បរទេស៖ កសិករដាំទុរេនក្នុងប្រទេសហ្វីលីពីនទាំងអស់មានក្ដីរំភើប និង រីករាយនៅពេលដែលផលិតផលក្នុងស្រុក នឹងត្រូវបាននាំចេញទៅកាន់ប្រទេសចិន ដែលជាទីផ្សារអ្នកប្រើប្រាស់ដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ទុរេន។

កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មាន Xinhua News បានរាយការណ៍ពីទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន ថាចិនបានអនុញ្ញាតឲ្យនាំចូលទុរេនពីប្រទេសហ្វីលីពីន កាលពីថ្ងៃពុធកន្លងទៅ នេះ ដែលជាជំហានមួយទៀតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការកសិកម្មរវាងប្រទេសទាំងពីរ។

ដែលវាមានន័យថានេះជាឱកាសមាសសម្រាប់កសិករនៅទូទាំងនៃប្រទេសហ្វីលីពីន ដែលស្មើនឹងជិត ៨០ ភាគរយនៃផលិតកម្មទុរេនសរុបនៅក្នុងប្រទេស។

ពិតណាស់ទុរេន គឺជាផ្លែឈើមួយប្រភេទដែលរកលុយបានល្អបំផុត ហើយវាកំពុងពេញនិយមក្នុងចំណោមអ្នកប្រើប្រាស់ចិន។ ដូច្នេះការផ្តល់សិទ្ធិចូលទៅកាន់ទីផ្សារចិនដ៏ធំសម្បើមនេះ វាបានក្លាយ ជា កំណប់ទ្រព្យសម្រាប់កសិករទុរេនក្នុងប្រទេសហ្វីលីពីន។ ដោយរដូវធុរេននៃទីក្រុង Davao ក្នុងអំឡុងខែកក្កដា ដល់ខែតុលា ជារៀងរាល់ឆ្នាំ ពូជទុរេន Davao ដែលពេញនិយមជាងគេគឺពូជ Puyat និង D101 ដែលធន់នឹងសត្វល្អិត និងផ្តល់ផលច្រើនជាងពូជល្បីដទៃទៀត។

ទាក់ទងនឹងឱកាសមាសខាងលើ ប្រសិនបើគ្រួសារនីមួយៗមានដីស្រែ ចំការ ១ ហិកតាមានដើមឈើ ហូបផ្លែ ១០០ ដើមប្រាក់ចំណូលរបស់ពួកគេនឹងកើនឡើងប្រហែល ២៨០០ ដុល្លារ ពីប្រាក់ដើមដែលធ្លាប់លក់កន្លងមក បន្ទាប់ពីទទួលបានទីផ្សារចិន។

ជាមួយគ្នានោះផងដែរបើយោងតាមការស្រង់សំដីរបស់ប្រជាកសិករ និងអ្នកដែលបានធ្វើការនៅរោងចក្រកែច្នៃទុរេនក្នុងទីក្រុង Davao បានបង្ហាញនូវអារម្មណ៍រីករាយជាមួយនឹងដំណឹងថ្មីនេះ ហើយសង្ឃឹមថាកិច្ចព្រមព្រៀងនាំចូលបែបនេះ វានឹងបង្កើនប្រាក់ចំណូលរបស់កសិករ និងគ្រប់វិស័យពាក់ព័ន្ធ។ ក្រៅពីលើការជួយឱ្យហ្វីលីពីននាំចេញទុរេនបានច្រើនហើយនោះ វាក៏រួមចំណែកជួយឱ្យជន បរទេសទទួលស្គាល់ពីសក្ដានុពលនិងស្វែងយល់បន្ថែមអំពីទុរេនហ្វីលីពីនផងដែរ។

យ៉ាងណាមិញនាពេលបច្ចុប្បន្ននេះ ទិន្នផលទុរេនរបស់ទីក្រុង Davao មានប្រហែល ៥០,០០០ តោនក្នុងមួយឆ្នាំ ដោយមានអ្នកដាំដុះជាង ៣,០០០ នាក់ និងមានរោងចក្រកែច្នៃជាង ៥កន្លែងនៅទូទាំងប្រទេស៕ ប្រភព៖ Dailynews