អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូលិកស៊ី រ៉េនស្នីកូវ (Oleksii Reznikov) បាននិយាយថា ភស្តុតាងកំពុងកើនឡើងថា រុស្ស៊ី ដែលបានរងការខាតបង់ជាបន្តបន្ទាប់នៃសមរភូមិ គ្រោងនឹងបើកការវាយលុកថ្មីមួយនៅឆ្នាំ២០២៣។ លោកបានប៉ាន់ស្មានថា ការវាយលុយលើដីគោកអ៊ុយក្រែន អាចកើតឡើងនៅក្នុងខែកុម្ភៈ នៅពេលដែលពាក់កណ្តាលនៃកងទ័ព ៣០០,០០០នាក់ ដែលរុស្ស៊ីបានបញ្ចូលក្នុងខែតុលា ដើម្បីគាំទ្រសង្រ្គាមអ៊ុយក្រែន នឹងបញ្ចប់ការហ្វឹកហ្វឺនរបស់ពួកគេ។ បញ្ចប់ការហ្វឹកហាត់ នោះពួកទាហានរុស្ស៊ីថ្មីៗទាំងនោះ នឹងត្រូវបញ្ជូនទៅកាន់សមរភូមិប្រយុទ្ធ ដែលបើតាមមន្រ្តីជាន់ខ្ពស់អ៊ុយក្រែនបាននិយាយថា ការវាយលុកអាចកើតឡើងនៅតំបន់ ដន់បាស (Donbas) ភាគខាងកើត និងភាគខាងត្បូងប្រទេសអ៊ុយក្រែន ឬសូម្បីតែទីក្រុងគៀវផងដែរ។

ការព្រមានរបស់អ៊ុយក្រែនពីការលុកលុយរបស់រុស្ស៊ី ធ្វើឡើងក្រោយក្រុងមូស្គូបានច្រានចោលបទឈប់បាញ់ ក្នុងឱកាសបុណ្យណូអែលនៅចុងខែធ្នូនេះ និងគំរាមអ៊ុយក្រែនឱ្យយល់ព្រមចុះចាញ់ ដោយប្រគល់ដែនដីដែលបាត់បង់មកឱ្យរុស្ស៊ីតាមសម្រួល មុនមានវឌ្ឍនៈភាពកាន់តែខ្លាំងនៅពេលខាងមុខ។ ជាការពិត បច្ចុប្បន្នសកម្មភាពប្រយុទ្ធនៅលើដីអ៊ុយក្រែនបានថយចុះ ដោយរុស្ស៊ីបន្តជាមួយនឹងការវាយប្រហារតាមអាកាស កាត់ផ្តាត់ហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ចំពេលរដូវរងារឈានចូលមកដល់។ គ្មានថាមពល គឺមិនអាចប្រើប្រាស់ម៉ាស៊ីនកម្តៅបាន ដែលបង្កការលំបាកយ៉ាងខ្លាំងដល់ពលរដ្ឋស៊ីវិលអ៊ុយក្រែន។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានថ្លែងថា ការកេណ្ឌទ័ពទ្រង់ទ្រាយធំដំណាក់កាលទី២ រុស្ស៊ីត្រូវប្រើពេលយ៉ាងហោចណាស់ប្រហែល៣ខែដើម្បីរៀបចំវា។ នោះមានន័យថា រុស្ស៊ីកំពុងព្យាយាមចាប់ផ្តើមការវាយលុក ប្រហែលជានៅក្នុងខែកុម្ភៈឆ្នាំ២០២៣ គម្រប់ខួប១ឆ្នាំនៃសង្រ្គាមឈ្លានពានលើអ៊ុយក្រែនដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។

ប្រធានាធិបតីអ៊ុយក្រែនលោក​ (វ៉ូឡូឌីមៀ ហ្សេលេនស្គី) Volodymyr Zelensky និងមន្ត្រីជាន់ខ្ពស់បានព្រមានថា ទីក្រុងគៀវ និងសម្ព័ន្ធមិត្តត្រូវតែការពារប្រឆាំងនឹងរុស្ស៊ី។ អ៊ុយក្រែនបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំង នូវការការពារដែនអាកាសរបស់ខ្លួនប្រឆាំងនឹងមីស៊ីលរុស្ស៊ី ដោយមានការគាំទ្រពីលោកខាងលិច ប៉ុន្តែកំពុងអំពាវនាវឱ្យមានអាវុធទំនើបបន្ថែមទៀត។ កាលពីថ្ងៃព្រហស្បតិ៍ សម្ព័ន្ធមិត្តលោកខាងលិចបានបង្កើនការគាំទ្រដោយមានការផ្តល់ថវិកាបន្ថែម ប្រមាណ១៩ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែននៅឆ្នាំ២០២៣ និងការហ្វឹកហ្វឺនយោធា។ យោធាអាមេរិកបានប្រកាសថា ខ្លួននឹងពង្រីកការហ្វឹកហ្វឺនបុគ្គលិកយោធាអ៊ុយក្រែននៅក្នុងប្រទេសអាល្លឺម៉ង់។ ពោល ចាប់ផ្តើមពីខែមករា ទាហាន ៥០០ នាក់ក្នុងមួយខែ នឹងត្រូវបានបណ្តុះបណ្តាល។ គិតចាប់តាំងពីខែមេសាមក កងទ័ពអ៊ុយក្រែនជាង ១៥,០០០ នាក់ បានទទួលការបណ្តុះបណ្តាល ដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត។

នៅថ្ងៃព្រហស្បតិ៍ មេដឹកនាំសហភាពអឺរ៉ុប បានបញ្ចប់កិច្ចប្រជុំកំពូលចុងក្រោយរបស់ពួកគេនៃឆ្នាំ ២០២២ ដោយសម្រេចដាក់សម្ពាធបន្ថែមទៀតលើរុស្ស៊ី ដោយនៅក្នុងនោះប្លុកដែលមាន២៧ប្រទេសនេះ បានព្រមព្រៀងគ្នាទម្លាក់ទណ្ឌកម្មទី៩លើក្រុងមូស្គូ។ កិច្ចព្រមព្រៀងជុំវិញកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ត្រូវបញ្ជាក់ជាលាយលក្ខណ៍អក្សរនៅថ្ងៃសុក្រសប្តាហ៍នេះ។ ព័ត៌មានលម្អិតមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែទណ្ឌកម្មនេះត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលការហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិរបស់មន្ត្រី និងមន្ត្រីយោធារុស្ស៊ីជិត ២០០ នាក់ទៀត ដូចដែលបានស្នើឡើងដោយគណៈកម្មការអឺរ៉ុបកាលពីសប្តាហ៍មុន។ មេដឹកនាំសហភាពអឺរ៉ុប ក៏ទំនងជាហាមឃាត់ការបញ្ជូនម៉ាស៊ីនយន្តហោះដ្រូន (drones) គ្មានមនុស្សបើកទៅឱ្យទាំងរុស្ស៊ី និងអ៊ីរ៉ង់ ដែលត្រូវបានចោទប្រកាន់ថា បានផ្តល់ យន្តហោះ កាមីកាសេ ដ្រូន (kamikaze drones) សម្រាប់ដាក់ពង្រាយប្រឆាំងនឹងគោលដៅជនស៊ីវិលអ៊ុយក្រែន៕