បរទេស៖ សាឡាងដឹកអ្នកដំណើរមួយគ្រឿងបានក្រឡាប់ក្នុងទន្លេនៅភាគខាងជើងបង់ក្លាដែស នេះបានបណ្តាលឲ្យ មនុស្សយ៉ាងហោចណាស់ ២៤ នាក់បានស្លាប់បាត់បង់ជីវិត និង រាប់សិបនាក់ទៀតកំពុងបាត់ខ្លួន។

កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២ មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថាមានសាឡាងដឹកអ្នកធម្មយាត្រាហិណ្ឌូចំនួនជាង ៧០ នាក់ដែលបានត្រឡប់មកពីពិធីសាសនានៅព្រះវិហារបរិសុទ្ធមួយកន្លែង។ ដែលពិធីនេះតែងធ្វើនៅចុងខែកញ្ញា ហើយអ្នកកាន់សាសនាហិណ្ឌូជាងមួយលាននាក់នៅក្នុងប្រទេសបង់ក្លាដែសនឹងតែងតែចូលរួមក្នុងពិធីសាសនាមុនពិធីបុណ្យ Durga Puja ដែលនឹងមកដល់ក្នុងខែតុលាខាងមុខ។

ប៉ុន្តែខណៈពេលកំពុងតែធ្វើដំណើរតាមសាឡាង ក៏មានឧបទ្ទវហេតុ សាឡាបានក្រឡាប់នៅកណ្តាលទន្លេ Karatua  នៅទីក្រុង panchagarh ភាគខាងជើងនៃប្រទេសបង់ក្លាដែស។ ក្នុងហេតុការណ៍នោះបានបណ្តាលឲ្យមនុស្សយ៉ាងតិច២៤នាក់បានស្លាប់ ដោយក្នុងនោះមានកុមារតូចៗ៨នាក់ និងស្ត្រី១២នាក់ ហើយប្រហែល៣០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ប៉ុន្តែចំនួនពិតប្រាកដមិនទាន់ត្រូវបានកំណត់នៅឡើយទេ។

ជាមួយគ្នានោះអ្នកដំណើរផ្សេងទៀតត្រូវបានគេរាយការណ៍ថាបានត្រឡប់ទៅឆ្នេរវិញដោយសុវត្ថិភាព។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមុជទឹកជួយសង្គ្រោះ និងអ្នកស្ម័គ្រចិត្តនៅតែធ្វើការស្វែងរកអ្នកដែលបានបាត់ខ្លួនបន្ថែមទៀត។

យ៉ាងណាមិញរហូតមកដល់ពេលនេះគេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៃការលិចសាឡាង នោះទេ ហើយអ្នកជំនាញកំពុងពន្លឿនការស៊ើបអង្កេតបន្ត។

គួរបញ្ជាក់ថា ប្រទេសបង់ក្លាដែសមានឧប្បត្តិហេតុសាឡាងលិចជាញឹកញាប់ បណ្តាលឲ្យមនុស្សរាប់រយនាក់បានស្លាប់ដោយសារគ្រោះថ្នាក់បែបនេះក្នុងមួយឆ្នាំៗ ដោយសារតែវាជាចរាចរណ៍ដ៏ពេញនិយមដែលមនុស្សប្រើប្រាស់ក្នុងប្រទេសនេះ ប៉ុន្តែស្តង់ដារសុវត្ថិភាព មិនមានភាពល្អគ្រប់គ្រាន់ក្នុងការដាក់ប្រើប្រាស់៕ ប្រភព៖ Thairath