មន្ទីរពេទ្យតេជោសែនកោះធំ ជាមន្ទីរពេទ្យទំនើបមួយក្នុងតំបន់ ដែលនឹងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្រាប់គ្រប់គ្រងសម្ភារ បរិក្ខារ ឱសថ និងទិន្នន័យព័ត៌មានរបស់អ្នកជំងឺ ដែលត្រូវបានសិក្សានិងអភិវឌ្ឍន៍ ដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ របស់ក្រសួង។
មន្ទីរពេទ្យនេះ មានតម្លៃ ១០លានដុល្លារអាម៉េរិក ដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នឹងក្លាយជាមន្ទីរពេទ្យផ្តល់សេវាសុខាភិបាលសាធារណៈ ជូនដល់ប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស ខេត្តតាកែវ។
គួរបញ្ជាក់ថា មន្ទីរពេទ្យនេះមានអគារថ្មីចំនួន០៣ខ្នង មានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System(HIS) សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ៕










