រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានព្រមានដល់សមភាគីចិន លោក ស៊ី ជិនពីង (Xi Jinping) អំពីការធ្វើឲ្យខូចខាត ដល់បរិយាកាសវិនិយោគ ប្រសិនបើក្រុងប៉េកាំង រំលោភបំពានលើទណ្ឌកម្ម ដាក់ដោយសម្ពន្ធមិត្តបស្ចិមលោក ប្រឆាំងនឹងរុស្ស៊ី ជុំវិញការឈ្លានពានរបស់ក្រុងមូស្គូ ទៅលើអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ មក។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ ថា គាត់បានព្រមានដល់សមភាគីចិន លោក ស៊ី ជិនពីង ប្រសិនបើមានការរំលោភបំពានដល់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់បស្ចិមលោក និង សម្ពន្ធមិត្ត ប្រឆាំងនឹងរុស្ស៊ី ជុំវិញសកម្មភាពយោធា របស់ខ្លួន ទៅលើប្រទេសអ៊ុយក្រែន។

នៅក្នុងការដកស្រង់បទសម្ភាសន៍ជាមួយបណ្ដាញទូរទស្សន៍ CBS ហើយត្រូវបានចាក់ផ្សាយ កាលពីថ្ងៃអាទិត្យ នោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា គាត់បានប្រាប់ដល់មេដឹកនាំចិន ថា ការរំលោភលើការដាក់ទណ្ឌកម្ម នឹងក្លាយជា «កំហុសដ៏ធំ»។ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញណាមួយ ចង្អុលបង្ហាញថា ប្រទេសចិន បានគាំទ្រយ៉ាងសកម្ម ដល់កិច្ចខិតខំប្រឹងប្រែង ជួយដល់សង្គ្រាមរបស់រុស្ស៊ី ជាមួយនឹងការលក់គ្រឿងសព្វាវុធនោះឡើយ។

ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «ខ្ញុំបានហៅទូរស័ព្ទ ទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដោយមិនបានគំរាមនោះទេ ប៉ុន្ដែខ្ញុំគ្រាន់តែនិយាយ ប្រាប់គាត់ ថា ប្រសិនបើអ្នកគិតថា ជនជាតិអាមេរិក និង បណ្ដាវិនិយោគិន មកពីប្រទេសជាសម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន នឹងបន្តវិនិយោគ នៅក្នុងប្រទេសចិន ដោយផ្អែកលើការរំលោភបំពានទណ្ឌកម្មរបស់អ្នក ត្រូវបានដាក់ប្រឆាំងនឹងរុស្ស៊ី នោះ ខ្ញុំគិតថា អ្នកកំពុងតែប្រព្រឹត្ដកំហុសយ៉ាងធ្ងន់បំផុត។ ប៉ុន្ដែរហូតមកដល់ពេលនេះ នៅមិនទាន់មានការចង្អុលបង្ហាញណាមួយ ថា ចិនបានលក់អាវុធ ឬសម្ភារផ្សេងៗទៀត តាមការចង់បាន ពីរុស្ស៊ី នោះឡើយ»។

ទោះជាយ៉ាងណា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ក៏បានទាត់ចោលនូវការឃើញ ថា សម្ពន្ធមិត្ត រវាងចិន និង រុស្ស៊ី មានន័យយ៉ាងប្រាកដ ថា សហរដ្ឋអាមេរិក កំពុងតែប្រយុទ្ធនឹងសង្គ្រាមត្រជាក់ថ្មី។ ប្រធានាធិបតី គិតថា សង្គ្រាមត្រជាក់សម័យថ្មីនេះ មានភាពស្មុគស្មាញជាងនេះទៅទៀត។

រុស្ស៊ី បានចូលលុកលុយ ទៅលើប្រទេសអ៊ុយក្រែន គាំទ្រដោយលោកខាងលិច កាលពីថ្ងៃទី២៤ កុម្ភៈ។ សកម្មភាពយោធារបស់ក្រុងមូស្គូ បាន និង កំពុងតែបន្ដបំផ្លិចបំផ្លាញ ដល់ទីក្រុងនានា និង ទីប្រជុំជនជាច្រើន នៅក្នុងប្រទេសជិតខាងមួយនេះ៕