តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ពលរដ្ឋខ្មែរគ្រប់រូបមានសេរីភាពនៃការបញ្ចេញមតិនៃគំនិតរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ភផ្សាយ សេរីភាពខាងការប្រជុំ។

ទោះបីការបញ្ចេញមតិ គឺជាសិទ្ធិដែលបុគ្គលគ្រប់រូបមាន និងត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលក៏ដោយ ប៉ុន្តែបុគ្គលគ្រប់រូបមិនត្រូវប្រើប្រាស់ការបញ្ចេញមតិ របស់ខ្លួនឱ្យប៉ះពាល់ ឬ បំពានដល់សិទ្ធិរបស់អ្នកដទៃឡើយ ពីព្រោះថា ការបបញ្ចេញមតិដែលប៉ះពាល់ដល់សិទ្ធិ ត្រូវចាត់ទុកថាជាបទល្មើស “បទបរិហារកេរ្តិ៍ជាសាធារណៈ”។

យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣០៥ បានចែងថា សកម្មភាព ដែលត្រូវបានចាត់ទុកថាជា”បទបរិហារកេរ្តិ៍ជាសាធារណៈ” មាន៣រួមមាន៖

  •  តាមរយៈសំដី ទោះជាប្រភេទណាក៏ដោយ ការប្រើប្រាស់សម្តីនៅតាមទីសាធារណៈ ឬនៅក្នុងសាលប្រជុំសាធារណៈ
  • សកម្មភាពតាមរយៈលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជន ឬដាក់តាំងឲ្យសាធារណជនមើល
  •  តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន

ដោយឡែកចំពោះការដាក់ទោសវិញ បទបរិហារកេរ្តិ៍ជាសាធារណៈមិនតម្រូវឱ្យមានការជាប់ពន្ធនាគារនោះទេ ដោយត្រូវទទួលការផាកពិន័យជាប្រាក់ និងផ្តល់ជាសំណងរដ្ឋប្បវេណីតែប៉ុណ្ណោះ។ ការផ្តន្ទាទោសក្នុងបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ ត្រូវពិន័យជាប្រាក់ពី ១០០,០០០ រៀល ទៅ ១០,០០០,០០០ លានរៀល៕