ប្រទេសចិន៖ នារីវ័យក្មេងជនជាតិចិនម្នាក់ ត្រូវបង្ហូរទឹកភ្នែក ក្រោយចំណាយប្រាក់អស់ជាច្រើនលើការវះកាត់ដើម្បីបង្កើនកម្ពស់ ប៉ុន្តែនៅទីបំផុតនាងមិនអាចដើរបាន ហើយថែមទាំងប្រឈមនឹងការជាប់ពន្ធនាគារថែមទៀតផង។

កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ គេហទំព័រ Saostar បានរាយការណ៍ករណីនារីវ័យក្មេងអាយុទើបតែ ១៩ ឆ្នាំម្នាក់មកពី Nanchang ខេត្ត Jiangxi ប្រទេសចិន ដែលនាងមិនអាចដើរបានបន្ទាប់ពីទទួលការវះកាត់កែកម្ពស់។
នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបញ្ជាក់ថា នារីវ័យ ១៩ ឆ្នាំម្នាក់នេះ ដើមឡើយមានកម្ពស់ ១៥៤ សង់ទីម៉ែត្រ ប៉ុន្តែនាងមិនពេញចិត្តនឹងកម្ពស់របស់ខ្លួនទេ ដូច្នេះហើយក៏ សម្រេចចិត្តធ្វើការវះកាត់ដើម្បីបង្កើនកម្ពស់ដោយប្រើវិធីសាស្រ្តនៃការលាតសន្ធឹងឆ្អឹង (Osteogenesis) នៅជុំវិញ Tibia និង Fibula ក្នុងមន្ទីរពេទ្យឯកជនមួយកន្លែង នៅខេត្តហ៊ូណាន កាលពី ខែមេសាកន្លងទៅនេះ។
ជាមួយគ្នានោះផងដែរក្រោយពីវះកាត់នាងបានកើនកម្ពស់ ៦cmបន្ថែម ប៉ុន្តែជាសំណាងអាក្រក់ជើងខាងឆ្វេងខាងក្រោមរបស់នាងបានវិវត្តទៅជាការឆ្លងមេរោគ រហូតដល់នាងមិនអាចលើកជើងបាន។ ជាលទ្ធផល ពេលនេះនាងមិនអាចដើរបានដូចធម្មតាទេ ហើយវេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យថា “ការឱ្យអាការដូចដើមឡើងវិញគឺពិបាកណាស់”។
យ៉ាងណាមិញអ្នកជំនាញក៏បាននិយាយបន្ថែមដូច្នេះដែរថា ការវះកាត់ត្រង់ Tibia នេះអ្នកជំងឺងាយនឹងឆ្លងមេរោគ និងមានអត្រាពិការភាពខ្ពស់ណាស់។ ដូច្នេះហើយទើបការវះកាត់ប្រភេទនេះត្រូវបានហាមឃាត់នៅក្នុងប្រទេសចិនតាំងពីឆ្នាំ ២០០៦មកម្លេះ។

ដូច្នេះមន្ទីរពេទ្យទូទៅក្នុងប្រទេសចិនមិនត្រូវបានអនុញ្ញាតឱ្យធ្វើការវះកាត់នេះនោះទេ ប្រសិនបើគេរក ឃើញការវះកាត់ខុសច្បាប់បែបនេះ ទាំងអ្នកជំងឺ និងអ្នកចូលរួមវះកាត់ទាំងអស់ត្រូវតែកាត់ទោសតាមផ្លូវច្បាប់៕ ប្រភព៖ Sanook












