បន្ទាប់ពីរងការ.រិះ.គន់ យ៉ាងគំហុកពីសំណាកប្រជាពលរដ្ឋខ្មែរកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថា រូបសំណាកព្រះពុទ្ធ ១ អង្គដែលស្ថិតក្នុងវត្តវាល ខេត្តពោធិ៍សាត់ មានព្រះភក្ត្រមិនសមរម្យ រូបរាងមិនស្អាត ពុំមានរចនាបថត្រឹមត្រូវតាមក្បួនខ្នាត ធ្វើរូបសំណាកនេះមានការខុសឆ្គងយ៉ាងខ្លាំង។
ប៉ុន្តែទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ រូបសំណាកព្រះពុទ្ធបដិមាដ៏ធំ ដែលស្ថិតនៅក្នុងបរិវេណវត្តវាល ភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវបានអាជ្ញាធរកែប្រែឡើងវិញហើយ ដោយមានព្រះភក្ត្រស្អាតប្លែក និងមានរចនាបថតាមក្បួនខ្នាតត្រឹមត្រូវ។
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បើយោងតាមមគេហទំព័រមួយបានឱ្យដឹងថា ព្រះអង្គធំនៅវត្តវាលត្រូវបានកែប្រែឡើងវិញហើយ នៅពេលនោះដែរ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនក៏បានបញ្ចេញមតិថា ក្រោយកែប្រែរួចព្រះអង្គពិតជាស្អាតខ្លាំងណាស់។
ព្រះពុទ្ធរូបដ៏ធំ ១ ព្រះអង្គនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ ២០០៩ ក្រោមការផ្តួចផ្តើមរបស់ព្រះចៅអធិការវត្តវាល ស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលពោតិ៍សាត់។
ព្រះពុទ្ធរូបអង្គនេះ កើតចេញរូបរាងឡើងដោយកម្លាំងមហាសាមគ្គីរបស់សប្បុរសជនខ្មែរនានា ដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ហើយសង់ឡើងមានកម្ពស់ ២៩ម៉ែត្រ និងព្រះភ្នែន ២១ ម៉ែត្រ។
កាលពីមុន តាមព្រះចៅអធិការវត្តវាលព្រះនាម ជុំ សារឿន មានដីកាថា ការកសាងរូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ បានប្រើប្រាស់ជាងដែលមានចំណេះដឹងតិចតួច និងបច្ចេកទេសសូន្យរូបនៅមានកម្រិត ពុំមានរចនាបថបានត្រឹមត្រូវតាមក្បួនខ្នាតនោះទេ ដែលអាចមានការខុសឆ្គងខ្លះៗ។ ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះព្រះពុទ្ធរូបអង្គនេះត្រូវបានកែសម្រួលស្អាតឡើងវិញហើយ៕