ប្រទេសថៃ៖  កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍បានឱ្យដឹងថា វេជ្ជបណ្ឌិតចំនួន ១,៣៦៣ នាក់នៅទូទាំងប្រទេសថៃបានធ្វើសេចក្តីថ្លែងការណ៍រួមមួយអំពាវនាវ ដើម្បីឱ្យរដ្ឋាភិបាលបញ្ចប់ការប្រើប្រាស់កញ្ឆាដោយសេរីនៅក្នុងទីសាធារណៈជាបន្ទាន់។

ក្នុងប្រទេសថៃបន្ទាប់ពីបានអនុម័តដាក់កញ្ឆាឱ្យប្រើប្រាស់ស្របច្បាប់ដោយសេរីក្នុងប្រទេសហើយនោះ វាក៏បានបង្កជាបញ្ហាដល់ប្រទេសមួយនេះជាខ្លាំងដែលពិបាកគ្រប់គ្រង ជាលទ្ធផលក្នុងការប្រើប្រាស់ កញ្ឆាកម្សាន្តយ៉ាងទូលំទូលាយក្នុងសហគមន៍ ដែលវាឈានទៅរកការប្រើប្រាស់កញ្ឆាសូម្បីកុមារ និងក្រុមងាយរងគ្រោះជាច្រើនទៀត។ នេះផ្ទុយទៅនឹងហេតុផលនៃគោលនយោបាយកញ្ឆាសេរី ដែលរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធបានអះអាងថាចង់ឱ្យមនុស្សកាន់តែច្រើនមានលទ្ធភាពប្រើប្រាស់កញ្ឆាសម្រាប់ផ្នែកវេជ្ជសាស្រ្ត។

លើសពីនេះ ការប្រើប្រាស់កញ្ឆា មានភស្តុតាងវិទ្យាសាស្ត្រដ៏ជាក់លាក់បង្ហាញថា វាជះឥទ្ធិពលយ៉ាងខ្លាំងដល់ការលូតលាស់រាងកាយ និងខួរក្បាលចំពោះកុមារ និងមនុស្សវ័យជំទង់។ ដូច្នេះស្ថានភាពបច្ចុប្បន្នគឺជាការគំរាមកំហែងយ៉ាងពិតប្រាកដចំពោះប្រព័ន្ធសុខភាពសាធារណៈ ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែងបម្រាប់ប្រទេសថៃ។

ដូច្នេះហើយក្រុមគ្រូពេទ្យនៅទូទាំងប្រទេសថៃចំនួន ១,៣៦៣ នាក់ជាបុគ្គលិកពេទ្យ និងសុខភាពសាធារណៈនៅក្នុងប្រទេសថៃ ទទួលស្គាល់ភាពធ្ងន់ធ្ងរ នៃបញ្ហានេះ។ ទើបក្រុមគ្រូពេទទាំងនោះបានធ្វើសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីឱ្យរដ្ឋាភិបាលបញ្ចប់ការប្រើប្រាស់កញ្ឆាជាបន្ទាន់ ក៏ដូចជាបានជំរុញឲ្យរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធបិទសេរីភាវូបនីយកម្មកញ្ឆាជាបន្ទាន់ ពួកគេមិនគួររង់ចាំការអនុម័តច្បាប់ Cannabis និង Hemp ដែលនឹងមកដល់នាពេលអនាគតនោះទេ ព្រោះតែវាត្រូវចំណាយពេលយូរក្នុង ការពិចារណាលើច្បាប់ និង បទប្បញ្ញត្តិហើយការរង់ចាំនឹងបន្តបំផ្លាញជាតិជាធំ។

ដូច្នេះការគំរាមកំហែងសុខភាពសាធារណៈនេះគួរត្រូវបញ្ឈប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងដំណើរការដោយគិតគូរពីសុវត្តិភាពរបស់ប្រជាពលរដ្ឋ៕ ប្រភព៖ prachachat