បើតាមក្បួនហុងសុយជឿថា ការឱ្យអ្នកដទៃខ្ចីវត្ថុទាំងនេះ វានឹងធ្វើឱ្យយើងបាត់បង់នូវទ្រព្យសម្បត្តិ មាសប្រាក់ និងលុយកាក់ ហើយជីវិតរបស់យើងកាន់តែលំបាកខ្លាំងឡើង ។ ហេតុនេះ បើទោះជាពួកគេស្និទ្ធស្នាលជាមួយយើងខ្លាំងយ៉ាងណាក្តី ក៏ពុំគួរឱ្យពួកគេខ្ចីវត្ថុទាំងនេះដាច់ខាត បើមិនចង់បាត់បង់លាភសំណាង ។
ខាងក្រោមនេះ គឺជាវត្ថុចំនួន៣ប្រភេទហាមឱ្យអ្នកដទៃខ្ចីដាច់ខាត ៖
១-កញ្ចក់ ៖ កញ្ចក់ ជាវត្ថុប្រើប្រាស់ចាំបាច់ និងពុំអាចខ្វះខាតបានក្នុងជីវិតប្រចាំថ្ងៃ ហើយយើងម្នាក់ៗតែងតែប្រើប្រាស់កញ្ចក់ ដើម្បីតុបតែងខ្លួនឱ្យកាន់តែមានសណ្តាប់ធ្នាប់ ។ បើតាមក្បួនហុងស៊ុយជឿថា កញ្ចក់មានកម្លាំងថាមពលពិសេសអាចស្រូបយករឿងល្អ និងរឿងអាក្រក់ ។ ដូច្នេះ យើងពុំគួរឱ្យអ្នកណាម្នាក់ខ្ចីកញ្ចក់ទៅប្រើប្រាស់ដាច់ខាត ។
លើសពីនេះ យើងក៏ពុំគួរប្រើប្រាស់កញ្ចក់ចាស់ដែរ ពីព្រោះវានឹងនាំមកនូវហេតុការណ៍អាក្រក់ៗមកឱ្យយើង និងក្រុមគ្រួសារ ។ ក្រៅពីនេះ បើមានកញ្ចក់ក្នុងផ្ទះច្រើនពេក ក៏មិនល្អដូចគ្នាដែរ ដោយសារវានឹងធ្វើឱ្យក្រុមគ្រួសារបាក់បែក និងមានរឿងឈ្លោះប្រកែកគ្នា ។
២-កាបូបដាក់ប្រាក់ ៖ កាបូបដាក់ប្រាក់ ត្រូវបានគេចាត់ទុកថា គឺជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ។ ដូច្នេះ យើងពុំគួរឱ្យអ្នកណាម្នាក់ខ្ចីកាបូបដាក់ប្រាក់របស់យើងជាដាច់ខាត ។
ក្រៅពីនេះ ក៏មានជំនឿពាក់ព័ន្ធនឹងការឱ្យអ្នកដទៃខ្ចីប្រាក់ផងដែរ ដូចជា ៖ គួរតែចៀសវាងកុំឱ្យគេខ្ចីប្រាក់ក្នុងថ្ងៃចូលឆ្នាំថ្មី ឬថ្ងៃចូលឆ្នាំចិន ពីព្រោះបើតាមហុងស៊ុយជឿថា បើយើងឱ្យអ្នកដទៃខ្ចីប្រាក់ក្នុងថ្ងៃទាំងនេះ មានន័យថា យើងនឹងបាត់បង់លាភសំណាង ឬសំណាងល្អពីខ្លួន ។
៣-វត្ថុស័ក្តិសិទ្ធិតាមក្បួនហុងស៊ុយ ៖ វត្ថុស័ក្តិសិទ្ធិតាមក្បួនហុងស៊ុយនីមួយៗតែងតែត្រូវបានជ្រើសរើសឱ្យស័ក្តិសមជាមួយបុគ្គលម្នាក់ៗ ដើម្បីឱ្យវត្ថុទាំងនេះនាំមកនូវលាភសំណាងមកឱ្យម្ចាស់ ។ ប៉ុន្តែការឱ្យអ្នកដទៃខ្ចីវត្ថុស័ក្តិសិទ្ធិទាំងនេះ មានន័យថា វាជាការបណ្តេញលាភសំណាង ឬលុយកាក់ឱ្យចេញពីខ្លួនយើង ហើយវានឹងធ្វើឱ្យយើងជួបតែរឿងរ៉ាវអាក្រក់ៗជំនួសវិញ ។
សរុបមក ការរៀបរាប់ទាំងអស់ខាងលើនេះ គឺជាការដកស្រង់តាមជំនឿរបស់ក្បួនហុងស៊ុយ និងជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ ។ រីឯការជឿ ឬពុំជឿនោះ គឺវាអាស្រ័យលើការពិចារណារបស់បុគ្គលម្នាក់ៗថា តើវាសមហេតុសមផលដែរឬទេ ៕
		
	









