គ្រឿងម្ជូរដូចជា ក្តិបស្វាយ, ស្វាយខ្ចី, ម្កាក់, ត្របែក, ប៉ិកួ:, អំពិល, កំពីងរាជ, ខ្វិត និងជាច្រើនមុខទៀត សុទ្ធតែជាអាហារសម្រន់ដែលមនុស្សភាគច្រើនចូលចិត្ត មិនថាប្រុសឬស្រីនោះទេ។ ដោយជាទូទៅគេនិយមញ៉ាំជាមួយអំបិលម្ទេស, កាពិ, ប្រហុក, និងទឹកត្រីស្ករជាដើម ដើម្បីបន្ថែមរសជាតិឱ្យកាន់តែឆ្ងាញ់ពិសា។ ប៉ុន្តែតើអ្នកដឹងទេថា ការញ៉ាំម្ជូរគ្រប់មុខបែបនេះគឺអាចបណ្តាលឱ្យអ្នកប្រឈមនឹងជំងឺធ្ងន់ធ្ងរជាច្រើនដូចជា ជំងឺលើសសម្ពាធឈាម, បញ្ហាតម្រងនោម, ជំងឺពុកឆ្អឹង, ជំងឺបេះដូង និងដាច់សសៃឈាមខួរក្បាល។
លើសពីនេះប្រសិនបើអ្នកឧស្សាហ៍ញុំាម្ជូរញឹកញាប់នឹងធ្វើឱ្យអ្នកមានអាការៈហើម, ស្រេកទឹកខ្លាំង, ផ្លាស់ប្តូរពណ៌ទឹកនោម, ឈឺឆ្អឹង, រមួលក្រពើ, ឈឺក្បាល និងពិបាកផ្តោតអារម្មណ៍ ឬការចងចាំចុះខ្សោយជាដើម។ ដូច្នេះដើម្បីឱ្យការទទួលទានម្ជូររបស់យើងប្រកបដោយសុខភាពល្អយើងត្រូវ៖ ផឹកទឹកឱ្យបានច្រើន ប្តូរទម្លាប់ញុំាម្ជូរមកញុំាបន្លែ និងផ្លែឈើវិញ ឬញ៉ាំម្ជូរយូរៗម្តងបានហើយ ជៀសវាងអាហារដែលសម្បូរដោយជាតិអំបិល និងឧស្សាហ៍ហាត់ប្រាណ ដើម្បីរក្សាភាពសកម្មនៃរាងកាយ។
ទោះជាយ៉ាងណាប្រសិនបើអ្នកញ៉ាំម្ជូរម្តងម្កាល តែមានបញ្ហាដូចជា រាគរូស, ពុលក្អួត ,វិលមុខ ,ឈឺពោះ, រលាកក្រពះ និងឆ្លងជំងឺផ្សេងៗ គឺដោយសារអ្នកញ៉ាំម្ជូរគ្មានអនាម័យ ជាពិសេសគឺម្ជូរដែលគេត្រាំទុកយូរ ឬម្ជូរជ្រក់ ដោយសារម្ជូរទាំងនោះមានជាតិហ្គាសខ្ពស់ ឬជារបស់ដែលនៅសល់ដូច្នេះអ្នកមិនគួរទិញឡើយ។ អ្នកអាចទិញម្ជូរស្រស់ ហើយយកមកក្រឡុកជាមួយអំបិលដោយខ្លួនឯង ទើបជាការល្អហើយមានអនាម័យ។ បន្ថែមពីនេះវាក៏ទាក់ទងទៅនឹងគ្រឿងជ្រលក់ផងដែរដូចជា៖ អំបិល កាពិ ទឹកប្រហុក ទឹកត្រីស្ករ សុទ្ធតែជាគ្រឿងជ្រលក់ជាមួយម្ជូរដ៏ពេញនិយមដើម្បីបង្កើនរសជាតិ។
ប៉ុន្តែបើអ្នកជ្រលក់ច្រើនៗ ហើយញុំារាល់ថ្ងៃទៀត វាអាចបង្កហានិភ័យដល់សុខភាពរបស់អ្នក ដោយសារតែវាមានរសជាតិដិតខ្លាំង ទាំងផ្អែម ទាំងប្រៃ ទាំងហឹរ ដែលប៉ះពាល់ខ្លាំងដល់ក្រពះ សម្ពាធឈាម ជាតិស្ករ នៅក្នុងខ្លួនដែលសុទ្ធតែអាចបង្កជំងឺកាចសាហាវទៅថ្ងៃខាងមុខ។ ជាការពិតណាស់សម្រាប់អ្នកចូលចិត្តម្ជូរ អនាម័យគឺជាកត្តាចំបងដែលអ្នកលក់ម្ជូរគួរតែមាន។ មិនថាអ្នកទៅទិញគេ ឬធ្វើខ្លួនឯងញ៉ាំទេ អ្នកត្រូវមើល និងទុកដាក់ដោយមានគម្របបិតជិត បង្ការកុំឱ្យមានរុយ ឬសត្វល្អិតអ្វីមកទំបានឱ្យសោះ។ វាអាចធ្វើឱ្យអ្នករាគ ឬឆ្លងជំងឺកាចសាហាវផ្សេងៗទៀតដោយមិនដឹងខ្លួន៕