អ្នកតារាវិទូមួយក្រុមបានរកឃើញអាចម៍ផ្កាយចំនួនបីដែលលាក់នៅក្រោមពន្លឺដ៏ភ្លឺរបស់ព្រះអាទិត្យ ហើយមួយក្នុងចំណោមបីនោះមានអាចម៍ផ្កាយមួយមានទំហំធំ និងត្រូវបានចាត់ថ្នាក់ជាអាចម៍ផ្កាយមានគ្រោះថ្នាក់ ដែលអាចប៉ះពាល់ដល់ពិភពលោកនាពេលអនាគត។


កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ ការិយាល័យព័ត៌មានអន្តរជាតិ បានរាយការណ៍ថា ក្រុមតារាវិទូអន្តរជាតិបានរកឃើញ អាចម៍ផ្កាយជិតផែនដីចំនួន ៣ លាក់កំបាំងដោយមិនមាននរណាកត់សម្គាល់នៅក្រោមពន្លឺដ៏ភ្លឺរបស់ព្រះអាទិត្យឡើយ ហើយវាមានគន្លងរវាងផែនដី និងភពសុក្រ។

បន្ថែមពីនោះគេបានបញ្ជាក់ថាអាចម៍ផ្កាយមួយក្នុងចំណោមអាចម៍ផ្កាយជិតផែនដីចំនួនបីនោះ ត្រូវបានរកឃើញថាមានអាចម៍ផ្កាយមួយធំជាងគេមានឈ្មោះថាអាចម៍ផ្កាយ អេ ភី៧. ២០២២ (2022 AP7) វាមានអង្កត់ផ្ចិត ១.៥ គីឡូម៉ែត្រ (០.៩ mi) និងមានគន្លងដែលអាចបុកផែនដីនៅថ្ងៃណាមួយ ព្រោះវាពិបាកណាស់សម្រាប់អ្នកវិទ្យាសាស្ត្រក្នុងការដឹងថាពេលណាអាចម៍ផ្កាយ អេ ភី៧. ២០២២ (2022 AP7) នេះនឹងមកបុកផែនដី។ រហូតត្រូវបានគេចាត់ថ្នាក់ថាវាជាវត្ថុគ្រោះថ្នាក់ធំបំផុតសម្រាប់ពិភពលោក ដែលត្រូវបានរកឃើញក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ ឬចាប់តាំងពីឆ្នាំ ២០១៤មកម្លេះ ដូច្នេះហើយទើបគេហៅវាថាជា “ឃាតករភព” ។ មិនតែប៉ុណ្ណោះតាមសមត្ថភាពរបស់វានឹងអាចបំផ្លិចបំផ្លាញនៅទូទាំងទ្វីបជាច្រើន ប្រសិនបើវាអាចបុកជាមួយនឹងផែនដីនាពេលអនាគតខាងមុខ។

ក្នុងនោះសម្រាប់អាចម៍ផ្កាយពីរផ្សេងទៀតដែលត្រូវបានរកឃើញ គេបានដាក់ឈ្មោះថា អិល ជេ ៤. ២០២១ (2021 L J4) និង ភី អេក ២៧. ២០២១  (2021 PH27) ដោយអាចម៍ផ្កាយទាំងពីរនេះត្រូវបានចាត់ទុកថាមានវាសុវត្ថិភាពសម្រាប់ពិភពលោក ដោយសារតែមានគន្លងដ៏ឆ្ងាយពីផែនដី។

យ៉ាងណាមិញការរកឃើញអាចម៍ផ្កាយទាំងបីដែលបានលាក់នៅក្រោមពន្លឺដ៏ភ្លឺរបស់ព្រះអាទិត្យនេះ គឺក្រុមតារាវិទូអន្តរជាតិ បានប្រើកាមេរ៉ាថាមពលងងឹត ឌី អ៊ី ខែម (DECam) ដែលអាចរកឃើញវត្ថុតាមរយៈការឆ្លុះបញ្ចាំងពីព្រះអាទិត្យ ហើយវាត្រូវបានបំពាក់នៅលើតេឡេស្កុបប្រវែង ៤ ម៉ែត្រមានឈ្មោះ វិចទ័រ អិម ប្លែនកូ​ (Victor M. Blanco) នៅ សើរ៉ូ តូឡូឡូ អ៊ិនទ័រ អាមើរិខែន អ៊ុបសើវ៉ាទ័ររី (Cerro Tololo Inter-American Observatory) ក្នុងប្រទេសឈីលី៕ ប្រភព៖ Thairath