ក្រុងព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៨ ខែមករា នេះ បានផ្ទុះកំហឹងយ៉ាងខ្លាំងហើយបានដាក់បណ្ដាសាលើជនចង្រៃដែលបានកាច់បំបាក់ដើមក្ងោកអស់ជាច្រើនដើម ដែលដាំនៅតាមបណ្តោយឆ្នេរ និងកំពុងលូតលាស់យ៉ាងល្អ ។
នៅក្នុងសំណេររបស់លោកអភិបាលខេត្តដែលសរសេរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅម៉ោងប្រមាណជិត៨យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នេះមានខ្លឹមសារថា «ដេីមក្ងោកដែលដាំនៅតាមបណ្តោយឆ្នេរកំពុងលូតលាស់យ៉ាងល្អ តែត្រូវជនចង្រៃជាតិ កាច់បំបាក់ចោលអស់ជាច្រេីនដេីម ជននេះអោយជួបតែក្ដីវិនាសអន្តរាយ។
មិនចង់ទេ តែទ្រាំមិនបាន» ។
សូមបញ្ជាក់ផងដែរថា ករណីកាច់បំផ្លាញដើមឈើដែលរដ្ឋបាលខេត្តបានដាំលម្អរនៅតាមផ្លូវក្នុងក្រុងព្រះសីហនុនេះមិនមែនទើបតែកើតឡើងលើកទី១នោះទេ ដោយកន្លងមកក៏មានមនុស្សចង្រៃមួយក្តាប់តូច បានដើរដកដើមផ្កាអស់ជាច្រើនគុម្ព ដែលដាំលម្អរតាមសួនច្បារក៏ដូចជានៅតាមសួនពុះទ្រូងផ្លូវផងដែរ បន្ថែមជាងនេះទៅទៀតក៏មានករណីចោរកម្មលួចកាត់ខ្សែរភ្លើងក្រោមដីតដាក់ភ្លើងបំភ្លឺផ្លូវពេលយប់ជាច្រើនលើកនៅតាមបណ្តោយផ្លូវនៅតំបន់ឆ្នេរសមុទ្រអូរត្រេះ និងផ្លូវជាច្រើនខ្សែរផ្សេងទៀត អស់ជាច្រើនរយម៉ែត្រ ៕














