ភ្នំពេញ ៖ សំណង់ផ្លូវដែកគឺជាជម្រើសនៃមធ្យោបាយដឹកជញ្ជូនដែលមានប្រជាប្រិយភាព ដូចជា៖ ការដឹកជញ្ជូនទំនិញ សំភារៈ ការធ្វើដំណើរ ការកំសាន្ត បែបទេសចរណ៍។
បើយើងក្រឡេកមើលមកជម្រើសក្នុងការប្រើប្រាស់ផ្លូវដែកនៅកម្ពុជាមិនពេញនិយមនៅឡើងទេ ដែលយើងឃើញភាគច្រើនគឺមានការប្រើប្រាស់ក្នុងការដឹកំឲទំនិញពីកំពង់ផែស្វយ័តព្រះសីហនុ និងការជិះកំសាន្តបែបទេសចរណ៍ ភ្នំពេញទីកាន់ខេត្តកំពតនិងក្រុងព្រះសីហនុ។
ផ្លូវដែកកម្ពុជាមិនត្រឹមតែជាមធ្យោបាយដឹកជញ្ជូនទេ តែវាបង្ហាញពីភាពល្អឯកនៃបច្ចេកទេសនៃការសាងសង់ និងស្ថាបត្យកម្មអំពីដែក ពិសេសស្ពានផ្លូវដែកដែលសាងសង់ឆ្លងកាត់ផ្លូវទឹកនានានិងសំណង់ស្ថាបត្យកម្មស្ថានីយ៍នីមួយៗ។
ការកកើតប្រព័ន្ធផ្លូវដែកនៅកម្ពុជា ដំបូងឡើយត្រូវបានកសាងឡើងដោយរដ្ឋអំណាចអាណានិគម នៅឆ្នាំ១៩២៩ សម្រាប់ផ្លូវដែកទី១ នៅកម្ពុជា ដែលមានប្រវែង៣៨៥,០៥ គីឡូម៉ែត្រ ភ្ជាប់ពីភ្នំពេញទៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងបានភ្ជាប់ផ្នែកចុងក្រោយជាមួយផ្លូវដែកប្រទេសថៃនៅឆ្នាំ១៩៤២ និងត្រូវបែងចែកការសាងសង់ជា៖
o ភ្នំពេញ-ពោធិ៍សាត់ សាងសង់ពីឆ្នាំ១៩២៩ ដល់១៩៣១ ប្រវែង១៦៦គីឡូម៉ែត្រ
o ពោធិ៍សាត់-មង្គលបូរី សាងសង់ពីឆ្នាំ ១៩៣១ ដល់១៩៣៣ ប្រវែង១៦៤គីឡូម៉ែត្រ
o មង្គលបូរី-ប៉ោយប៉ែត សាងសង់ពីឆ្នាំ ១៩៣៣ ដល់១៩៤២ ប្រវែង៥៥,០៥គីឡូម៉ែត្រ
ចំពោះផ្លូវដែកខ្សែទី២ ត្រូវបានកសាងឡើងក្រោមស្នាព្រហស្ថព្រះករុណា ព្រះបាទនរោត្តមសីហនុ នាសម័យសង្គមរាស្រ្តនិយម ដែលភ្ជាប់ពីភ្នំពេញទៅកាន់តំបន់មាត់សមុទ្រប្រទេសកម្ពុជា ដែលមានប្រវែង២៦៦គីឡូម៉ែត្រ ដែលត្រូវបែងចែកការសាងសង់ជាបីដំណាក់កាល គឺ៖
o ភ្នំពេញ-តាកែវ សាងសង់បីឆ្នាំ ១៩៦០ ដល់ឆ្នាំ១៩៦៦ ប្រវែង៧៥គីឡូម៉ែត្រ
o តាកែវ-កំពត សាងសង់ពីឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៦៧ ប្រវែង៩២គីឡូម៉ែត្រ
o កំពត-ស្ថានីយ៍ខេត្តព្រះសីហនុ និងដល់កំពង់ផែព្រះសីហនុ សាងសង់ពីឆ្នាំ១៩៦៧ ដល់១៩៦៩ ប្រវែង៩៩គីឡូម៉ែត្រ៕