អ្នកមួយចំនួនអាចដឹងនិងមិនដឹងថាតារាចម្រៀង ទេព បូព្រឹក្ស និង តារាចម្រៀង ពេជ្រ សូលីកា គឺជាមិត្តភក្តិស្និទ្ធស្នាលនឹងគ្នាក្នុងអាជីពសិល្បៈ។ ប៉ុន្តែថ្មីៗនេះ ទេព បូព្រឹក្ស បានទម្លាយរឿងអ្នកទាំងពីរធ្លាប់មិននិយាយស្តីរកគ្នា តែសន្យាថានឹងលែងងរងក់ដាក់គ្នាបន្ទាប់ពីក្លាយជាម្តាយគេរៀងៗខ្លួន។
ក្នុងពិធីមង្គលការតារាចម្រៀងនិងជាពិធីការិនី សុភ័ក្រ កុសុម៉ា បានញុំាងឱ្យសិល្បករ សិល្បការិនីបានជួបជុំគ្នាយ៉ាងសប្បាយរីករាយក្នុងពិធីមង្គលជ័យមួយនេះ។ ជាមិត្តជិតស្និទ្ធ ទេព បូព្រឹក្ស ក៏មិនភ្លេចដឹកដៃ ជី ដេវីត ចូលរួមអបអរមិត្តភក្តិផងដែរ។ ក្រោមការជួបជុំនេះ ទេព បូព្រឹក្ស ក៏បានបង្ហាញពី ពេជ្រ សូលីកា ដែលជាមិត្តរាប់អានគ្នាជាង១០ឆ្នាំទាំងធ្លាប់មិននិយាយស្តីរកគ្នា។

នៅថ្ងៃទី៥ វិច្ឆិកា ទេព បូព្រឹក្ស បានបង្ហោះរូបជាមួយ ពេជ្រ សូលីកា ដោយបានដាក់ចំណងជើងថា «ម៉ាក់ Albert & ម៉ាក់អូន Aari គិតទៅ ១០ឆ្នាំជាងហើយដែលយើងជាមិត្តនឹងគ្នា អាអត់និយាយរកគ្នានោះក៏មានអី ក៏មាន តែឡូវមានកូនរៀងៗខ្លួនហើយសន្យាថានឹង ចាស់ចិត្តចាស់គំនិត លែងងក់ងរគ្នាហើយ»។
បច្ចុប្បន្នអ្នកទាំងពីរសុទ្ធតែជាតារាចម្រៀងឯករាជ្យដូចគ្នា ខណៈអ្នកគាំទ្រកើតចិត្តស្រមៃចង់ឱ្យចាប់ដៃគូគ្នាម្នាក់ច្រៀង និងម្នាក់ទៀតរ៉េប។ ទោះបីជាគ្មានផលិតកម្មធំជាខ្នងបង្អែកទស្សនិកជនបានឃើញថា ពេជ្រ សូលីកា និង ទេព បូព្រឹក្ស នៅតែអាចសាងប្រជាប្រិយភាពក្នុងអាជីពបានដដែល។
ពេជ្រ សូលីកា បានក្រសោបភាពល្បីល្បាញតាមរយៈបទមនោសញ្ចេតនាស្នេហាឈឺចាប់ ចេញបទម្តងៗផ្ទុះការគាំទ្រមានអ្នកស្តាប់ខ្ទង់លាន។ ចំណែក ទេព បូព្រឹក្ស វិញគឺមានភាពពេញនិយមទៅលើបទសាហាវៗ ចង្វាក់រាំនិងរ៉េបតាមគូស្នេហ៍៕