ប្រទេសថៃ៖ ស្ត្រីវ័យ៤០ឆ្នាំម្នាក់បានធ្វើការដាក់ពាក្យបណ្ដឹងទៅកាន់មន្ទីរពេទ្យវះកាត់មួយកន្លែង ក្រោយពីនាងដឹងថាមន្ទីរពេទ្យនេះមានការធ្វេសប្រហែស បន្ទាប់ពីរកឃើញថាក្រុមគ្រូពេទ្យបានភ្លេចក្រណាត់បង់រុំ ដែលជាឧបករណ៍ក្នុងដំណើរការវះកាត់នៅក្នុងពោះរបស់នាងអស់រយៈពេលជិតបួនឆ្នាំ រហូតបណ្ដាលឱ្យនាងមានអាការឈឺរ៉ាំរ៉ៃ។

កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ នេះមានសេចក្តីរាយការមួយបានឱ្យដឹងថា មានស្ត្រីជនជាតិថៃឈ្មោះ ចែ ជីម អាយុ ៤០ ជាម្ចាស់កសិដ្ឋានមួយកន្លែង បានធ្វើការដាក់ពាក្យបណ្ដឹងទៅកាន់មន្ទីរពេទ្យមួយកន្លែង ក្រោយពីដឹងថាគ្រូពេទ្យនៅទីនោះមានការធ្វេសប្រហែសជាមួយនឹងអាយុជីវិតរបស់អ្នកជំងឺដែលបានភ្លេចបង់រុំរបួសនៅក្នុងពោះរបស់គាត់ ខណៈពេលដែលកំពុងធ្វើការវះកាត់។

តាមការរៀបរាប់របស់ជនរងគ្រោះបានឱ្យដឹងថា អ្នកស្រី បានសម្រាលកូនស្រីដោយការធ្វើការវះកាត់នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅមន្ទីរពេទ្យរដ្ឋាភិបាល ក្នុងខេត្ត Nakhon Si Thammarat ។ ប៉ុន្តែ ក្រោយចេញពីមន្ទីរពេទ្យ គាត់ក៏ធ្លាក់ខ្លួនឈឺពោះខ្លាំង និងក្តៅខ្លួនរហូតមិនអាចមើលថៃ ចិញ្ចឹមកូន និង ធ្វើការបាននោះទេ។

ទោះជាយ៉ាងណាដោយគិតថាមូលហេតុគឺប្រហែលជាការវះកាត់សម្រាលកូនច្រើនដងទើបមានបញ្ហានេះកើតឡើង។ ប៉ុន្តែដោយអាការធ្វើទុកខ្លាំង គាត់ក៏បានទៅពិនិត្យពោះ ហើយគ្រូពេទ្យបានប្រាប់ថាមានដុំពកនៅក្នុងស្បូន។ ពេលនោះអ្នកស្រីភ័យជាខ្លាំងគិតថាជាមហារីក ហើយប្តីរួមនឹងសាច់ញាតិ មានទុក្ខក្រៀមក្រំរហូតហូបបាយមិនបាន។ ហើយគាត់គិតថាប្រសិនបើវាជាមហារីក នោះជីវិតរបស់គាត់ប្រាកដជាមិនបានយូរទេ។ ខណៈពេលដែលធ្លាក់ខ្លួនឈឺ ស្ថានភាពធ្ងន់ធ្ងររហូតដល់ភ្លេចភ្លាំង ហើយបានផ្ដាំឱ្យប្តី និងសាច់ញាតិចិញ្ចឹមកូនទាំង៤នាក់ឱ្យអស់ពីលទ្ធភាព។

តែចុងក្រោយគាត់ក៏បានទៅពិនិត្យដុំពកនោះឱ្យច្បាស់នៅបន្ទីរពេទ្យមួយកន្លែងទៀតមានឈ្មោះថា Maharaj និងធ្វើស្កេត CT ពេលនោះហើយដែលការពិតត្រូវបានលាតត្រដាង ដោយគ្រូពេទ្យបានប្រាប់ថាដុំពកនោះមិនមែនជាសាច់ទេ តែវាជាក្រណាត់ ​ឬបង់រុំរបួសដែលគ្រូពេទ្យផ្នែកវះកាត់បាននភ្លេចយកចេញពេលប្រើក្នុងដំណើរការវះកាត់។ ដោយបង់ដែលភ្លេចក្នុងពោះរបស់គាត់នោះ វាមានទំហំប្រហែល ៧.០x៩.៤x៧.៨ សង់ទីម៉ែត្រ។

ពេលនេះហើយទើបអ្នកស្រីនឹកឃើញកាលពីការធ្វើការវះកាត់កូនកាលពី៣ឆ្នាំ ៨ខែមុនថានេះគឺជាការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យនៅពេលនោះ។

ដូច្នេះហើយជនរងគ្រោះក៏បានធ្វើការដាក់ពាក្យបណ្ដឹងទៅកាន់មន្ទីរពេទ្យនោះឱ្យទទួលខុសត្រូវ ហើយសង្ឃឹមថាក្រុមគ្រូពេទ្យដទៃមិនមានការធ្វេសប្រហែសចំពោះអ្នកជំងឺខ្លួននោះទេ ព្រោះនេះជាអាយុជីវិត៕ ប្រភព៖ Banmuang