Wifi គឺបច្ចេកវិទ្យាឥតខ្សែមានការរីកចម្រើនយ៉ាងទូលំទូលាយគួរឱ្យកត់សម្គាល់ នៅទសវត្សរិ៍ចុងក្រោយនេះ ហើយស្ទើរតែគ្រប់ទីកន្លែងទាំងអស់មិនថា នៅផ្ទះ កន្លែងធ្វើការ នៅក្នុងបណ្ណាល័យសាលារៀន ព្រលានយន្តហោះ សណ្ឋាគារ និងសូម្បីតែនៅក្នុងភោជនីយដ្ឋានមួយចំនួន ក៏ភ្ជាប់ប្រព័ន្ធទំនើបនេះដែរ។ ទោះជាយ៉ាងណាលោកអ្នកដែលកំពុងជួបបញ្ហាដាច់ Wifi ហើយព្យាយាមទាក់ទងទៅអ្នកផ្តល់សេវាដើម្បីជួសជុលញឹកញាប់ អាចនឹងធ្វើឱ្យអ្នកធុញទ្រាន់ និងខាតពេលវេលាច្រើន។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងប្រាប់ពីវិធីកែលម្អ Wifi គ្រួសារឱ្យដើរលឿនវិញដោយខ្លួនឯង មិនចាំបាច់ពឹងពាក់នរណាម្នាក់ឡើយ៖
១.ផ្លាស់ទីរ៉ោតទ័រទៅកន្លែងផ្សេង៖ យោងតាមក្រុមហ៊ុន Ofcom ការដាក់រ៉ោតទ័រនៅក្នុងទូ ឬធ្នើសៀវភៅ ឬនៅជ្រុងជញ្ជាំងក្បែរឧបករណ៍អេឡិចត្រូនិចគឺមិនមែនជាគំនិតល្អនោះទេ ព្រោះវាអាចធ្វើឱ្យសញ្ញា wifi ចុះខ្សោយ។ ឧបករណ៍ដូចជា ស្មាតហ្វូន កុំព្យូទ័រ ទូរទស្សន៍ និងជាពិសេស microwaves អាចប៉ះពាល់ដល់ល្បឿន wifi ប្រសិនបើពួកវានៅជិត router ពេក។
ដូច្នេះបើយោងតាមអ្នកជំនាញទីតាំងរបស់រ៉ោតទ័រត្រូវបានដាក់មួយម៉ែត្រ ឬច្រើនជាងនេះពីលើកំរាលឥដ្ឋ មិនត្រូវដាក់លើឧបករណ៍អេឡិចត្រូនិចផ្សេងទៀតទេ គួរដាក់វាឱ្យនៅតែឯង ឬដាក់នៅកន្លែងកណ្តាលដើម្បីឱ្យអាំងតង់ស៊ីតេរលកកាន់តែល្អដើរលឿន។ លើសពីនេះទៀត ឧបករណ៍ដែលប្រើកម្រិតបញ្ជូនច្រើនដូចជាម៉ាស៊ីនហ្គេម ឬកុំព្យូទ័រយួរដៃ គួរតែត្រូវបានដាក់នៅជិតរ៉ោតទ័រ ហើយឧបករណ៍ដែលមិនត្រូវការកម្រិតបញ្ជូនច្រើន ដូចជាឧបករណ៍បញ្ជាឆ្លាតវៃ អាចត្រូវបានដាក់នៅឆ្ងាយជាងនេះ។
២.ចាប់ផ្តើមរ៉ោតទ័រឡើងវិញ៖ ប្រសិនបើអ្នកនៅតែប្រើប្រាស់វ៉ាយហ្វាយ 2.4 GHz និងជួបប្រទះបញ្ហាល្បឿនអ៊ីនធឺណិតញឹកញាប់។ ហេតុនេះអ្នកគួរចាប់ផ្តើមរ៉ោតទ័រឡើងវិញ ដោយប្តូរទៅប្រើ 5 GHz នឹងជួយឱ្យរ៉ោតទ័រជ្រើសរើសឆានែលល្អបំផុតដោយមានការរំខានតិចបំផុតក្នុងអំឡុងពេលដំណើរការ។
៣.ផ្លាស់ប្តូរឆានែលឬប្រេកង់៖ សញ្ញា Wifi ត្រូវបានបែងចែកទៅជាឆានែល ដូច្នេះរ៉ោតទ័រប្រើឆានែលជាក់លាក់មួយដើម្បីទំនាក់ទំនងជាមួយឧបករណ៍ដែលបានភ្ជាប់ទៅវា។ ប្រសិនបើរ៉ោតទ័ររបស់អ្នកជិតខាងរបស់អ្នកប្រើឆានែលដូចគ្នាតាមលំនាំដើម ទោះបីជាវាមិនត្រូវបានភ្ជាប់ដោយផ្ទាល់ទៅបណ្តាញ wifi របស់អ្នកក៏ដោយ វាក៏អាចបណ្តាលឱ្យមានភាពយឺតយ៉ាវផងដែរ ដូច្នេះការផ្លាស់ប្តូរឆានែលអាចធ្វើឱ្យប្រសើរឡើង។
៤.បិទឧបករណ៍ដែលមិនប្រើ៖ យោងតាមក្រុមហ៊ុន Gizchina ឧបករណ៍ដូចជាថេប្លេត ស្មាតហ្វូន និងឧបករណ៍ជាច្រើនផ្សេងទៀតដែលភ្ជាប់ជាមួយ wifi សូមបិទប្រសិនបើអ្នកមិនប្រើពួកវា ដែលទម្លាប់នៃការបិទការតភ្ជាប់មិនត្រឹមតែជួយបង្កើនកម្រិតបញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យឧបករណ៍ពង្រីករយៈពេលប្រើប្រាស់របស់វាផងដែរ៕










