ក្រុមហ៊ុន Tesla បានរចនារថយន្តម៉ាក Model Y ឱ្យក្លាយជាម៉ាក Tesla Model Y Juniper ដែលមានលក្ខណៈលេចធ្លោ និងបច្ចេកវិទ្យាទំនើប ដើម្បីមានប្រៀបក្នុងការប្រកួតប្រជែងលើទីផ្សាររថយន្តពិភពលោក និងអាចប្រកួតជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ។
ក្រុមហ៊ុនបានបំពាក់អំពូល LED ពេញទាំងផ្នែកខាងមុខ និងខាងក្រោយរថយន្ត Tesla Model Y Juniper ។ ការរចនារថយន្តបែបនេះបានធ្វើឱ្យអតិថិជននឹកឃើញដល់រថយន្តចិនម៉ាក Xpeng ហើយគិតថា Tesla រចនារថយន្តរបស់ខ្លួនឱ្យស្រដៀងរថយន្តចិន ដើម្បីទាក់ទាញអតិថិជនចិន ។
Tesla មានគម្រោងផលិតរថយន្ត Model Y Juniper នៅចុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរោងចក្រ Giga Shanghai របស់ Tesla ។ ក្រុមហ៊ុនរំពឹងថា នឹងលក់រថយន្ត៥កៅអី នៅត្រីមាសទី១ ឆ្នាំ២០២៥ និងរថយន្ត៧កៅអី នៅត្រីមាសទី៤ ឆ្នាំ២០២៥ ។
.png)
ការបង្ហាញរថយន្តម៉ាក Model Y Juniper នេះ បានបង្ហាញពីយុទ្ធសាស្ត្ររបស់ Tesla ដើម្បីរក្សាចំណែកទីផ្សាររថយន្តអគ្គិសនីនៅប្រទេសចិន ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ។ កន្លងមក Tesla បានប្រឈមនឹងសម្ពាធពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីថ្មីៗ ដូចជា ៖ Onvo, Xpeng និង Zeekr ដែលក្រុមហ៊ុនទាំងនេះបានផលិតរថយន្តជាច្រើនសម្រាប់ប្រជែងក្នុងទីផ្សារ ។
រថយន្ត Model Y Juniper បានបង្ហាញពីយុទ្ធសាស្ត្រទីផ្សាររបស់រថយន្តអគ្គិសនីម៉ាក SUV ដ៏ពេញនិយមរបស់ Tesla ហើយរថយន្ត Model Y Juniper ត្រូវបានរចនាឡើងសម្រាប់លក់នៅចិន និងតម្រូវចិត្តអតិថិជនចិន ។ Tesla នៅតែនាំមុខក្នុងទីផ្សាររថយន្តអគ្គិសនីលើពិភពលោក និងមានសក្តានុពលកំណើនខ្ពស់ ជាពិសេស នៅចិន ដោយសាររដ្ឋាភិបាលចិនគាំទ្រការលក់រថយន្ត Model Y Juniper និងរថយន្តថ្មីៗ ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិន នាថ្ងៃអនាគត ។
ក្រុមហ៊ុន Tesla មានឈ្មោះល្បីល្បាញផ្នែកពូកែច្នៃប្រឌិត ដូចជា ៖ បច្ចេកវិទ្យាថ្ម, ប្រព័ន្ធបើកបរស្វ័យប្រវត្តិ និង Software ហើយធ្វើឱ្យក្រុមហ៊ុននេះមានប្រៀប និងអាចទាក់ទាញវិនិយោគិន ដែលកំពុងស្វែងរកក្រុមហ៊ុនមានសក្តានុពលខ្លាំងរយៈពេលវែង ។
លើសពីនេះ Tesla បានពង្រីកទីផ្សាររថយន្តរបស់ខ្លួនពាសពេញពិភពលោក ព្រមទាំងក្នុងតំបន់អាស៊ានផងដែរ ហើយរថយន្តរបស់ Tesla ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន ៕










