឯបុគ្គលិកបរទេសក៏បានទទួលរថយន្តដូចគ្នាដែរ ។ រថយន្តដែលក្រុមហ៊ុនចែកបុគ្គលិក រួមមាន ៖ ម៉ាក Audi, Toyota, Honda និង Proton ហើយក្រុមហ៊ុននឹងបន្តចែករថយន្តទៅបុគ្គលិកទាំងអស់ ត្រឹមដំណាច់ឆ្នាំ២០២៤ ។
ចំណែកបុគ្គលិកបរទេសគ្មានប័ណ្ណបើកបរនៅប្រទេសម៉ាឡេស៊ី គឺក្រុមហ៊ុននឹងឱ្យពួកគេទៅប្រឡងយកប័ណ្ណបើកបរ និងចេញថ្លៃចំណាយផ្សេងៗឱ្យទាំងអស់ ។ ក្រុមហ៊ុនបញ្ជាក់ថា បុគ្គលិកគ្រប់រូបមានសិទ្ធិស្មើៗគ្នា មិនថាបុគ្គលិកម៉ាឡេស៊ី ឬបរទេស ។.jpg)
នាយកគ្រប់គ្រងសាខា១រូប ឈ្មោះ ហេរីន អាយុ៣៤ឆ្នាំ និយាយថា នេះជាលើកទី២ហើយ ដែលខ្លួនទទួលបានរថយន្តពីក្រុមហ៊ុន ខណៈធ្លាប់ទទួលរថយន្តដំបូងពីក្រុមហ៊ុន កាលពី៧ឆ្នាំមុន ។ រីឯបុគ្គលិកផ្នែកទទួលភ្ញៀវ ឈ្មោះ ឆើន អាយុ២៧ឆ្នាំ ប្រាប់ថា ឆ្នាំនេះ ខ្លួនបានទទួលរថយន្តម៉ាក Audi ៕










