នៅថ្ងៃទី២៧ ខែកុម្ភៈ Dispatch បានរាយការណ៍ថា Karina សមាជិកក្រុម Aespa និង Lee Jae Wook ជាតារាសម្តែងកំពុងទាក់ទងគ្នា។ ដំណឹងនេះបានសាយភាយយ៉ាងឆាប់រហ័សគ្របដណ្តប់នៅលើប្រព័ន្ធអ៊ីនធឺណិត ព្រោះអ្នកទាំងពីរគឺជាតារាដ៏មានប្រជាប្រិយភាពនៅក្នុងពិភពសិល្បៈ។ ទោះយ៉ាងណា អ្នកលេងបណ្តាញសង្គមជាច្រើនថាទំនាក់ទំនង Karina និង Lee Jae Wook ប្រើដើម្បីបិទបាំងព័ត៌មាននយោបាយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Koreaboo។
អ្នកគាំទ្រប្រតិកម្មនឹងព័ត៌មានស្នេហានេះ ក៏មានអ្នកនិយមលេងអ៊ីនធឺណេតជាច្រើនគិតថាវាជារឿងចម្លែកដែលដំណឹងនេះត្រូវបានគេរាយការណ៍ភ្លាមៗ ជាពិសេសដោយសារតែថ្ងៃទី ២៧ ខែកុម្ភៈ គឺជាថ្ងៃអង្គារធម្មតាមិនមែនជាថ្ងៃពិសេសអ្វីមួយដែលទម្លាយស្នេហាតារា Kpop នោះទេ។
អ្នកនិយមលេងអ៊ីនធឺណិតបានសម្ដែងការសង្ស័យភ្លាមៗ ហើយបានចោទប្រធានាធិបតីកូរ៉េ Yoon Suk Yeol ថាព្យាយាមបំបែរអារម្មណ៍សាធារណជនពីព័ត៌មាន។ ការសង្ស័យរបស់អ្នកលេងអ៊ីនធឺណិតហាក់ដូចជាត្រូវបានធានា ខណៈបើតាមរបាយការណ៍ ជប៉ុននឹងបញ្ចេញទឹកសំណល់នុយក្លេអ៊ែរកាន់តែច្រើនទៅក្នុងមហាសមុទ្រដែលកូរ៉េបានចែករំលែក។ ការបញ្ចេញកាកសំណល់នុយក្លេអ៊ែររបស់ជប៉ុនគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាចម្រូងចម្រាសបំផុតក្នុងអំឡុងពេលលោក Yoon Suk Yeol កាន់តំណែងជាប្រធានាធិបតីដែលជំហរមិត្តជប៉ុនរបស់លោកប្រធានាធិបតីមានសភាពធ្ងន់ធ្ងរ។
លើសពីនេះអ្នកគាំទ្រក៏បង្ហាញការព្រួយបារម្ភចំពោះអ្នកទាំងពីរដោយសារទំនាក់ទំនងពួកគេទើបតែចាប់ផ្តើមក្នុងរយៈពេលខ្លីស្គាល់គ្នាកាលពីខែមករា ត្រូវបានគេយកមកចែកចាយបាត់ហើយ ខណៈអ្នកមួយចំនួនក៏បង្ហាញការត្រេកអរចំពោះអ្នកទាំងពីរ។
គួរបញ្ជាក់ថា បន្ទាប់ពីរបាយការណ៍បង្ហាញថា Karina សមាជិកក្រុម Aespa និង Lee Jae Wook កំពុងទាក់ទងគ្នានោះខាងក្រុមហ៊ុនគ្រប់គ្រងអ្នកទាំងពីរគឺ SM Entertainment និង C-JeS Studio បញ្ជាក់ថាអ្នកទាំងពីរកំពុងតែស្ថិតក្នុងស្ថានភាពដែលកំពុងស្គាល់គ្នា។ តារាសម្តែង Lee Jae Wook មានអាយុ២៦ ឆ្នាំបានសម្តែងរឿងដំបូងក្នុងឆ្នាំ២០១៨ ។ Karina ជាតារា K-Pop មានអាយុ២៤ឆ្នាំ បានបង្ហាញខ្លួនជាក្នុងក្រុមចម្រៀង Aespa ក្នុងឆ្នាំ២០២០៕