ប្រទេសអូស្ត្រាលី ៖ បញ្ហាសុខភាពដែលតែងតែកើតឡើងចំពោះមនុស្សជាច្រើន ជាពិសេស បុគ្គលិកធ្វើការក្នុងការិយាល័យ គឺការឈឺខ្នងធ្ងន់ធ្ងរ និងជំងឺពាក់ព័ន្ធចរន្តឈាម ដែលធ្វើឱ្យបុគ្គលិកការិយាល័យនិយាយថា អ្នកធ្វើការឈរនឹងពុំប៉ះពាល់សុខភាពខ្លាំងដូចអ្នកធ្វើការក្នុងការិយាល័យទេ ។ ប៉ុន្តែនេះជាការយល់ខុស ពីព្រោះតាមលទ្ធផលការស្រាវជ្រាវថ្មីនៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ បញ្ជាក់ថា ការឈរយូរពេកនឹងប៉ះពាល់សុខភាពខ្លាំង ។.png)
ការស្រាវជ្រាវថ្មីនេះបានផ្សព្វផ្សាយ កាលពីថ្ងៃទី១៦ ខែតុលា កន្លងមកថា ការឈរធ្វើការយូរ ឬឈរជាច្រើនម៉ោងជាប់ៗគ្នា ពុំអាចជួយកាត់បន្ថយជំងឺសរសៃឈាមក្នុងបេះដូងទេ ប៉ុន្តែវានឹងប្រឈមជាមួយជំងឺធ្ងន់ធ្ងរពាក់ព័ន្ធនឹងចរន្តឈាម ។.png)
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យស៊ីដនី ប្រទេសអូស្ត្រាលីចង់ដឹងច្បាស់ថា តើការឈរធ្វើការជាច្រើនម៉ោង គឺជាជម្រើសល្អសម្រាប់សុខភាពដែរឬទេ បើប្រៀបធៀបនឹងការអង្គុយធ្វើការពេញមួយថ្ងៃ ពីព្រោះតាមការស្រាវជ្រាវកន្លងមកបញ្ជាក់ថា ការអង្គុយធ្វើការពេញមួយថ្ងៃនឹងប្រឈមជាមួយជំងឺផ្សេងៗ ជាពិសេស ជំងឺសរសៃឈាមបេះដូង ។
ក្រុមស្រាវស្រាវអូស្ត្រាលីរកឃើញថា ការឈរធ្វើការយូរពេក ពុំអាចជួយកាត់បន្ថយការកើតជំងឺសរសៃឈាមបេះដូងទេ ប៉ុន្តែការឈរយូរនឹងធ្វើឱ្យកើតជំងឺពាក់ព័ន្ធនឹងចរន្តឈាម ជាពិសេស អ្នកឈរយូរលើសពី៣០នាទី និងពុំបានអង្គុយសោះ ។ ក្រុមអ្នកស្រាវជ្រាវបានវិភាគទិន្នន័យពីអ្នកចូលរួមមានអាយុច្រើន ស្មើជាង៨ម៉ឺន៣ពាន់នាក់ នៅអង់គ្លេស ។ អ្នកចូលរួមម្នាក់ៗទទួលបានការវិភាគទិន្នន័យពីស្ថានភាពបេះដូង និងជំងឺពាក់ព័ន្ធចរន្តឈាម តាមរយៈការពាក់ឧបករណ៍ទំនើប ។
.png)
ដូចគ្នានេះ អ្នកជំនាញនិយាយថា ការឈរយូរពេកមានផលប៉ះពាល់សុខភាពយ៉ាងខ្លាំង មិនខុសពីការអង្គុយធ្វើការពេញមួយថ្ងៃទេ គឺវានឹងបង្កជាជំងឺពាក់ព័ន្ធចរន្តឈាម ។ ការឈរយូរពុំបានជួយឱ្យសុខភាពបេះដូង និងចរន្តឈាមល្អប្រសើរ ដូចការយល់ឃើញកន្លងមកទេ ។ រីឯអង្គុយធ្វើការលើសពី១០ម៉ោងក្នុង១ថ្ងៃ នឹងប្រឈមជាមួយជំងឺសរសៃឈាមបេះដូង និងធ្វើឱ្យចរន្តឈាមខុសប្រក្រតី ។

ផ្ទុយទៅវិញ គ្រូពេទ្យជំនាញសរសៃឈាមនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកលើកឡើងថា លទ្ធផលការស្រាវជ្រាវនេះ គឺផ្ទុយពីការស្រាវជ្រាវកន្លងមកដែលបញ្ជាក់ថា ការឈរយូរល្អដល់សុខភាពជាងការអង្គុយយូរ ។ ប៉ុន្តែការស្រាវជ្រាវនេះ និងការស្រាវជ្រាវកន្លងមក បានផ្តោតសំខាន់លើការធ្វើចលនារាងកាយ ទើបមានសុខភាពល្អជាងការឈរស្ងៀម ឬអង្គុយស្ងៀម ។ ចំណុចសំខាន់ គួរហាត់ប្រាណ ជាពិសេស អេរ៉ូប៊ិក ឬធ្វើចលនារាងកាយផ្អែកលើអុកស៊ីសែន ដូចជា ៖ ការដកដង្ហើម ។
អ្នកជំនាញនិយាយថា បើត្រូវអង្គុយយូរ ឬឈរយូរ ចូរព្យាយាមធ្វើចលនារាងកាយឱ្យបានញឹកញាប់ ចាប់ពី២០នាទី ទៅ៣០នាទី ដើម្បីឱ្យរាងកាយបានសម្រាក ហើយវានឹងអាចកាត់បន្ថយការឈឺខ្នង និងកើតជំងឺផ្សេងៗ ។ ហេតុនេះ ឈរយូរពេកក៏មិនល្អ អង្គុយយូរពេកក៏មិនល្អ ប៉ុន្តែការធ្វើចលនារាងកាយខ្លះៗនឹងផ្តល់ផលល្អដល់សុខភាព ៕










