អន្តរជាតិ៖ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អូស្ត្រាលី នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin បាននិយាយថា អឺរ៉ុបមិនរឹងមាំគ្រប់គ្រាន់ដើម្បីក្រោកឈរឡើងចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដោយខ្លួនឯង ហើយត្រូវតែពឹងផ្អែកលើការគាំទ្ររបស់សហរដ្ឋអាម៉េរិក ដោយលោកស្រីបានសង្កត់ធ្ងន់ថា៖ «ការការពារ​របស់​អឺរ៉ុប​ត្រូវតែ​ពង្រឹងជាច់ខាត»។

លោកស្រី Marin បាននិយាយថា៖«ខ្ញុំនិយាយដោយស្មោះត្រង់។ អឺរ៉ុបមិនមានកម្លាំងគ្រប់គ្រាន់ទេនៅពេលនេះ។ យើងនឹងមានបញ្ហាដោយគ្មានសហរដ្ឋអាម៉េរិក»។ រហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក គឺជាអ្នកផ្តល់ជំនួយយោធាដ៏ធំបំផុតដល់អ៊ុយក្រែន។ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅក្នុងខែកុម្ភៈ ទីក្រុងវ៉ាស៊ីនតោន បានសន្យាផ្តល់ជំនួយចំនួន ១៨,៦ ពាន់លានដុល្លារដល់អ៊ុយក្រែន នេះបើតាមការស្រាវជ្រាវមួយកាលពីខែមុនដោយសភាចក្រភពអង់គ្លេស House of Commons បានបង្ហាញ។ វិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោក បានឱ្យដឹងថា ម្ចាស់ជំនួយធំទីពីរសម្រាប់ទីក្រុងកៀវគឺសហភាពអឺរ៉ុប បន្ទាប់មកគឺចក្រភពអង់គ្លេស។ ប៉ុន្តែ​ការ​រួម​ចំណែក​របស់​ពួក​គេ​មាន​ចំនួន​តិច​ជាង​សហរដ្ឋ​អាម៉េរិក។

ខណៈ ​ស្តុក​យោធា​របស់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​កំពុង​ថមថយ នៅពេល​ពួកគេ​ផ្គត់ផ្គង់​អ៊ុយក្រែន លោកស្រី Marin បាន​និយាយ​ថា ​ចាំបាច់​ត្រូវ​ធ្វើ​បន្ថែម​ទៀត​ដើម្បី​ពង្រឹង​ការការពារ​អឺរ៉ុប។ ថ្លែងនៅវិទ្យាស្ថាន Lowy Institute ក្នុងទីក្រុងស៊ីដនី កាលពីថ្ងៃសុក្រ លោកស្រី Marin បានលើកឡើងថា សហរដ្ឋអាម៉េរិកបានផ្តល់សព្វាវុធជាច្រើន ជំនួយហិរញ្ញវត្ថុជាច្រើន ជំនួយមនុស្សធម៌ជាច្រើនដល់អ៊ុយក្រែន និងអឺរ៉ុបមិនទាន់មានកម្លាំងគ្រប់គ្រាន់នៅឡើយទេ។ លោកស្រីបានបន្ថែមថា អឺរ៉ុបត្រូវតែធ្វើឱ្យប្រាកដថា៖«ខ្លួនកំពុងកសាងសមត្ថភាពទាំងនោះ នៅពេលនិយាយអំពីការការពារអឺរ៉ុប ឧស្សាហកម្មការពារអឺរ៉ុប និងធ្វើឱ្យប្រាកដថា យើងអាចស៊ូទ្រាំក្នុងស្ថានភាពផ្សេងៗ»។

ក្នុង​ពេល​កាន់​តំណែង អតីតប្រធានាធិបតី​អាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បាន​រិះគន់​បណ្តា​ប្រទេស​អឺរ៉ុប ​ក្នុង​អង្គការណាតូថា​មិន​បាន​ចំណាយ​គ្រប់គ្រាន់​លើ​វិស័យ​ការពារជាតិ។ ក្នុងឆ្នាំ ២០២០ គេប៉ាន់ប្រមាណថាសហរដ្ឋអាម៉េរិកបានចំណាយរហូតដល់ជាង ៣,៧ ភាគរយនៃផលិតផលក្នុងស្រុកសរុបលើវិស័យការពារជាតិ ខណៈដែលជាមធ្យមសម្រាប់សមាជិកអឺរ៉ុបរបស់ណាតូ (និងកាណាដា) គឺចំណាយត្រឹម ១,៧៧ ភាគរយ។

ក្នុង​អំឡុង​ពេល​នៃ​ការ​ពិភាក្សា​របស់​លោកស្រី នាយក​រដ្ឋមន្ត្រី Marin បាន​បន្ត​រិះគន់​ការ​ប៉ុនប៉ង​របស់​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ក្នុង​ការ​កសាង​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​នឹង​រុស្ស៊ី​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ថ្មីៗ​នេះ។ លោកស្រីបាននិយាយថា អស់រយៈពេលជាយូរមកហើយ ដែលអឺរ៉ុបកំពុងបង្កើតយុទ្ធសាស្ត្រសម្រាប់រុស្ស៊ី ដើម្បីទិញថាមពលពីរុស្ស៊ី និងដើម្បីបិទទំនាក់ទំនងសេដ្ឋកិច្ចទាំងនោះ ហើយយើងគិតថា វានឹងការពារសង្រ្គាម។ ប៉ុន្តែ​លោកស្រី​បាន​និយាយ​ថា៖«​ផ្នត់​គំនិត​ត្រូវ​បាន​បង្ហាញ​ថា​ខុស​ទាំង​ស្រុង។ បណ្តាប្រទេសអ៊ឺរ៉ុបគួរតែបានស្តាប់រដ្ឋដូចជាប៉ូឡូញ និងបាល់ទិក។ លោកស្រីបានព្រមានថា រុស្ស៊ីមិនខ្វល់ពីទំនាក់ទំនងសេដ្ឋកិច្ចរបស់ពួកគេ ពួកគេមិនខ្វល់នឹងការដាក់ទណ្ឌកម្ម ពួកគេមិនខ្វល់ពីបញ្ហានោះទេ»។

ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ទូលំទូលាយ​ត្រូវ​បាន​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាម៉េរិក​ដាក់​ចេញ​ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត ក្នុង​គោល​បំណង​កំណត់​ធនធាន​ដែល​រុស្ស៊ី​ត្រូវ​បន្ត​ធ្វើ​សង្រ្គាម។ បន្ថែមពីនោះ សហភាពអឺរ៉ុប និងប្រទេសជាសមាជិកណាតូជាច្រើនក៏បានសន្យាបង្កើនការចំណាយលើវិស័យការពារជាតិរបស់ពួកគេផងដែរ បន្ទាប់ពីសង្គ្រាមចាប់ផ្តើម ៕