រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខោអាវជជុះទទួលបានការពេញនិយមយ៉ាងខ្លាំងពីមនុស្សភាគច្រើន ដោយសារមានតម្លៃថោកអាចឱ្យពួកគេសន្សំសំចៃប្រាក់ទុកទិញសម្ភារៈផ្សេងទៀត ។ ប៉ុន្តែអ្នកជំនាញមួយចំនួននិយាយថា អ្នកទិញខោអាវជជុះគួរតែប្រុងប្រយ័ត្នផលប៉ះពាល់សុខភាព ដោយសារវាពោរពេញទៅដោយមេរោគយ៉ាងច្រើន ។
សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Leicester ប្រទេសអង់គ្លេស បានដាស់តឿនទៅកាន់អ្នកនិយមទិញខោអាវជជុះថា បើទោះជាមានតម្លៃថោកក្តី ប៉ុន្តែវាពោរពេញទៅដោយមេរោគយ៉ាងច្រើន ។ សាស្ត្រាចារ្យរូបនេះបានសរសេរក្នុងគេហទំព័ររបស់អង្គការមិនស្វែងរកប្រាក់ចំណេញឈ្មោះ «The Conversion» ថា បច្ចុប្បន្ន មនុស្សភាគច្រើននិយមទិញខោអាវជជុះដោយសារពុំប៉ះពាល់បរិស្ថាន ប៉ុន្តែចូរកុំភ្លេចថា ខោអាវជជុះជាកន្លែងផ្ទុកមេរោគខ្លាំងបំផុត ។

ដូច្នេះ គួរតែបោកគក់ និងបាញ់ថ្នាំសម្លាប់មេរោគមុនពេលស្លៀកពាក់ ដើម្បីកុំឱ្យវាចម្លងមេរោគមកខ្លួនយើង ។ នាពេលថ្មីៗនេះ គេបានរកឃើញមេរោគក្នុងខោអាវជជុះដែលកើតនៅលើស្បែកអ្នកស្លៀកពាក់មុន ហើយមេរោគទាំងនេះនៅតែជាប់ខោអាវជានិច្ច បើទោះទុកវារយៈពេលច្រើនឆ្នាំក្តី ។ លើសពីនេះ ហាងមួយចំនួនពុំបានសម្អាត ឬបោកគក់ខោអាវទាំងនេះទេ មុនពេលលក់ឱ្យអតិថិជន ។.png)
ចំណែកវិធីកម្ចាត់មេរោគលើខោអាវជជុះយ៉ាងត្រឹមត្រូវ គឺត្រូវបោកវាដោយម្សៅសាប៊ូជាមួយទឹកក្តៅ ដែលមានសីតុណ្ហភាពមិនក្រោម៦០អង្សារសេ ។ បន្ទាប់មក ត្រាំខោអាវជជុះក្នុងទឹកក្តៅ ចាប់ពី២០នាទី ទៅ១ម៉ោង និងយកទៅហាលថ្ងៃឱ្យស្ងួត ដោយវិធីនេះមិនត្រឹមតែធ្វើឱ្យខោអាវថ្មីស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាអាចកម្ចាត់មេរោគបានល្អ ។ រីឯការបោកខោវអាវដោយទឹកធម្មតា ពុំអាចកម្ចាត់មេរោគទេ ។
ប៉ុន្តែបើពុំអាចបោកខោអាវដោយទឹកក្តៅបាន គឺអាចបោកដោយទឹកត្រជាក់ធម្មតាផ្សំជាមួយម្សៅសាប៊ូ ប៉ុន្តែត្រូវប្រើប្រាស់ថ្នាំកម្ចាត់មេរោគផងដែរ ។ ក្រៅពីនេះ ពុំគួរបោកគក់ខោអាវជជុះលាយឡំជាមួយខោអាវស្លៀកពាក់ប្រចាំថ្ងៃទេ ពីព្រោះវានឹងចម្លងមេរោគទៅខោអាវធម្មតា ។.png)
ដោយឡែក លោកវេជ្ជបណ្ឌិត សុវណ្ណឆ័យ វឌ្ឍនាយីងចារើនឆ័យ មកពីនាយកដ្ឋានសុខាភិបាលប្រទេសថៃនិយាយថា អ្នកនិយមទិញខោអាវជជុះតាមផ្សារណាត់ ដោយសារតម្លៃថោក ឬម៉ូតទាន់សម័យ គួរយកចិត្តទុកដាក់ជ្រើសរើសឱ្យបានល្អ និងទិញពីហាងព្យួរត្រឹមត្រូវ ។ ពុំគួរទិញខោអាវជជុះដាក់គរលើគ្នាលើដី ឬព្យួរជាប់ៗគ្នាទេ ។
ពេលទិញខោអាវជជុះ ត្រូវតែពាក់ម៉ាស់បិទមាត់ បិទច្រមុះ ដើម្បីការពារកំទេចមេរោគ ហើយហាមដាច់ខាតទិញខោអាវផលិតពីស្បែកសត្វ ឬរោមសត្វ ដោយសារវាប្រមូលផ្តុំមេរោគ និងពិបាកសម្អាត ។ ខោអាវជជុះពុំបានសម្អាតត្រឹមត្រូវនឹងបណ្តាលឱ្យឆ្លងជំងឺផ្សេងៗ ជាពិសេស ជំងឺស្បែក រីឯអ្នកមានជំងឺប្រចាំកាយនឹងកាន់តែឈឺធ្ងន់ធ្ងរ ។ គួរបោកគក់ជាមួយទឹកក្តៅ និងយកទៅហាលពេលថ្ងៃក្តៅខ្លាំង រួចហើយអ៊ុតផ្នែកខាងក្នុង និងខាងក្រៅ ៕










