មរ.ណភាពរបស់លោក កៅ សីហា ផលិតករ អ្នកដឹកនាំរឿងដ៏មានប្រជាប្រិយភាពមួយរូបប្រចាំផលិតកម្មរស្មីហង្សមាសកាលពីម្សិលមិញនេះបានធ្វើឱ្យអ្នកគាំទ្រ អ្នកក្នុងជួរសិល្បៈមានការសោកស្តាយនិងរន្ធត់ចិត្តជាខ្លាំង។ ការបាត់បង់លោក កៅ សីហា គឺជាការបាត់បង់ធនធានសិល្បៈមួយរូបខណៈលោកបានបន្សល់នូវស្នាដៃជាច្រើនហើយស្នាដៃការដឹកនាំរបស់លោកជាមួយ Peypey dy លោក ទ្រី សក្កដា ក៏ត្រៀមនឹងចាក់បញ្ចាំងក្នុងរោងកុនផងដែរ។
កាលពីថ្ងៃទី២០ ខែតុលា អ្នកសិល្បៈជាច្រើនបានបង្ហើបដំណឹងថាលោក កៅ សីហា កំពុងស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ីដោយសារតែដាច់សរសៃឈាមក្នុងខួរក្បាល។ ដោយសារសភាពធ្ងន់ធ្ងរក្រុមគ្រួសារសម្រេចចិត្តនឹងបញ្ជូនលោកទៅព្យាបាលបន្តនៅប្រទេសវៀតណាម ប៉ុន្តែជាអកុសលលោកមិនអាចឆ្លងផុតគ្រោះថ្នាក់បាន បានលាចាកលោកមុននឹងទៅព្យាបាលនៅក្រៅប្រទេស។.png)
ភ្លាមៗនៃការចែកឋានរបស់លោក កៅ សីហា ដែលជាអ្នកដឹកនាំរឿង ផលិតករមួយរូបនេះបានធ្វើឱ្យអ្នកក្នុងចង្កោមសិល្បៈរន្ធត់ចិត្តពន់ពេកចំពោះការលារបស់លោកទៅយ៉ាងឆាប់រហ័សបែបនេះ។ អ្នកសិល្បៈជាច្រើនបានបង្ហោះសារចូលរួមរំលែកទុក្ខនិងបង្ហាញអារម្មណ៍ថាមិនអាចទទួលយកបាននូវការបាត់បង់ធនធានមួយរូបនេះ។
អ្នកនាង ឱក សុគន្ធកញ្ញា បានសរសេរនៅលើបណ្តាញសង្គមថា «ទទួលយកមិនបានទេបងអើយ ពិតជាលឿនពេកហើយ នៅតែឮសំលេងបងពេញត្រចៀកខ្ញុំ នេះជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូបទៀតនៅក្នុងវិស័យសិល្បៈ ស្នាដៃដែលបងបានសាង ដោយកម្លាំងកាយ កម្លាំងចិត្ត បេះដូងនិងចំណេះវិជ្ជា ស្នាដៃរបស់បងនៅតែជាចងចាំរបស់ពួកយើង ពេលនេះបងលាទៅគ្មានថ្ងៃត្រឡប់ សូមឱ្យវិញ្ញាណក្ខន្ធបងទៅកាន់ទីដ៏ស្ងប់សុខ»។
ងាកទៅកាន់ Peypey Dy ដែលបានរួមការងារជាមួយលោក កៅ សីហា ក្នុងខ្សែភាពយន្ត ភូមិគ្រិះអាគម ដែលត្រៀមនឹងបញ្ចាំងក្នុងរោងកុនឆាប់ៗនេះបានលើកឡើងថា « សូមចូលរួមរំលែកទុក្ខចំពោះគ្រួសារសពផង បងកៅ សីហា ជាមនុស្សគួរឱ្យគោរព ជាបងប្រុសដ៏ល្អម្នាក់ដែលតែងតែចង់ឃើញប្អូនៗបានជោគជ័យ គ្រប់ពេលនៅក្បែរគាត់តែងតែមានសំលេងសើចសប្បាយ គាត់ជាមនុស្សរួសរាយ និងយកចិត្តទុកដាក់ចំពោះការងារ ។ ក្នុងដំណើរប្រឡូកលើវិស័យភាពយន្តដំបូងរបស់ប្អូនម្នាក់នេះ បងបានចូលរួមជួយប្អូនជាច្រើន យើងបានចំណាយពេលវេលាជាមួយគ្នា វាជិតចេញជាលទ្ធផលសម្រេចហើយ តែទីបំផុតបងក៏ទៅចោលប្អូនហើយសូមបងបានទៅទីស្ងប់សុខ»។
អ្នកនាង សុគន្ធ និសា បានបង្ហាញអារម្មណ៍តក់ស្លុតថា «ព្រះអើយបងអើយបង គ្រាន់តែបានដឹងដំណឹងថាបងសង្គ្រោះបន្ទាន់ ថានឹងរៀបទៅមើលបងតែបានដឹងថាបានយកទៅប្រទេសក្រៅបាត់ហើយមិនអាចទៅមើលបាន ហើយឥឡូវនេះបានទទួលដំណឹងបងទទួលមរណៈភាពបាត់ទៅហើយ ពិបាកទទួលយកណាស់ពិតជាលឿនអីយ៉ាងនេះបង។ នាងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់ក្រុមគ្រួសារបងប្រុស កៅ សីហា អ្នកដឹកនាំរឿងរាជនីភូមិគ្រះ សូមបងបានទៅកាន់ទីស្ងប់»។
ក្រៅពីអ្នកនាង ឱក សុគន្ធកញ្ញា Peypey Dy អ្នកនាង សុគន្ធនិសា អ្នកសិល្បៈជាច្រើនរូបទៀតបានបង្ហោះសារចូលរួមរំលែកទុក្ខ និងបង្ហាញការសោកស្តាយចំពោះការបាត់បង់លោក កៅ សីហា ទៅយ៉ាងឆាប់រហ័សបែបនេះ។
ក្នុងអាជីពរបស់ខ្លួន លោក កៅ សីហា ចាប់ផ្តើមដំបូងគឺបានបោះជំហានសម្រាប់ការដឹកនាំវីដេអូចម្រៀង (MV) បន្ទាប់មកដឹកនាំTVC ទៅតាមផលិតផល និងបានដឹកនាំរឿងភាគ រាជនីភូមិគ្រិះ ជាស្នាដៃដំបូងនៃវិស័យរឿងភាគ ដែលបានថតក្នុងឆ្នាំ២០១៧ ៕










