អន្តរជាតិ៖ រដ្ឋមន្រ្តីកសិកម្ម និងសហករថៃ នឹងជួបជាមួយរដ្ឋមន្រ្តីអភិវឌ្ឍជនបទ និងកសិកម្មវៀតណាមនៅខែតុលាខាងមុខ ជុំវិញការបង្កើនតម្លៃអង្ករ។ ថៃ និងវៀតណាម អាចដំឡើងថ្លៃអង្ករប្រមាណ ២០ភាគរយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី១៦ ខែកញ្ញា។

ថៃ និងវៀតណាម បានចរចាដំឡើងតម្លៃអង្ករជាច្រើនខែ ស្របពេលពិភពលោកកំពុងប្រឈមវិបត្តិស្បៀងអាហារ ដែលបង្កដោយសង្រ្គាមនៅអ៊ុយក្រែន។ នៅចុងខែសីហា ថៃ និងវៀតណាម បានឯកភាពលើកិច្ចសហប្រតិបត្តិការដំឡើងតម្លៃអង្ករនៅទីផ្សារសកល។

ក្រោយមានការឯកភាពខាងលើ រដ្ឋមន្រ្តីកសិកម្ម និងសហករថៃ លោក Chalermchai Sri-on នឹងធ្វើទស្សនកិច្ចនៅវៀតណាមរយៈពេលពីរថ្ងៃ ដោយផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែតុលា ដើម្បីជួបជាមួយ រដ្ឋមន្រ្តីអភិវឌ្ឍជនបទ និងកសិកម្មវៀតណាម លោក Le Minh Hoan ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីថៃ។

ក្នុងការដំឡើងថ្លៃអង្ករ ថៃដែលជាប្រទេសនាំចេញអង្ករច្រើនជាងគេលំដាប់ទីពីរ និងវៀតណាម ដែលនាំចេញអង្ករលំដាប់ទីបី អាចបង្កើនតម្លៃគ្រាប់ធញ្ញជាតិប្រភេទនេះប្រមាណ ២០ភាគរយ។ ការដំឡើងថ្លៃនេះ ធ្វើឡើងស្របពេលពិភពលោក កំពុងប្រឈមបញ្ហាសន្តិសុខស្បៀង និងមានអតិផរណាកើនខ្ពស់។

បើតាមមន្រ្តីថៃ ការបង្កើនតម្លៃអង្ករនេះ ធ្វើឡើងគឺដោយសារកសិកររបស់ខ្លួន មិនអាចទ្រទ្រង់សម្រាប់ការចំណាយខ្ពស់ ក្នុងការដាំស្រូវ ដោយសារតែតម្លៃជី ប្រេង និងសម្ភារផ្សេងទៀត កើនតម្លៃ។

ការដំឡើងតម្លៃអង្កររបស់ថៃ និងវៀតណាមបែបនេះ ធ្វើឡើងបន្ទាប់ពីឥណ្ឌា ដែលជាប្រទេសនាំអង្ករចេញលំដាប់ទី១ បានកំណត់ការនាំចេញគ្រាប់ធញ្ញជាតិចំនួន ២០ ភាគរយ ដើម្បីផ្គត់ផ្គង់ស្បៀងអាហារក្នុងស្រុក។

តាមទិន្នន័យទទួលបានពីអង្គការកសិកម្ម និងអាហាររបស់អង្គការសហប្រជាជាតិ (UN) នៅក្នុងឆ្នាំ២០២២ អង្កររបស់ថៃមានតម្លៃ ៤៤៦ដុល្លារក្នុងមួយតោន ដោយកើនប្រមាណ ៧ភាគរយ បើធៀបនឹងឆ្នាំមុន។ ចំណែកតម្លៃអង្កររបស់វៀតណាម បានកើនដល់ ៣៨៥ដុល្លារក្នុងមួយតោន។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១ ការនាំចេញអង្ករសរុបរបស់ពិភពលោកមានទំហំ ៥១,៦៣លានតោន ដោយឥណ្ឌាបាននាំចេញអង្ករក្នុងទំហំ ៤១ភាគរយ ខណៈវៀតណាម និងថៃ បាននាំចេញប្រមាណ ១២ភាគរយសម្រាប់ប្រទេសនីមួយៗ។ ចិន និងហ្វីលីពីន ជាទីផ្សារដ៏ធំ ក្នុងការទិញអង្ករ ៕