នំអន្សមដែលជាគូរនិងនំគម គឺតែងតែលេចវត្តមាននៅក្នុងឱកាសបុណ្យសំខាន់ៗរបស់ខ្មែរ ជាពិសេសគឺក្នុងបុណ្យចូលឆ្នាំប្រពៃណី បុណ្យភ្ជុំបិណ្ឌ ឬពិធីមង្គលការជាដើម ដោយសង្កេតថា រយៈពេលពី១-២ថ្ងៃមុននឹងពិធី ប្រជាជនខ្មែរភាគច្រើនបាននឹងកំពុងឆ្ការដៃឆ្ការជើងគ្នា រៀបចំ វេចនំនេះឡើងមក ដើម្បីជាធ្វើដង្វាយ ឲ្យទាន់ក្នុងថ្ងៃពិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHY9-LEvan0Sk4lxs2NKWj0Mc50IpoodeIWMWgfafQs6q69cLgjeDbO4J-yui7ZgGtOlZALFfdZFn2hUuJb02aP1kFX2CYkJsdgNoeriHdN1zsoPG-MEz4mNXi_vw9bV0VQcFQ7QKaHfNBcwgG0ooH00JE5ZBVR3sbEIpjUNJQ7pxA-8X01cohp494CSA/s1024/fn-2017-09-18-10-06-48-0.jpg

ពាក្យ «អន្សម» តាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត បានពន្យល់ថា ជាឈ្មោះនំ ធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន។ នំអន្សមគឺមានជាច្រើនប្រភេទដូចជា៖ នំអន្សមស្នូលចេកណាំវ៉ាទុំ ដែលគេហៅថាអន្សមចេក, អន្សមជ្រូក, អន្សមដូងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0ldgHgx4poufs0kVbH0rtTdYr082ns3lMGGcG-QmDP-QB3oOKiRReG44T8vz1XIB3nX2mqsBcxnUx02Hgcvi7eIOHouq2k9muvT4Yifot1nVlHUV9yzNs-hNrjfGmAhuQEHAF2uJtK_DTYCMuancWPzBrCNZZHKik-yH5C28AlBs1YSkfE_SlOJNba1g/s1024/260775460_3057579504561507_804464098281797651_n-1-820x1024.png

ទោះជាយ៉ាងណា យោងតាមឯកសារមួយចំនួន ប្រវត្តិនៃការវេចនំអន្សម គឺត្រូវបានគេជឿជាក់ថា មាននៅក្នុងសម័យព្រះបាទជ័យវរ្ម័នទី៧ ចន្លោះចុងសតវត្សទី១១និងដើមទី១២មកម្លេះ ដែលខណៈគ្រានោះ ប្រទេសកម្ពុជាយើងបានប្រកាន់យកសាសនាព្រាហ្មណ៍ ហើយនំអន្សមនេះទៀតសោត ត្រូវបានគេយកទៅប្រារព្ធយ៉ាងខ្ជាប់ខ្ជួននៅក្នុងពិធីសាសនានេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxydn1MC3ot9xTiNT9pbxO6bzavOqsdLEORYGg88gjMy_lzKY0JTxBIo9tvS_Hn8Oep8xQdtmqR1eIS93ganqYAbkUMZnyuQjqnHDf9IUs89eEIPBm_wtXdxHgxbdnyY8TSHIZBkcgULBZiB0Qrq8eRKKNXsYb0TekLK_a6ivVLY2mgA7ta_hmviqJJ6U/s1920/2-3.png

ក្នុងសាសនាព្រាហ្មណ៍ នំអន្សមគឺតំណាងឲ្យលិង្គរបស់ព្រះឥសូរ ចំណែកនំគមគឺតំណាងឲ្យយោនី នាងឧមា ត្រូវជាមហេសីរបស់ព្រះឥសូរ។ ដោយហេតុថា កម្ពុជាជាប្រទេសដែលធ្លាប់កាន់សាសនាព្រាហ្មណ៍ដ៏ធំមួយដែរក្នុងអតីតកាល ទើបនំអន្សមនិងនំគមបានជ្រាបចូលក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរពីមួយជំនាន់ទៅមួយជំនាន់ បន្តយកនំប្រភេទនេះធ្វើជានំប្រពៃណីជាតិខ្មែរ ដែលបានក្លាយជាកេរ្តិ៍ដំណែលវប្បធម៌ដ៏រុងរឿង និងជាមោទនភាពសម្រាប់កូនខ្មែរគ្រប់រូបផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSiBv6ObyD9z7pVyGxHNWX4TV4RnX4j7M8EQ9p9nWzDgNyEpfDhR3ox1I4xXYm0QMnxAqThWB_497CjQ3TQMGahyyQskx9Sq3-wBO9N8R5Gj9MEgZMS0CiW6IshaAMtTRMewxWUH5bJeQvw78FzjDvBrGCjjd0LJZV1GNdkebDELevxYBY4Q3Qin5oPFc/s306/220px-thumbnail.jpg