រយៈពេលប៉ុន្មានថ្ងៃមកនេះជុំវិញបញ្ហាបំណុលរបស់តារាកំប្លែង ស្រីខ្ញុង បានផុសឡើងជាថ្មីដោយសារតែម្ចាស់បំណុលបង្ហោះនៅលើបណ្តាញសង្គមព្រោះតែការមិនគោរពតាមការសន្យាសងប្រាក់ ខណៈអ្នកនាង ខ្ញុង Live សុខៗស្រាប់តែមានអាការៈឈឺដួលសន្លប់។ ម៉ាដូណា ថាម្ចាស់លុយក្លាយជាតួអាក្រក់ ចំណែកអ្នកសម្តែង Live ធ្វើយំឈឺដួលសន្លប់ក្លាយជាតួកំសត់វិញ។
គេចាំបានថា កាលពីខែកញ្ញា ឆ្នាំ២០២៣ តារាកំប្លែង ម៉ាដូណា ចេញមកពន្លះស្បែកមុខតារាកំប្លែង ស្រីខ្ញុង ជំពាក់បំណុលខ្លួនជាង៤ម៉ឺនដុល្លារដោយសន្យាថាសងមួយ១ខែចំនួន៥០០ដុល្លារ ប៉ុន្តែមិនបានសងប្រាក់តាមការសន្យានោះទេ ដែលពេលនោះធ្វើឱ្យមានកម្តៅយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។
ស្ងប់ស្ងាត់បានមួយរយៈស្រាប់តែនៅយប់ថ្ងៃទី២១ មករា ស្រីខ្ញុង ត្រូវបានម្ចាស់បំណុលម្នាក់ទៀតមានឈ្មោះថា ដារ៉ា រ័ត្ន បានបង្ហោះរូបតារាកំប្លែងរូបនេះអមជាមួយឆាតឆ្លើយឆ្លងដែលស្រីខ្ញុង មិនគោរពតាមការសន្យាសងប្រាក់ដូចគ្នា។ ទោះយ៉ាងណាក ស្រីខ្ញុង បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថាខ្លួនមិនដែលមានគំនិតអាក្រក់បោកប្រាស់អ្នកណាដែរ ហើយនាងក៏មិនតបតវែកញែកអ្វីច្រើននិងដាស់តឿនខ្លួនឯងថាជាកូនបំណុលគ្មានសិទ្ធិតបតបបកស្រាយអ្វីទាំងអស់។ មានត្រឹមតែសមត្ថភាពបន្តិចបន្តួចគ្រាន់នឹងបានរកដោះគេតាមលទ្ធភាពនិងដើម្បីអាហារបីពេលតែប៉ុណ្ណោះ។
ទន្ទឹមនឹងការចេញសារយ៉ាងកំសត់នេះ កាលពីយប់ថ្ងៃទី២៣ មករា Live លក់ផលិតផលសុខៗស្រាប់តែ ស្រីខ្ញុង មានអាការៈសន្លប់បាត់មាត់ឈឹងផ្អើលពេញបណ្តាញសង្គម។ ការដួលសន្លប់នេះ ម៉ាដូណា ថាឱ្យ ស្រីខ្ញុង គឺជាការសម្តែងនិងផ្តាំទៅឱ្យ Love Riya ប្រុងប្រយ័ត្នការសម្តែងរបស់ ស្រីខ្ញុង។
ជាមួយគ្នានេះដែរ ម៉ាដូណា បានបង្ហោះសំណេរមួយទៀតនៅថ្ងៃទី២៤ មករាថា «ម្ចាស់លុយក្លាយជាតួអាក្រក់ ព្រោះមានគេថាមិនទុកពេលឱ្យគ្នា ទាំងមិនដឹងរឿងពិត ចំណែកអ្នកសម្តែងឡាយធ្វើយំ ធ្វើឈឺដួលសន្លប់ក្លាយជាតួកំសត់ ត្រូវfanគេជេរយើងថាមិនផ្តល់ឱកាស ហត់! »។
ងាកទៅកាន់ម្ចាស់បំណុលមួយទៀតរបស់ ស្រីខ្ញុង គឺលោក ដារ៉ា រ័ត្ន បានលើកឡើងថា «សូមកុំធ្វើឱ្យអ្នកសិល្បៈខូចៗ ឬអ្នកពូកែកម្សត់ដ្រាម៉ា បន្តបានចិត្តម្ដងហើយម្ដងទៀត។ គ្មានម្ចាស់បំណុលណា ដែលគ្នាប្រឹងសងហើយ តបឆាតមិនឈប់ហើយ នៅតែលើកដៃផុសគ្នា ឬ ប្ដឹងគ្នាកើតទេ។ គ្មានម្ចាស់បំណុលណា មិនទុកពេលឱ្យ ហើយឃើញគ្នារកបានតិចតួច ទៅជាន់ពន្លិចកូនបំណុលទេ។ ម្ចាស់បំណុលបន់ឱ្យតែកូនបំណុលរកបាន ហើយបើបានតបឆាត ឬ បាញ់សង តែ១៥, ២០ ឬ ខែខ្លះបាន៥០ អរចង់ប្រកាច់។ លុយទាំងដុំ ការមិនយកទោះសងដូចបោះចោល ក៏នៅតែស្ងប់ព្រោះគិតថាវាគ្រាន់ជាងអត់។ តែមកពីដល់ករពេកទេ ទើបគេផុស ចឹងរៀនពិចារណាចិត្តគេចិត្តយើងផង មុននឹងអាណិតតួកម្សត់នៅលើបណ្ដាញសង្គម»៕










