បរទេស៖ ក្លាយជារឿងដ៏គួរចាប់អារម្មណ៍ក្រោយពីបុរសម្នាក់ដែលគេស្គាល់ជាអ្នកឡើងអាគារដ៏ល្បីល្បាញម្នាក់នៅក្នុងប្រទេសបារាំង បានប្រារព្ធខួបកំណើតគម្រប់ ៦០ ឆ្នាំរបស់គាត់ដោយការឡើងលើអគារកម្ពស់ ៤៨ ជាន់ក្នុងទីក្រុងប៉ារីស ដោយដៃទទេរបស់គាត់ គ្មានប្រើឧបករណ៍ការពារ។

កាលពីពេលថ្មីៗនេះមានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា បុរសចំណាស់ម្នាក់ដែលមានឈ្មោះថា ​ Alain Robert ហើយលោកក៏ត្រូវបានគេដាក់រហស្សនាមថា”French Spider-Man” ព្រោះតែលោកគឺជាអ្នកឡើងអាគារខ្ពស់ៗដ៏ល្បីល្បាញម្នាក់នៅបារាំង។

ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលនោះគឺលោក Alain Robert ក៏បានបញ្ចេញនូវជំនាញរបស់លោកក្នុងការឡើងអាគារ”Total Energy”ដែលមានកម្ពស់រហូតទៅដល់​ ៤៨ ​ជាន់ និង ១៨៧ ម៉ែតក្នុងទីក្រុងប៉ារីស ដោយដៃទទេ គ្មានប្រើខ្សែពួរ ឬ ឧបករណ៍ជំនួយការពារអ្វីទេ ដើម្បីប្រារព្ធខួបកំណើតគម្រប់ ៦០ ឆ្នាំរបស់គាត់។

ជាមួយគ្នានោះគាត់បាននិយាយបន្ទាប់ពីឡើងលើអគារថា “ខ្ញុំបានសន្យាជាមួយខ្លួនឯងកាលពីឆ្នាំមុនថានៅពេលខ្ញុំមានអាយុ ៦០ ឆ្នាំខ្ញុំនឹងឡើងអគារនោះម្តងទៀត ពីព្រោះអាយុ ៦០ គឺជាអាយុរបស់អ្នកចូលនិវត្តន៍នៅប្រទេសបារាំង។ ហើយខ្ញុំគិតថាវាជាការបកដ៏អស្ចារ្យ»។

គោលបំណងនៃការឡើងអាគារខ្ពស់របស់លោក Alain Robert នេះគឺដើម្បី់ផ្ញើសារទៅមនុស្សថាទោះអាយុ ៦០ គឺគ្រាន់តែជាតួលេខប៉ុណ្ណោះ ដោយវ័យនេះក៏អាចលេងកីឡាបានដែរ។

ទោះជាយ៉ាងណាការធ្វើសម្មភាពនេះ លោក Alain Robert គាត់ត្រូវបានប៉ូលិសចាប់ខ្លួនបន្ទាប់ពីឡើងដល់កំពូលនៃអាគារ។

គួររំលឹកផងដែរថា លោក Robert  គាត់កើតនៅភាគខាងត្បូងនៃប្រទេសបារាំង ហើយក៏បានចាប់ផ្តើមឡើងភ្នំដំបូងរបស់គាត់នៅឆ្នាំ ១៩៧៧ ដោយបានក្លាយជាអ្នកឡើងភ្នំកំពូល។

ចាប់តាំងពីពេលនោះមក គាត់បានចាប់ផ្តើមធ្វើការឡើងអគារ និងសំណង់ជាង ១៥០ នៅជុំវិញពិភពលោក ហើយត្រូវបានគេស្គាល់នៅជុំវិញពិភពលោកសម្រាប់សមត្ថភាពរបស់គាត់ក្នុងការឡើងអគារខ្ពស់ៗ ដោយដៃទទេរបស់គាត់។ រួមបញ្ចូលទាំងការឡើងទៅលើកំពូលអគារ Burj Khalifa ដែលជាអគារ ខ្ពស់ជាងគេក្នុងពិភពលោកនៅទីក្រុងឌូបៃ។

ក្នុងនោះលោក Robert ក៏ធ្លាប់បានឡើងអគារ “Total Energy” ពីមុនមកច្រើនដងហើយ ដោយគាត់បានចំណាយពេលប្រហែល ៦០ នាទីដើម្បីឡើងលើអាគារ។

ជារឿយៗលោក Robert ឡើងអគារដោយមិនជូនដំណឹងជាមុន ឬមិនទទួលបានការអនុញ្ញាតជាផ្លូវការ បណ្តាលឱ្យមានការចាប់ខ្លួនពីអាជ្ញាធរជាច្រើនដង៕ ប្រភព៖ Thairath