ខេត្តតាកែវ​៖ ករណីបុរស​ជនជាតិចិនម្នាក់ បើកឡានល្មើសល្បឿនកំណត់ ហើយ​ត្រូវ​ប៉ូលិស​ចរាចរណ៍​ផាក​ពិន័យ និងមានការប្រតាយប្រតប់​គ្នា នាំឱ្យចិនរងរបួស​ ត្រូវបាន​ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ បានចេញសេចក្តីបំភ្លឺ។ ករណីនេះ ប៉ូលិសចរាចរណ៍ ១៤នាក់ ដែល​ដាក់​គោលដៅត្រួតពិនិត្យ​ការអនុវត្តច្បាប់ចរាចរណ៍ នៅផ្លូវជាតិលេខ៣ ត្រូវបាន​សាកសួរ និងបញ្ឈរ​ជើង​ផងដែរ​។

គួររំលឹកថាមានគណនីហ្វេសប៊ុក របស់ជនជាតិចិន បានផុសផ្សាយ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ មានខ្លឹមសារទាំងស្រុងថា «ជម្រាប​សួរ​នាយករដ្ឋមន្ត្រីៈ ខ្ញុំជាបុគ្គលិកនៃការិយាល័យកម្ពុជានៃរបាយការណ៍នីតិរដ្ឋចិន ខ្ញុំចង់​ផ្តល់យោបល់ជូនអ្នកនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ខ្ញុំបានធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីភ្នំពេញ ដល់គីឡូម៉ែត្រលេខ ៦៨ ខ្ញុំហួសល្បឿនកំណត់៣០% សង្ស័យវាស់ល្បឿនខុស មិនអាចបើកឡានធំបានលឿនពេក ប៉ូលិសចរាចរណ៍ឃើញខ្ញុំជាជនជាតិចិន ក៏ចង់ផាកពិន័យ១០០$ ខ្ញុំក៏យកហេតុផលមកដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួន បណ្តាលឱ្យខាតបង់រដ្ឋាភិបាល និងប្រទេសជាតិ ខ្ញុំថតរូបប្រមូលភស្តុតាង ប្រមូលលុយមិនចេញវិក័យបត្រ ប៉ូលីស ០៥នាក់ មកឆក់ឧបករណ៍វីដេអូ និងទូរស័ព្ទដៃជាច្រើននាក់ វាយដំខ្ញុំរបួសជាច្រើនកន្លែង។ ប៉ូលិស​បានលុ​បរូបថតទាំងអស់របស់ខ្ញុំ ដែលប្រមូលភស្តុតាង និងប្រមូលលុយ នៅទីបំផុតខ្ញុំត្រូវបានគេឱ្យចាកចេញ​ដោយគ្មានវិក័យបត្រចំនួន ៥០$»។

សេចក្តីបំភ្លឺរបស់ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ បន្តថា «បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ បាន​បញ្ជាឱ្យបង្កើតក្រុមការងារមួយ ធ្វើការស្រាវជ្រាវបន្ទាន់ ដើម្បីស្វែងរកការពិត និងបំភ្លឺជូនសាធារណៈជន ចំពោះករណីនេះដែរ តាមរបាយការណ៍បឋម គឺកើតឡើងកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ខណៈពេលកម្លាំងចរាចរណ៍​ផ្លូវគោកគោលដៅផ្លូវជាតិលេខ៣ ក្រុមទី២ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា ហាក់ ជាប្រធានក្រុម និងសមាជិកចំនួន ១៣នាក់ ចុះត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់​ស្ដីពី ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យការបើកបរលើសល្បឿនកំណត់ នៅចន្លោះគីឡូម៉ែត្រ​លេខ៦៨-៦៩ ស្ថិតក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងពេលអនុវត្តកម្លាំង​ជំនាញបានពិនិត្យឃើញរថយន្តមួយគ្រឿងម៉ាកស្ដារិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-7701 ជិះម្នាក់ឯង បើកបរពីជើងទៅត្បូង ក្នុងល្បឿន ១០៦គីឡូម៉ែត ក្នុងមួយម៉ោង ខណៈដែលល្បឿនអតិប្បរមានៅទីតាំងបានកំណត់ត្រឹមតែ៨០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ(លើសល្បឿន២៦គីឡូម៉ែត្រក្នុងមួយម៉ោង)​។ ដោយត្រូវធ្វើការផាកពិន័យជាទឹកប្រាក់ចំនួន ១៥០,០០០៛ តាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ត្រង់មាត្រាទី៧ ចំណុច ច បើកបរលើស​ល្បឿនកំណត់ ចាប់ពី២០ដល់២៩គីឡូម៉ែត្រក្នុងមួយម៉ោង»។

សេចក្តីបំភ្លឺរបស់ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ បន្ថែម​ថា «ខណៈពេលដែលកម្លាំងជំនាញ​កំពុងបង្ហាញឱ្យអ្នកបើកបរជាជនជាតិចិន (មិនចេះនិយាយខ្មែរ) បានឃើញស្រាប់តែ ជនជាតិចិនខាងលើ បានស្រែកឡូឡា បញ្ចេញអាកប្បកិរិយាមិនសមរម្យដាក់នគរបាល មានចរឹកច្រង៉េងច្រង៉ាង ក្នុងន័យប្រកែកមិនទទួលស្គាល់កំហុស បើទោះជាសមត្ថកិច្ច​បានបង្ហាញរូបភាពរថយន្ត ផ្លាកលេខរថយន្ត នៅក្នុងម៉ាស៊ីនចាប់ល្បឿនក៏ដោយ។ ដោយសារជនជាតិចិនមិនចេះខ្មែរ នគរបាលបានពន្យល់ណែនាំឱ្យហៅទូរស័ព្ទ(ខល)ទៅអ្នកបកប្រែ តែជនជាតិចិននោះមិនបានធ្វើតាមទេ ដោយយកទូរស័ព្ទមកថត​នគរបាលតែម្តង»។

សេចក្តីបំភ្លឺ បន្តថា «ទោះនគរបាល​បានណែនាំកុំឱ្យថតក៏ដោយ ទើបនគរបាលនៅគោលដៅ បានព្យាយាមឃាត់សកម្មភាព តែយ៉ាងណាក្តីជនជាតិចិននៅតែចចេស និងបានទាញទូរស័ព្ទពី​នគរបាលវិញ ព្រមទាំងទះតុ និងចង្អុលមុខនគរបាលនារី ដែលនៅអង្គុយតុ ចេញវិក័យបត្រ រហូតដល់នគរបាលជាបុរសមកអន្តរាគមន៍ ទើបមានការរុញច្រានគ្នាឱ្យចេញពីតុធ្វើការ​នៅគោលដៅ មិនមែនជាករណីប្រើអំពើហិង្សានោះទេ។ មួយសន្ទុះ​ក្រោយមក ដោយសារតែនិយាយគ្នាស្តាប់មិនបានផង មិនចង់ឱ្យមានបញ្ហាកាន់តែធំ នគរបាលគោលដៅ​ក៏បានអនុញ្ញាតឱ្យជនជាតិចិនបើករថយន្តចេញទៅ ដោយមិនបានទាមទារការ​ពិន័យទឹកប្រាក់១០០ដុល្លា និងមានការឱ្យប្រាក់៥០ដុល្លាដូចការលើកឡើងនោះទេ ទាំងដែលនគរបាលគ្រាន់តែបានបង្ហាញនូវចំនួនទឹកប្រាក់តាមវិក័យបត្រប៉ុណ្ណោះ»។

សេចក្តីបំភ្លឺ បន្ថែមថា «ទន្ទឹមនឹងនេះ មន្ត្រីនគរបាលគោលដៅ ដែលមានបញ្ហាជាជនជាតិ​ចិនខាងលើ បច្ចុប្បន្នការិយាល័យជំនាញ បានកំពុងធ្វើការសាកសួរបន្ថែម និងបញ្ឈរជើងជា​បណ្តោះ​អាសន្ន រងចាំលទ្ធផលនៃការស៊ើបអង្កេតជាក់លាក់ ដើម្បីមានមូលដ្ឋានរាយការណ៍​ជូនថ្នាក់ដឹកនាំ និង​មានវិធានការ ឬអនុវត្តវិន័យកងកម្លាំង ក្នុងករណីរកឃើញ​មានការ​អនុវត្តខុសគោល​ការណ៍ និងរង់ចាំជួបបំភ្លឺជានិច្ចពីសំណាក់ជនជាតិចិនខាងលើ ដើម្បីស្រាយបន្ទិលជូនសាធារណៈ និងជៀសវាងនូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ»៕ ​