មនុស្សជាច្រើននាក់ឆ្ងល់ថា នៅពេលសត្វក្រពើស៊ីចំណីម្តងៗ ហេតុអ្វីបានជាទឹកភ្នែករបស់វាហូរ? ទឹកភ្នែកហូរបែបនេះ ដោយសារតែវាអាណិតអាសូរសត្វដែលវាកំពុងស៊ី ឬមកពីមូលហេតុផ្សេង? សំណួរនេះត្រូវបានអ្នកលេងបណ្តាញសង្គមសួរយ៉ាងច្រើនកាលពីពេលកន្លងមក ដែលធ្វើឱ្យអ្នកជំនាញផ្នែកសត្វ ចេញមុខបកស្រាយបែបនេះ ។
ភ្នាក់ងារអភិរក្សសត្វព្រៃនៅប្រទេសថៃបានបកស្រាយថា ពាក្យថា «ទឹកភ្នែកក្រពើ» ឬបកប្រែមកពីពាក្យអង់គ្លេសថា «Crocodile Tears» ដោយសារគេរកឃើញថា ពេលក្រពើស៊ីចំណី វានឹងមានទឹកភ្នែកហូរមកក្រៅផងដែរ ទើបធ្វើឱ្យមនុស្សខ្លះយល់ថា ក្រពើអាណិតសត្វដែលវាកំពុងស៊ី ។ ប៉ុន្តែដើម្បីឱ្យខ្លួនវាមានជីវិតរស់នៅបន្តទៀត គឺវាត្រូវតែបង្ខំចិត្តស៊ីចំណី ។ ការយល់ឃើញបែបនេះ ដោយសារពួកគេគិតថា ទឹកភ្នែកក្រពើ គឺមានន័យថា ជាទុក្ខសោករបស់សត្វមានអំណាចដែលពុំអាចបញ្ចេញឱ្យគេឃើញ ។
ភ្នាក់ងារអភិរក្សសត្វព្រៃបន្តទៀតថា ការពិត ការបង្ហូរទឹកភ្នែករបស់សត្វក្រពើ មិនមែនមានន័យថា វាអាណិតសត្វដែលវាកំពុងស៊ីក្នុងមាត់ទេ ។ ក្រពើនឹងមានក្រពេញទឹកភ្នែក ដែលមានតួនាទីបង្កើតទឹកភ្នែកហូរចេញមកដូចមនុស្សដែរ ។ ប៉ុន្តែខុសគ្នានៅត្រង់ថា ទឹកភ្នែកក្រពើពុំទាក់ទងនឹងអារម្មណ៍របស់វាទេ ។
ហេតុអ្វីក្រពើតែងតែហូរទឹកភ្នែកពេលវាកំពុងស៊ីចំណី? ចម្លើយ គឺការហូរទឹកភ្នែករបស់ក្រពើកើតឡើងដោយសារវាធ្វើចលនាថ្គាមក្នុងអំឡុងពេលកំពុងទំពារចំណីយ៉ាងឆាប់រហ័ស ហើយធ្វើឱ្យសរសៃប្រសាទដែលមានអារម្មណ៍លើផ្ទៃមុខ និងគ្រប់គ្រងចលនានៅបរិវេណនេះ ទៅប៉ះទង្គិចជាមួយក្រពេញទឹកភ្នែក ។ ដូច្នេះ ទឹកភ្នែកវាក៏ហូរចេញមកក្រៅ ហើយនេះជាធម្មជាតិរបស់វា ។
ដូចគ្នានេះ លោក ជេស្តា ឌេនឌួង បរិផាន់ សាស្ត្រាចារ្យនៅសាកលវិទ្យាជូឡាឡុងកន ប្រទេសថៃ បានចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងរឿងនេះតាមរយៈហ្វេសប៊ុកឈ្មោះ «Jessada Denduangboripant» ថា បើទោះជាក្រពើមានក្រពេញទឹកភ្នែក មានតួនាទីបង្កើតទឹកភ្នែកដូចមនុស្សក្តី ប៉ុន្តែទឹកភ្នែកវាហូរពេលកំពុងទំពារចំណីនោះ ពុំមែនវាអាណិតចំណីទេ ។ ប៉ុន្តែបណ្តាលមកពីឆ្អឹងថ្គាមក្រពើទៅប៉ះជាមួយក្រពេញទឹកភ្នែករបស់វា ហើយធ្វើឱ្យទឹកភ្នែកហូរមកដោយស្វ័យប្រវត្តិ ។
លោកបន្ថែមថា បើប្រៀបធៀបជាមួយមនុស្សយើងវិញ គឺដូចគ្នានឹងអ្នកណាម្នាក់បានប្រព្រឹត្តខុសឆ្គង ហើយធ្វើពុតជាយំហូរទឹកភ្នែក ។ ប៉ុន្តែការពិត អ្នកនោះពុំបានសោកស្តាយពិតប្រាកដទេ ហើយការយំនេះ គឺគ្រាន់តែដើម្បីបិទបាំងកុំឱ្យគេចាប់អារម្មណ៍នឹងកំហុសរបស់ខ្លួនប៉ុណ្ណោះ ៕