ប្រទេសថៃ៖ មានហេតុការណ៍អគ្គីភ័យឆាបឆេះកប៉ាល់ទេសចរណ៍ដ៏ប្រណីតមួយគ្រឿងឆ្លងពីកោះភូកេត ទៅកោះភីភី ខណៈកំពុងអណ្ដែតលើផ្ទៃទឹក។ ការខូចខាតនេះត្រូវបានគេប៉ានប្រមាណថាមិនតិចជាង ៤០ លាន បាតទេ ហើយបច្ចុប្បន្នមន្ត្រីជំនាញកំពុងប្រញាប់ចុះស្រាវជ្រាវរកមូលហេតុ។

នាថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍ក្នុងស្រុកមួយបានឱ្យដឹងថា កប៉ាលខ្នាតតូចដឹកអ្នកដំណើរយ៉ាងប្រណិត ឈ្មោះថា The Sea Angel Beyond ត្រូវបានជួបឧបទ្ទវហេតុនៃអគ្គិសភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ហេតុការណ៍ត្រូវបានគេរាយការណ៍បន្ថែមថា កើតឡើងនៅផែអណ្តែតទឹក ស្ថិតនៅកំពង់ផែ Sea Angel Pier ស្រុក Muang ខេត្ត ភូកេត (Phuket )។

បន្ទាប់ពីមានទទួលដំណឹងនេះរួចមកលោក Arnupap Yodrambam អភិបាលរងខេត្ត ភូកេត លោក Suwit និងលោក Nachapawat Pra Nit ប្រធានការិយាល័យកំពង់ផែប្រចាំតំបន់ ភូកេត ដឹកនាំកម្លាំង ការិយាល័យពន្លត់អគ្គិភ័យ និងក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅពិនិត្យ និងពន្លត់ភ្លើងភ្លាមៗ។

ទោះជាយ៉ាងណាការឆាបឆេះរាលដាលយ៉ាងលឿន ហើយអ្នកពន្លត់អគ្គីភ័យបានប្រញាប់ប្រញាល់បាញ់ទឹកពន្លត់ជាបន្ទាន់ ប៉ុន្តែជាមួយនឹងការលំបាក ដោយសារតែកប៉ាល់បានរសាត់ឆ្ងាយពីច្រាំង ធ្វើឱ្យវាមិនអាចពន្លត់ភ្លើងដោយថាមពលពេញលេញនៃសម្ពាធទឹកពីឡានពន្លត់អគ្គីភ័យបាន។ រហូតត្រូវប្រើពេលជាង២ម៉ោង ទើបអាចគ្រប់គ្រងភ្លើងបាន។ ភ្លើងបានឆាបឆេះខាងក្នុងកប៉ាល់ ស្ទើរតែខូចខាតទាំងស្រុង ព្រោះវាជាសាឡុង និងកៅអី។បន្ថែមពីនោះគេបានបញ្ជាក់ថាការខូចខាតមានប្រហែល ៤០ លានបាត ឬប្រហែល ១,១៤៩,៤២៥ ដុល្លារ។

ហើយជាសំណាងល្អការឆាបឆេះនេះគឺកប៉ាលកំពុងស្ថិតក្នុងការប្រតិបត្តិការសាកល្បង ដើម្បីត្រៀមដឹកអ្នកដំណើរនៅឡើយ ដែលនេះជាហេតុមិនបណ្ដាលឱ្យមានអ្នករងគ្រោះថ្នាក់។

យ៉ាងណាមិញចំពោះមូលហេតុដំបូងគេបានប៉ានស្មានថា មកពីការឆេះនៃកាប៊ីនរបស់កប៉ាល់ហើយ រាលដាលដល់ខាងក្នុងកប៉ាល់យ៉ាងលឿន ប៉ុន្តែទោះជាយ៉ាងណាមូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងក្ដៅគគុកនៅឡើយ។

គួរបញ្ជាក់ថា The Sea Angel Beyond គឺជាសាឡាង ឬកប៉ាល់ទេសចរណ៍ប្រណីត ហើយវាជាការផ្តល់សេវាដឹកអ្នកដំណើរឆ្លងកាត់ពីកោះភូកេតទៅ កោះភីភី ឬឆ្លងកាតឈូងសមុទ្រ Ton Sai ខេត្ត Krabi ដែលជាកប៉ាលឆ្លងកាត់សមុទ្រ និងបានបម្រើភ្ញៀវជាយូរមកហើយ បន្ថែមពីនោះវាអាចផ្ទុកអ្នកដំណើរបានរហូតដល់ ៤៩៥ នាក់ ។ ហើយក៏ត្រូវបានចាត់ទុកថាជាកប៉ាល់ធំ និងជាកប៉ាល់ដឹកអ្នកដំណើរមានម៉ាស៊ីនត្រជាក់ និងគ្រឿងបរិក្ខារដ៏ប្រណិតផងដែរ៕ tnnthailand