ប្រទេសថៃ៖ កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២២ ​មានការបង្ហោះនូវរូបភាពក៏ដូចជាវិដេអូជាពិសេសព័ត៌មានផ្សេងៗជាច្រើនទាក់ទងនឹងគ្រោះទឹកជំនន់ដែលបានវាយប្រហារនៅក្នុងប្រទេសថៃ ក្នុងតំបន់រងគ្រោះធ្ងន់ធ្ងរមួយចំនួន ក្នុងនោះក៏មានការបង្ហោះពីទិដ្ឋភាពនៅក្នុងខេត្តរ៉ាក់ យ៉ង ដែលកំពុងតែរងគ្រោះខ្លាំងពីទឹកជំនន់ជន់លេចខ្លាំងរហូតដល់លិចលង់ផ្ទះសល់តែដំបូលហើយពលរដ្ឋខ្លះបានយកដំបូលផ្ទះធ្វើជាទីទួលសម្រាប់រួចរស់ពីទឹកហូរ និងទឹកជំនន់ថែមទៀតផង។

ពិតណាស់នៅក្នុងប្រទេសចាប់ផ្ដើមមានភ្លៀងធ្លាក់ខ្លាំង និងមានភ្លៀងធ្លាក់ជាប់ៗគ្នាមិនស្រាកស្រាននៅទូទាំងប្រទេស និងទីក្រុងបាងកកទាំងមូល ព្រមទាំងតំបន់ជុំវិញដោយសារតែសម្ពាធខ្ពស់ពីប្រទេសចិនបានពង្រីកមកគ្របដណ្តប់ បណ្តាលឱ្យមានខ្យល់មូសុងខ្លាំង បោកបក់ពាសពេញតំបន់ភាគកណ្តាល និងតំបន់ភាគឦសានខាងក្រោម។

ក្នុងនោះវាបានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ជាពិសេសនៅក្នុងខេត្តរ៉ាក់ យ៉ង ដែលមានទឹកជំនន់ជន់លិចយ៉ាងធ្ងន់ធ្ងររហូតមានជន់លិចផ្លូវ សាលារៀន និងផ្ទះសម្បែងប្រជាជនជាច្រើន ដែលមានផ្ទះខ្លះបានលិចនៅសល់តែដំបូលផ្ទះ សម្រាប់ឱ្យប្រជាជនបានឡើងធ្វើជាទីទួលមានសុវត្ថិភាពនាំសត្វចិញ្ចឹមដើម្បីគេចចេញពីកំលាំងទឹកហូរកួចយ៉ាងខ្លាំង។

យ៉ាងណាមិញយកដ្ឋានឧតុនិយមបានព្យាករណ៍ថា ព្យុះត្រូពិចពី ២ទៅ៣ អាចវាយប្រហារប្រទេសថៃ ហើយគេបាននិយាយ ថាប្រទេសថៃអាចនឹងទទួលបានភ្លៀងធ្លាក់ខ្លាំងបំផុតដែលមិនធ្លាប់មានក្នុងរយៈ ពេល ១០០ ឆ្នាំ៕