ក្នុងអំឡុងពេលចក្រភពខ្មែរកំពុងថមថយឥទ្ធិពលរបស់ខ្លួន ពិសេសគឺក្រោយការចូលទីវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ ក្នុងឆ្នាំ ១២១៨ ក៏កើតមានការបះបោរផ្តាច់ទឹកដីចេញពីមហានគរនេះ។ ក្នុងនោះមានការបង្កើតនូវនគរតូចមួយ ក្នុងទឹកដីចក្រភពខ្មែរ គឺ «សុខោទ័យ» ដែលជានគរដំបូងរបស់ប្រទេសថៃ (ស្ថិតនៅប៉ែកពាយព្យ)។
ក្រុមបះបោរដែលបង្កើតនគរសុខោទ័យនេះ គឺជាជនជាតិតៃ ក្នុងឆ្នាំ១២៣៨ ដោយស្តេចសោយរាជ្យដំបូង មានព្រះនាមថា Si Inthrathit ឬ Pho Khun Bang Klang Hao ដល់ឆ្នាំ១២៧០។

ទឹកដីនគរសុខោទ័យ កាន់តែរីកធំ ក្រោមការគ្រងរាជ្យរបស់ស្តេចជំនាន់ទី៣ ព្រះនាម Ram Khamhaen (សោយរាជ្យពីឆ្នាំ ១២៧៩ ដល់ ១២៩៨) ពោលគឺទឹកដីបានលាតសន្ធឹងដល់ភាគខាងត្បូង (ជិតព្រំដែនម៉ាឡេស៊ីបច្ចុប្បន្ន) ភាគខាងលិច (បច្ចុប្បន្នជាទឹកដីមីយ៉ាន់ម៉ា) និងដល់ភាគឦសាន (បច្ចុប្បន្នជាក្រុងលួងប្រាបាង ប្រទេសឡាវ)។
ទឹកដីដែលកាន់តែរីកធំនេះ ពុំមែនទាំងអស់សុទ្ធតែការធ្វើសង្គ្រាមឈ្លានពាននោះទេ ពោលគឺមានកុលសម្ព័ន្ធ និងនគរខ្លះ ស្ម័គ្រចិត្តស្ថិតក្រោមចំណុះនគរសុខោទ័យ តាមរយៈចំណងមិត្តភាពផ្សេងៗ ក្នុងនោះរួមមានទាំងនគរ Lan Na ផងដែរ។
យ៉ាងណាមិញ ទោះជានគរសុខោទ័យ មានភាពរុងរឿងយ៉ាងណាក៏ដោយ ក៏មានអាយុកាលត្រឹម ២០០ឆ្នាំប៉ុណ្ណោះ ពោលគឺនៅឆ្នាំ ១៤៣៨ នគរនេះត្រូវរលាយបាត់សូន្យវិញ ក្រោមការវាយលុកពីនគរមួយទៀតរបស់ថៃ គឺ “អយុធ្យា”៕
ប្រភព៖ Britannica