Artificial Intelligence (AI) ជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍នាពេលចុងក្រោយនេះ ។ យើងសម្លឹងមើលជ្រុងមួយទៀត ដោយការប្រើប្រាស់ AI អាចឱ្យយើងជជែកជាមួយអ្នកស្លាប់ហើយ ដោយមានអារម្មណ៍ថា កំពុងជជែកតាមរយៈ Video Call ។
ការរីកចម្រើននៃបច្ចេកវិទ្យា AI បច្ចុប្បន្ន គេមានការបារម្ភ ខណៈឃើញបច្ចេកវិទ្យានេះរីកចម្រើនរាល់ថ្ងៃ រហូតចាប់ផ្តើមចូលមកក្នុងជីវិតប្រចាំថ្ងៃច្រើនឡើង ហើយនាពេលថ្មីៗ មានការអភិវឌ្ឍបច្ចេកវិទ្យាអាចជជែកជាមួយអ្នកស្លាប់ ។ ពេលពិបាកធ្វើចិត្តជាមួយសាច់ញាតិដែលស្លាប់ទៅ ដូច្នេះ គេបានយកព័ត៌មានរបស់អ្នកស្លាប់ទៅប្រើប្រាស់ក្នុងការបណ្តុះបណ្តាល AI ហើយវាអាចឆ្លើយតបទៅកាន់អ្នកសួរជាច្រើន ។ ស្តាប់ទៅ ដូចជារឿងសុបិន តែយើងកំពុងតែទៅកាន់យុគមួយដែល AI អាចធ្វើបាន ។
ក្រុមហ៊ុនដំបូងចេញមកបង្ហាញពីរឿងនេះ គឺ Microsoft ដោយយើងអាចជជែកជាមួយអ្នកស្លាប់តាមរយៈ Chatbot ពឹងផ្អែកលើបញ្ញាសិប្បនិមិត្ម ដើម្បីជួយឱ្យអ្នកស្លាប់ទៅអាចសន្ទនាឆ្លងឆ្លើយដូចគេមានជីវិតម្តងទៀត ។ Microsoft មិនមែនជាក្រុមហ៊ុនតែមួយទេដែលបង្កើតបច្ចេកវិទ្យានេះ មានក្រុមហ៊ុនជាច្រើនទៀតចាប់អារម្មណ៍ដូចគ្នា រួមមាន ៖
-ក្រុមហ៊ុន StoryFile បានអភិវឌ្ឍន៍ AI ដោយអ្នកស្លាប់អាចត្រឡប់មកជជែកទទួលភ្ញៀវក្នុងពិធីបុណ្យសពខ្លួនឯង ។
-ក្រុមហ៊ុន MyHeritage អនុញ្ញាតឱ្យយើងដាក់រូបថតអ្នកស្លាប់ឱ្យត្រឡប់មកមានជីវិតម្តងទៀត ។
-ក្រុមហ៊ុន Artistry In Motion ជាមួយការចម្លងរូបអ្នកស្លាប់តាម Hologram ឱ្យពួកគេបង្ហាញខ្លូនឡើង ។
-ក្រុមហ៊ុន HereAfter AI យើងអាចជជែកជាមួយអ្នកស្លាប់តាមរយៈទូរស័ព្ទដៃ ។
បច្ចេកវិទ្យានេះព្យាយាមទាក់ទងជាមួយអ្នកស្លាប់ ទោះជាដឹងថា ការជជែកគ្រាន់តែជាឧបករណ៍ជំនួស តែមនុស្សជាច្រើននៅតែសង្ឃឹមបានជួបមុខ ជជែក និងរស់នៅជាមួយអ្នកសំខាន់របស់ខ្លួនម្តងទៀត ។ គេទទួលបានបទពិសោធន៍អាចជួបមុខអ្នកស្លាប់បាន៣០នាទីតាមផ្ទាំងកញ្ចក់ ។ បច្ចេកវិទ្យានេះមិនត្រឹមតែប្រើជាមួយអ្នកស្លាប់ទេ ក្រុមហ៊ុនក៏អាចធ្វើឱ្យយើងជជែកជាមួយអ្នកមានជីវិតដូចគ្នា ដូចជា អ្នកប្រកាសព័ត៌មានល្បីឈ្មោះ Kim Joo Ha និងប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន ត្រូវបានគេបង្កើតកម្មវិធី AI រួចហើយ ។
បច្ចេកវិទ្យានាពេលអនាគតដែលនៅតែចោទសួរ ៖
ស្តាប់ទៅជារឿងល្អ បើយើងអាចត្រឡប់ទៅជជែកម្តងទៀតជាមួយអ្នកស្លាប់ ទោះដឹងថាគ្រាន់តែជាកញ្ចក់កុំព្យូទ័រ តែថ្ងៃអនាគត បច្ចេកវិទ្យាអាចអភិវឌ្ឍន៍បញ្ញាលើសនេះទៀត ។ នៅពេលបច្ចេកវិទ្យា AR និង VR អភិវឌ្ឍន៍ជាមួយជីវិតប្រចាំថ្ងៃ ដូចគ្នានឹងទូរស័ព្ទដៃ គឺថ្ងៃមុខ យើងក៏អាចយក AI អ្នកស្លាប់មកដោនឡោតក្នុងទូរស័ព្ទដៃបាន តែបច្ចេកវិទ្យានេះបង្កើតសំណួរជាច្រើនទាំងភាពសមស្រប សីលធម៌ និងផលប៉ះពាល់ ៕
ប្រភព ៖ Post Today










