ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានរ៉យទ័ររាយការណ៍ថា Nissan គឺជាក្រុមហ៊ុនផលិតរថយន្តលំដាប់ទី៣ នៅប្រទេសជប៉ុន បានប្រកាសបញ្ឈប់បុគ្គលិកចំនួន៩.០០០នាក់ ព្រមទាំងកាត់បន្ថយការផលិតរថយន្តនៅទូទាំងពិភពលោក ប្រមាណ២០% ។ ការប្រកាសបញ្ឈប់បបុគ្គលិកនេះ ក្រោយពីការលក់រថយន្តនៅចិន និងអាមេរិកធ្លាក់ចុះខ្លាំង ។.png)
បច្ចុប្បន្ន ក្រុមហ៊ុន Nissan រំពឹងថា ប្រាក់ចំណេញពីអាជីវកម្មរបស់ខ្លួនក្នុងឆ្នាំ២០២៤ នឹងស្មើត្រឹមតែ១សែន ៥ម៉ឺនលានយ៉េនប៉ុណ្ណោះ គឺធ្លាក់ចុះពីការរំពឹងទុករបស់ក្រុមហ៊ុន នៅខែកក្កដា ឆ្នាំ២០២៤ ស្មើនឹង៥សែនលានយ៉េន ។ រីឯប្រាក់ចំណូលសរុបពីការលក់រថយន្ត ស្មើត្រឹមតែ១២លាន ៧សែនលានយ៉េន ដែលធ្លាក់ចុះពីចំនួន១៤លានលានយ៉េន ។.png)
Nissan បញ្ជាក់ថា ពុំអាចប៉ាន់ស្មានប្រាក់ចំណេញបានទេ ដោយសារក្រុមហ៊ុនបានព្យាយាមស្តារអាជីវកម្ម ។ នៅឆមាសទី១ ឆ្នាំ២០២៤ ប្រាក់ចំណេញរបស់ក្រុមហ៊ុនបានធ្លាក់ចុះរហូតដល់៩៤% ដែលធ្វើឱ្យក្រុមហ៊ុនពិចារណាលក់ភាគហ៊ុនមួយចំនួនក្នុងក្រុមហ៊ុន Mitsubishi Motors Corp. ។
ប្រធានក្រុមហ៊ុន Nissan ឈ្មោះ Makoto Uchida បានបង្ហាញពីការទទួលខុសត្រូវក្នុងការធ្លាក់ចុះប្រាក់ចំណេញជាលើកទី២ និងទទួលស្គាល់ថា វាជាការបរាជ័យយ៉ាងខ្លាំងរបស់ក្រុមហ៊ុន ។ បញ្ហាប្រឈមចម្បង គឺការលក់រថយន្តនៅអាមេរិកខាងជើងធ្លាក់ចុះ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២៤ ដែលផ្ទុយគ្នាពីការលក់រថយន្តរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ។
លើសពីនេះ រថយន្ត Nissan ចំនួន១០ម៉ាក ដែលធ្លាប់លក់ដាច់នៅអាមេរិក បែរជាលក់ដាច់តែ១ម៉ាកប៉ុណ្ណោះ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ។ មូលហេតុសំខាន់ គឺក្រុមហ៊ុនផ្តោតលើការផលិតរថយន្តអគ្គិសនីខ្លាំងជាងរថយន្តធម្មតា ហើយទីផ្សារពិភពលោក ត្រូវការរថយន្តធម្មតាច្រើនជាងមុន ។
មតិមួយចំនួនលើកឡើងថា ពេលជំងឺកូវីដឆ្លងរាតត្បាតនៅឆ្នាំ២០២២ រថយន្តថ្មីៗអាចលក់បានតម្លៃខ្ពស់ ប៉ុន្តែ Nissan ពុំបានត្រៀមខ្លួនអ្វីទាំងអស់ក្នុងពេលក្រុមហ៊ុនទទួលបានប្រាក់ចំណេញច្រើន ដែលខុសពីក្រុមហ៊ុនប្រកួតប្រជែង គឺ Toyota Motor ៕










